ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ ផឹកសុីស្រវឹង ដកកាំភ្លើងលេងរាលកៃ ចំបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១១និង២៥នាទី យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ (វរៈ២០១)។
មុនកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ត្រូវជាមិត្ត ភក្កិនឹងជនសង្ស័យ) បានមក កម្មវិធីខួបកំណើតគេ ជាមួយគ្នានៅភូមិ ឃុំ កើតហេតុខាងលើ និងបានផឹកសុ ីនិយាយគ្នាលេង រហូតដល់ស្រវឹង។
ប្រភពដដែល បានបន្តថាៈ នៅពេលនោះ ជនសង្ស័យ បានដកកាំភ្លើងចេញមកលេង ស្រាប់តែកាំភ្លើង រាលកៃ ត្រូវជនរងគ្រោះ ចំបំពង់ ក ធ្លាយដល់ក្បាល បណ្តាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យ ខាងលើ បានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយជនរងគ្រោះ ក៏បានស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាល ខណ្ឌបឹងកេងកង ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕/V