ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រៅពី “ដូងខ្ទិះបាត់ដំបង” មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នឹងបន្ថែមផលិតផលសំខាន់ៗចំនួន៤មុខថែមទៀត ក្នុងបញ្ជីម៉ាកសមូហភាព ក្នុងគោលបំណងលើកកម្ពស់ និងអភិរក្សចំណេះជំនាញរបស់ប្រជាកសិករក្នុងតំបន់ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តផ្ទាល់។

មានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា ផលិតផលចំនួន៤ ដែលគ្រោងបញ្ជូនចុះបញ្ជី ជាម៉ាកសមូហភាព មានដូចជា៖ អង្កថ្មគោល ធូរេនសំឡូត ម្រេចសំឡូត និងតាង៉ែនបាត់ដំបង ខណៈដែលបច្ចុប្បន្ននេះ ខេត្តកំពុងរៀបចំឲ្យមានការបោះឆ្នោតជ្រើសប្រធានសមាគមម្នាក់ ដើម្បីគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” ជាមុនសិន។

ទាក់ទិនគម្រោងបង្កើតសមាគមក្នុងខេត្តនេះឡើង លោកប្រធានមន្ទីរបានលើកឡើងបន្តថា ក្រោយបើកសិក្ខាសាលា ស្តីពីដូងខ្ទិះបាត់ដំបង កាលពីខែកុម្ភៈកន្លងទៅ ខេត្តបានជ្រើសរើសតំណាងចំនួន១៣នាក់រួចហើយ ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកឯកភ្នំ ៧នាក់ ស្រុកសង្កែ ៣នាក់ និងស្រុកបាណន់ ៣នាក់ ដោយរងចាំខាងក្រសួងចុះមកបោះឆ្នោត។ លោកឲ្យដឹងទៀតថា ពេលដែលក្រសួងជ្រើសរើសប្រធានសមាគមបាន ជាតំណាងស្របច្បាប់ ទើបបុគ្គលនោះដាក់ពាក្យសុំបញ្ជីម៉ាកបាន(មានអត្តសញ្ញាណប័ណ្ណ និងទីតាំងតំបន់អាជីវកម្ម…) ដើម្បីឈានដល់ការប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រជែងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ។


លោក គឹម ហួត បានរៀបរាប់ថា ដូងខ្ទិះបាត់ដំបង មានអាយុកាលដ៏យូរលង់ណាស់មកហើយ ដែលភាគច្រើនសំបូរក្នុងស្រុកចំនួន៣ខាងលើ សរុបមានចំនួនប្រមាណតែ ៥០០ដើមប៉ុណ្ណោះ។ ដូងខ្ទិះ ជាដូងដែលគេដាំក្នុងភូមិ មិនមែនជាចំការទេ ដោយផ្ទះខ្លះមានចំនួនតែ ៣ ឬ១០ដើម និងរហូតដល់ ៣០ដើម ក៏មានដែរ។ ដោយឡែក រយៈពេលប្រមូលផល គឺពី ៤ទៅ៦ខែ ហើយក្នុង១ធ្លាយ មានតែ ២ ទៅ៣ផ្លែ។ រីឯតម្លៃលក់នៅតាមទីផ្សារចន្លោះ ២ម៉ឺន ៥ពាន់ ដល់ ៣ម៉ឺន ៥ពាន់រៀល ក្នុង១ធ្លាយ។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា កាលពីពេលកន្លងទៅ បានមានប្រសាសន៍ថា ការកំណត់យកផលិតផល “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ដោយសារដូងខ្ទិះ ជាដំណាំដែលមានប្រវត្តិ និងអាយុកាលដាំដុះក្នុងភូមិសាស្រ្តខេត្ត និងជាផលិតផលកម្រនិងលំបាកក្នុងការដាំដុះ ដោយត្រូវការដីដែលមានជីវជាតិខ្លាំង ទើបអាចដាំដុះ និងប្រមូលផលបានល្អ។ ចំពោះលក្ខណៈពិសេសរបស់ដូងខ្ទិះបាត់ដំបង គឺមិនត្រូវបានគេយកទៅកោសរួចច្របាច់យកខ្ទិះដូចដូងធម្មតានោះទេ គឺពេលពុះវារួច ញុំាតែម្តង និងអាចយកទៅលាយជាមួយផ្លែឈើ ដើម្បីធ្វើជាបង្អែមបាន ដោយមានក្លិនក្រអូបឈ្ងុយជាប់មាត់ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសមូហភាពចំនួន ៣ធំៗគឺ៖ “គុយទាវភ្នំពេញ” ក្នុងរាជធានីភ្នំពេញ “អំបុកកំពង់ធំ” ក្នុងខេត្តកំពង់ធំ និង “អង្ករព្រះវិហារ” ក្នុងខេត្តព្រះវិហារ និងក្រសួងគ្រោងនឹងចុះបញ្ជីម៉ាកសមូហភាព ៤បន្ថែមទៀត រួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” ក្នុងឃុំកំពង់លួង និងឃុំកោះចិន ខេត្តកណ្តាល “ក្រូចពោធិ៍សាត់” ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង “នំបញ្ចុកសៀមរាប” ក្នុងខេត្តសៀមរាប និង “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង៕srn