ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អតីតប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា មិនអាចដោះស្រាយ ៥ចំនុច តែម្ដងបានទេ ត្រូវចាប់ផ្តើមពីចំនុចទី១ រហូតដល់ ៥ ដូចនេះហើយបានជា សម្ដេចអគ្គមហាសេនាបតីតេជោ ធ្វើទស្សនកិច្ចនៅ មីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានការឈប់បាញ់សិន បានបន្តអនុវត្តចំនុចផ្សេងៗទៀតនៃ ៥ចំនុច កុងសង់ស៊ុស។ សម្ដេចតេជោ ហ៊ុន សែន បានទៅទស្សនកិច្ចការងារជាមួយរដ្ឋាភិបាលស្នើអោយមានការចរចាដោយផ្ទាល់ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននឹងខិតខំជួយដោះស្រាយបញ្ហារបស់មីយ៉ានម៉ាឈរលើគោលការណ៍កុងសង់ស៊ុស 5PC របស់អាស៊ាន

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីដេវីយ៉ានី ខូប្រាហ្កាដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
នៅក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាននិយាយអំពីសមុទ្រចិនខាងត្បូងផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ជាការទាមទារអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះជាមួយចិន ដូចនេះត្រូវតែដោះស្រាយផ្ទាល់រវាងប្រទេសទាក់ទងនឹងបញ្ហានេះ។ ឯកឧត្តម ក៏បានរំលឹកអំពី DOC ដែលរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ បានចុះហត្ថលេខាជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីជៀសវាងទំនាស់នៅសមុទ្រចិនខាងត្បូង។ DOC នេះអាចទុកថាជាឯកសារប្រវត្តិសាស្រ្តទំនាក់ទំនងអាស៊ាន-ចិន ដែលបានចុះហត្ថលេខាជាមួយចិន ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ ជាលើកទី១។ នៅគ្រប់ការចរចា ២០ឆ្នំាមកហើយ ២០០២-២០២២ ភាគីទាក់ទងទំាងអស់នៅតែទាមទារការអនុវត្ត DOC ឱ្យបានពេញលេញ។

អំពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រមុខការទូតកម្ពុជាបានរំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាច្រើនដងហើយនូវទស្សនៈ និងគោលជំហររបស់កម្ពុជា ហើយថា ចំាបាច់ឱ្យមានការឈប់បាញ់ ដើម្បីរក្សាបាននូវឯករាជ្យបូរណភាព និងអធិបតេយ្យភាព អ៊ុយក្រែន ព្រមទាំងការព្រួយបារម្ភអំពីសន្តិសុខរបស់ រុស្ស៊ី។

លោកបានបង្ហាញថា ប្រទេសលោកខាងលិចគួរតែលើកទឹកចិត្តជំរុញឱ្យមានការឈប់បាញ់ ការចរចា រុស្ស៊ី-អ៊ុយក្រែន ឱ្យបានជោគជ័យ និងជៀសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើង ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។ ឯកឧត្តម បានលើកឡើងថា តាមការពិតសង្រ្គាមនេះជាសង្រ្គាមរវាង NATO – អឺរ៉ុប-អាមេរិក និងរុស្ស៊ី តាមរយៈអ៊ុយក្រែន។

និយាយពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាបានវាយតម្លៃខ្ពស់ អំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយយល់ស្របជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា បញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយទំាង ៥ចំនុច ជាបន្ទាន់ភ្លាមៗបានទេ គឺត្រូវធ្វើមួយជំហានម្ដង មួយជំហានម្ដង។

ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ឯកអគ្គរដ្ឋទូតបានចោទជាសំណួរថា តើចិនពិតជាចង់បាន COC ពិតមែនឬទេ?។

អំពីសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ឯកអគ្គរដ្ឋទូតឥណ្ឌាបានលើកឡើងថា នាយករដ្ឋមន្រ្តីឥណ្ឌាបានទូរស័ព្ទទៅដោយផ្ទាល់ពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ស្នើឱ្យមានការចរចាដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនេះ។ ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក QUAD ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕