ដោយៈ សុផានីតា / កោះកុងៈ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តកោះកុង អះអាងថា ថ្វីដ្បិតកម្លាំងនគរបាលជានារី ពុំមានកម្លាំងកាយ ខ្លាំងជាងបុរស ក៏ពិតប្រាកដ ប៉ុន្តែខាងផ្នែកស្មារតីប្រាជ្ញា សុទ្ធតែឆ្លាតវៃមុតមាំ ដូចនឹងបុរសដែរ។ ការលើកឡើងយ៉ាងដូច្នេះ របស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្តកោះកុង នៅពេលនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ចំថ្ងៃអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី១១១។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្ថែមថាៈ កម្លាំងនគរបាល ជានារីៗ ដែលទើបតែចូល បម្រើការងារ នៅក្នុងខេត្ត គឺសុទ្ធតែទទូលបានការបណ្តុះ បណ្តាលជំនាញ យុទ្ធវិធីការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ សំខាន់ដែលអញ្ជើញ បេសកកម្ម ក្នុងកម្មវិធីតូចធំ ទាំងអស់ ដោយឥតរុញរានោះទេ។ ត្បិតពួកគេជានារីក៏ពិតប្រាកដ ប៉ុន្តែស្មារតី ប្រាជ្ញាឆ្លាតវៃមុតមាំដូចនឹងបុរសដែរ។ ទោះយ៉ាងណា លោកក៏ស្នើ សុំដល់កម្លាំង នគរបាល ជានារីវ័យក្មេង បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីឈានដល់សម្រេច គោលដៅ ដែលខ្លួនពេញចិត្តទៅថ្ងៃមុខ។
បើតាមលោកស្នងការនគរបាលខេត្តកោះកុង សព្វថ្ងៃ កម្លាំងនគរបាលនារី បែងចែកជា ២ ផ្នែក រួមមានៈ ទី១-កម្លាំងនគរបាលស្ត្រីវ័យចំណាស់ ែណនាំ ដល់ពួកគាត់ ជួយពង្រឹងនូវវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងបរិវេណស្នងការដ្ឋាននគរបាល និងជុំវិញមូលដ្ឋាន រស់នៅ។ ទី២-កម្លាំងនគរបាលជានារីវ័យក្មេង ត្រូវបានចូលអប់រំបណ្តុះបណ្តាល ផ្នែកយុទ្ធវិធីការពារ សិក្សាជំនាញបច្ចេកវិទ្យា និងផ្នែករដ្ឋបាលជំនាញផ្សេងៗ ដើម្បីពង្រឹង សមត្ថភាពបន្ថែម មុននឹងចូលបម្រើការងារ នៅតាមការិយាល័យនានា។
គួរជម្រាបដែរថា សព្វថ្ងៃ ស្នងការដ្ឋានខេត្តកោះកុង មានកម្លាំងនគរបាល ជាស្ត្រីប្រមាណជិត ៧០ នាក់ ដែលកំពុងបំពេញកិច្ចការងារ តាមការិយាល័យ ជំនាញរៀងៗខ្លួន ដោយមិនរាប់ បញ្ចូល កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹក ឬផែនអន្តោប្រវេសន៍នោះទេ។
លោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរងនគរបាលខេត្ត បានឱ្យដឹងថាៈ ដំណើរការ យ៉ាងសកម្មរបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី គណៈកម្មាធិការ ជាតិ លើកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជា យន្តការបញ្ជ្រាប យេនឌ័រ នៅគ្រប់កម្រិតគ្រប់វិស័យ បាននឹងកំពុងរួមចំណែកដ៏សំខាន់ ក្នុងការ លើកកម្ពស់ ស្ថានភាពសិទ្ធិ ឋានៈតួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ ល្អផូរផង់របស់កម្ពុជា។
លោកស្រី បានថ្លែងបន្ថែមថាៈ រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីស្ត្រី គឺបានប្រឹងប្រែងជំរុញ លើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ត្រីបានទទួលនូវ កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការកែប្រែ ឥរិយាបថសង្គម ឱ្យទទួលស្គាល់ ព្រមទាំងចាត់ទុកស្ត្រី ជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួសារ សង្គម និងវិស័យកងកម្លាំង ប្រដាប់អាវុធជាដើម៕/V-PC