ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបាននឹងកំពុងសម្រុកបន្តជួសជុល ថែទាំនារដូវប្រាំងនេះ លើកំណាត់ផ្លូវជាតិលេខ៥៦ ដែលរងការបំផ្លាញដោយរថយន្តដឹកដីនិងទ្រុឌទ្រោមដោយទឹកជំនន់កន្លងមក ពីចំណុចខ្លោងទ្វារវត្តកងវ៉ាមុខនគរបាលក្រុងសិរីសោភ័ណក្នុងភូមិកងវ៉ាមកភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី០៩ខែមីនាថា: កំណាត់ផ្លូវជាតិលេខ៥៦ ប្រវែងជាង៤.០០០ម៉ែត្រនេះ នៅទីតាំងខាងលើនេះ បានរងការខូចខាតយ៉ាងដំណំ ពីរថយន្តដឹកដីដែលចែញពីម្តុំខាងជើងភ្នំកងវ៉ាផង ដោយសារគ្រោះធម្មជាតិទឹកជំនន់កាលពីរដូវវស្សាផង ដោយសារចិញ្ចើមផ្លូវពុំមានប្រឡាយឬលូបង្ហូរទឹកសមស្របផង។ប៉ុន្តែធ្ងន់ធ្ងជាងគេគឺរថយន្តដឹកដី ដែលគន្លងផ្លូវខាងលិចពីផ្លូវបំបែកចុះផ្លូវជាតិនេះមកដល់មុខនគរបាលនិងសាលាក្រុងត្រូវបានស្រុត ,ប្រេះបែកនិងជ្រាយខូចខាតខ្លាំង ហេតុនេះ ក្រុមការងារមន្ទីរត្រូវកាយដីស្អុយនិងថ្មគ្រឹះផ្លូវចេញ ហើយចាក់ដីនិងកំទេចថ្មថ្មី កៀរកិនបង្ហាប់ធ្វើគ្រឹះឡើងវិញអោយរឹងមាំ ។
ពោលគឺសកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យពីចុងខែកុម្ភៈដល់ថ្ងៃទី០៩ខែមីនា:ឆ្នាំ២០២២ នេះមិនទាន់រួចរាល់នៅឡើយ ។
លោកបានបន្តថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យក៏បាននឹងបន្តការងារថែទាំផ្លូវខេត្តលេខ១៥៩C ចន្លោះពីគម ៤+០០០ ដល់ គម ៥+០០០ ។ ជួសជុលគ្រឹះផ្លូវ ដោយប្រើស៊ីម៉ង់ត៍ ថ្មម៉ិច ស្ថិតនៅស្រុកមង្គលបូរី។ បន្តការងារសាងសង់ទីលានចតយានយន្តដឹកទំនិញ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ។
បន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីគម ៣+៥០០ ដល់គម ៣+៨០០ ដោយស្រោចកៅស៊ូបាចថ្មមួយជាន់ ស្ថិតនៅក្រុងប៉ោយប៉ែត និងថែទាំផ្លូវខេត្តលេខ២៥៦៣ ចន្លោះពីគម ២២+០០០ ដល់ គម ២៣+០០០ ជួសជុល ស្រទាប់គ្រឹះឡើងវិញ ដោយប្រើស៊ីម៉ង់ត៍ ថ្មម៉ិច ស្ថិតនៅស្រុកថ្មពួក៕