ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនមានចំណែក ២៩ ភាគរយនៃការនាំចេញស្រូវសាលីជាសកល ប៉ុន្តែដោយសារជម្លោះរវាងពួកគេកាន់តែតានតឹងឡើងការផ្គត់ផ្គង់អាចនឹងត្រូវធ្លាក់លើឥណ្ឌា ដែលជាប្រទេសផលិតស្រូវសាលីធំទីពីររបស់ពិភពលោក។
ប្រទេសមួយចំនួនធំដែលនាំចូលស្រូវសាលីដូចជាហ្វីលីពីន អេហ្ស៊ីប ម៉ារ៉ុក និងលីបង់ កំពុងស្វែងរកការជំនួសការនាំចេញរបស់រុស្ស៊ីនិងអ៊ុយក្រែនដែលឥឡូវនេះការផ្គត់ផ្គង់ស្រូវសាលីត្រូវបានជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន ហើយការដាក់ទណ្ឌកម្មបានធ្វើឱ្យប្រទេសនានាពិបាកទិញពីរុស្ស៊ី។
អង្គការស្បៀងអាហារនិងកសិកម្មបានរកឃើញថា នៅឆ្នាំ២០២០ ប្រទេសលីបង់បានប្រើប្រាស់ស្រូវសាលីនាំចូលពីអ៊ុយក្រែន ៨១ ភាគរយ និង ១៥ ភាគរយពីរុស្ស៊ី។ អេហ្ស៊ីបបានទិញស្រូវសាលី ៦០ភាគរយពីរុស្ស៊ី និង២៥ ភាគរយពីអ៊ុយក្រែន។ ហើយប្រហែល ៦៦ ភាគរយនៃការនាំចូលស្រូវសាលីរបស់តួកគីគឺបានមកពីប្រទេសរុស្ស៊ី និង១០ភាគរយពីអ៊ុយក្រែន។
សូម្បីមុនពេលមានសង្គ្រាមនៅអ៊ុយក្រែន ក៏ឥណ្ឌាបានខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់ដើម្បីពង្រីកការនាំចេញស្រូវសាលីរបស់ខ្លួនរួចជាស្រេចទៅហើយ។
រដ្ឋមន្ត្រីស្បៀងអាហារឥណ្ឌា លោក ស៊ូហានស៊ូ ផានឌី (Sudhanshu Pandey)បាននិយាយថា ការនាំចេញស្រូវសាលីសរុបពីប្រទេសឥណ្ឌាបានកើនឡើងដល់ ៦,៦ លានតោនចាប់តាំងពីខែតុលា នៅពេលដែលរដូវកាលបច្ចុប្បន្នបានចាប់ផ្តើម ហើយអាចឡើងដល់៧លានតោនត្រឹមខែមេសា។
ឥណ្ឌាផលិតស្រូវសាលីប្រហែល ១០៨ លានតោនក្នុងមួយឆ្នាំ ដែលសឹងតែស្មើ ១៤ ភាគរយនៃទិន្នផលសរុបនៅក្រៅប្រទេស ប៉ុន្តែភាគច្រើននៃស្រូវសាលីទាំងនេះត្រូវបានប្រើប្រាស់តែក្នុងស្រុកប៉ុណ្ណោះ៕
ឥណ្ឌារំពឹងនាំចេញស្រូវសាលី ៧ លានតោននៅត្រឹមខែមេសា