ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទស៊េរី 5G នៃ iPhone SE និង iPad Air ស៊េរីទាបរបស់ខ្លួន ក៏ដូចជាកុំព្យូទ័រលើតុ Mac ដែលបានរចនាឡើងវិញ និងប្រព័ន្ធដំណើរការថ្មី ដោយចាប់ផ្តើមនូវអ្វីដែលទំនងជាឆ្នាំដ៏ធំបំផុតរបស់ខ្លួនសម្រាប់ការចេញផលិតផលថ្មី។
ក្រុមហ៊ុន Apple បានបង្ហាញឧបករណ៍ទាំងនេះក្នុងអំឡុងព្រឹត្តិការណ៍តាមអនឡាញមួយកាលពីថ្ងៃអង្គារ ទី០៨ មីនា ដែលខ្លួនហៅថា Peek Performance។ នាយកប្រតិបត្តិលោក ធីម ឃុគ ក៏បានប្រកាសអំពីផែនការនាំយកការប្រកួត Major League Baseball ទៅកាន់សេវាកម្មផ្សាយតាម TV+ របស់ក្រុមហ៊ុនផងដែរ។
ការបង្ហាញនេះរួមមានបន្ទះឈីប Apple ថ្មីដែលមានឈ្មោះថា M1 Ultra ដែលក្រុមហ៊ុនហៅថាជាបន្ទះឈីបកុំព្យូទ័រផ្ទាល់ខ្លួនដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មាន។ផលិតផលនេះគឺជាផ្នែកមួយនៃការងាកចេញជាច្រើនឆ្នាំរបស់ក្រុមហ៊ុន Apple ពីការប្រើប្រាស់ប្រព័ន្ធដំណើរការរបស់ Intel ដើម្បីមកប្រើរបស់ខ្លួនឯងវិញ។
កុំព្យូទ័រលើតុថ្មីដែលមានឈ្មោះថា Mac Studio គឺបំពាក់មកជាមួយបន្ទះឈីប M1 Ultra និងមានគោលបំណងសម្រាប់អ្នកបង្កើតកម្មវិធី អ្នកកែរូបថត និងអ្នកបង្កើតវីដេអូ។ ក្រុមហ៊ុន Apple ក៏បានបង្ហាញអេក្រង់ម៉ូនីទ័រដាច់ដោយឡែកផងដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងតិចជាង ១ ភាគរយគឺត្រឹម ១៦០,៥០ ដុល្លារអាម៉េរិក នៅម៉ោង ១៖៣២ រសៀលនៅទីក្រុងញូវយ៉ក។ ភាគហ៊ុនបានធ្លាក់ចុះប្រហែល ១០ ភាគរយនៅឆ្នាំនេះ ស្របតាមការធ្លាក់ចុះដ៏ទូលំទូលាយ។
ព្រឹត្តិការណ៍នេះគឺជាលើកទីមួយនៃអ្វីដែលគេរំពឹងថានឹងមានការចេញលក់ផលិតផលជាច្រើននៅឆ្នាំនេះ ដោយក្រុមហ៊ុន Apple ក៏បានត្រៀមចេញនូវកុំព្យូទ័រ Mac និង iPad បន្ថែមទៀតព្រមទាំង iPhone 14 និងនាឡិកាឆ្លាតវៃថ្មីៗផងដែរ។ ហើយក្រុមហ៊ុនអាចនឹងបង្ហាញវ៉ែនតា VR ដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ៕
ទូរស័ព្ទ5Gស៊េរីiPhone SEតំលៃជាង៤០០ដុល្លាររបស់Apple
iPad Air ស៊េរីទាបត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ