ដោយៈ​ចាន់តូ​/​ភ្នំពេញ៖ បុរស​ពីរ​នាក់​ត្រូវបាន​គេប្រទះឃើញដេកស្លាប់​ក្នុង​រថយន្ត​និង​នារី​ពីរ​នាក់​ទៀត​សន្លប់​ស្តូកស្តឹង​កាលពី​ល្ងាចថ្ងៃ​ទី ៩ ខែមីនានៅ​ផ្ទះ​គ្មាន​លេខក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​សពបុរសទាំងពីរឈ្មោះ ចំរើន ឆៃ​យ៉ា ហៅ​ដូច អាយុ​២៧ឆ្នាំ មុខរបររត់​ឡាន​តាកស៊ី​ ស្នាក់​នៅផ្ទះ​កន្លែងកើតហេតុ​ខាងលើ​និង ឈ្មោះ ឡូ​វ ឆាយ​ហុង អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​​ស្នាក់​នៅផ្ទះ​លេខ​61 ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកនារីពីរនាក់ទៀតមិន​ស្គាល់​អត្តសញ្ញាណ​ទេដោយសារសន្លប់លែងដឹងខ្លួន។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែមទៀតថា​មុនពេល​កើតហេតុ​អ្នកជិតខាង​ឆ្ងល់​ហេតុអ្វី​ជនរងគ្រោះ​បញ្ឆេះឡាន​ចោល​យូ​រម៉្លេះហៅ​មិន​ឆ្លើយ។ ដោយសង្ស័យ​ក៏ទូរស័ព្ទ​ប្រាប់​ម្ដាយ​ឲ្យ​មក​មើល។ ពេល​ម្ដាយមកដល់​ចាក់សោ​ទ្វា​រផ្ទះចូលមកមើល​ស្រាប់តែ​ឃើញ​កូនប្រុស​របស់គាត់​ស្លាប់​ក្នុង​រថយន្ត រួច​ទាំង​មនុស្ស​ស្រី​ពីរនាក់​ទៀត​នៅជាមួយគ្នា​សន្លប់​ក្នុង​រថយន្តហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM.2178 ពណ៌ទឹកប្រាក់។ នារីទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ។

​សមត្ថកិច្ច​សន្និដ្ឋាន​ថា តាម​ការពិនិត្យ​និង​វិភាគ ជុំវិញ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យរបស់​កំលាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនិងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺបុរសទាំងពីរ​ ស្លាប់​បណ្ដា​ល​មកពី​(​គាំងបេះដូង​) អាច​បណ្ដាលមកពី​ប្រើប្រាស់​សារធាតុ​ញៀន​លើស​កម្រិត​ដោយ​ក្នុង​រថយន្ត​បន្សល់ទុក​នូវ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​មួយកញ្ចប់​(​សង្ស័យ​សារធាតុ​ញៀន​) ។​សមត្ថកិច្ចកំពុងបន្តករណីនេះតាមនីតិវិធី៕សរន