ដោយ:មុនីរ័ត្ន/ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញ។

សមាសភាពចូលរួមកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ មានដូចជា :រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអគ្គស្នងការនគរបាលជាតិ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានសាលាដំបូងរាជធានីភ្នំពេញភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង បានដឹកនាំដើម្បីស្តាប់របាយការណ៍អំពីការវិវឌ្ឍន៍បាតុកម្មនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានពិភាក្សាគ្នាដើម្បីបន្តនីតិវិធីសម្រាប់ការដោះស្រាយ និងប្រមូលផ្តុំទៅលើការបន្តពិភាក្សាចរចាដោះស្រាយបញ្ហានេះ ដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាធរមាន។

នៅក្នុង កិច្ចប្រជុំសម្តេចក្រឡាហោម ស ខេង បានដាក់ផែនការឲ្យខិតខំដោះស្រាយបញ្ហាវិវាទឲ្យឆាប់ចប់ កុំឲ្យអូសបន្លាយ និងឲ្យកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យជាសះគ្នា។
យោងតាមប្រភពមន្រ្តីចូលរួមបានប្រាប់រស្មីកម្ពុជាក្នុងចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៦០នាក់ មានចំនួន ១៣៦នាក់បានទទួលការទូទាត់ពីក្រុមហ៊ុន៕សរន