ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី៩មីនាបានបដិសេធការចោទប្រកាន់ជាថ្មីរបស់រុស្ស៊ីដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដំណើរការមន្ទីរពិសោធន៍សង្គ្រាមជីវសាស្ត្ររាប់សិបនៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅការអះអាងនេះថា«គួរអោយចង់សើច»និងថារដ្ឋាភិបាលក្រុងមូស្គូអាចលើកឡើងដូច្នេះដើម្បីជាមូលដ្ឋានសំរាប់ខ្លួនឯងប្រើសព្វាវុធគីមីឬជីវសាស្ត្រ។
កាលពីយប់ថ្ងៃអង្គារ រុស្ស៊ីបានធ្វើការចោទប្រកាន់ជាថ្មីថា អាម៉េរិកបាននិងកំពុងធ្វើការជាមួយមន្ទីរពិសោធន៍អ៊ុយក្រែនដើម្បីអភិវឌ្ឍសព្វាវុធជីវសាស្ត្រ។ការអះអាងដូច្នេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាន់តែមានចំនួនច្រើនឡើងនៅមុនយោធារុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែមុន និងកាលពីថ្ងៃពុធអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ម៉ារីយ៉ា ហ្សេការ៉ូវ៉ា(Maria Zakharova)បានអះអាងវាជាថ្មី។
តែអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកចន កឺប៊ី( John Kirby)បាននិយាយកាលពីថ្ងៃពុធថា «ការចោទប្រកាន់របស់រុស្ស៊ីមិនសមហេតុផល។វាគួរអោយចង់សើច…។វាគ្មានអ្វីសោះ វាជាការឃោសនារបស់រុស្ស៊ីតាំងពីបុរាណមក»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកណេត ប្រាយស៍(Ned Price)បាននិយាយថា រុស្ស៊ី«កំពុងប្រឌិតលេសក្លែងក្លាយក្នុងការប៉ុនប៉ងធ្វើអោយអំពើគួរអោយខ្លាចរបស់ខ្លួននៅអ៊ុយក្រែនទៅជាត្រឹមត្រូវ»។ចំណែកលេខាព័ត៌មានសេតវិមាន ជេន សាគី(Jen Psaki)បានសរសេរបង្ហោះថា«គឺរុស្ស៊ីល្បីយូរមកហើយខាងប្រើសព្វាវុធគីមី រួមទាំងការប៉ុនប៉ងធ្វើឃាតនិងបំពុលគូសត្រូវរបស់ពូទីន ដូចជាលោក អាឡេស៊ី ណាវ៉ាល់នី(Alexey Navalny)»។
នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីស្ថានទូតរុស្ស៊ីប្រចាំក្រុងវ៉ាស៊ីនតោននៅឡើយទេចំពោះការលើកឡើងរបស់អាម៉េរិកកាលពីថ្ងៃពុធ។តែកន្លងមកបានបដិសេធថាខ្លួនមិនបានវាយប្រហារលើសកម្មជនប្រឆាំងណាវ៉ាល់នី ទេ។
កាលពីថ្ងៃពុធអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីមានឯកសារបង្ហាញថា ក្រសួងសុខាភិបាលអ៊ុយក្រែនបានបញ្ជាអោយបំផ្លាញសំណាកនៃជំងឺប៉េស្តិ៍ អាសន្នរោគ មេរោគអង់ត្រាក់និងជំងឺឆ្លងដទៃទៀតមុនថ្ងៃ២៤កុម្ភៈ នៅមុនពេលកងកម្លាំងរុស្ស៊ីវាយលុកចូល៕
ក្រសួងការបរទេសរុស្ស៊ី សុំអោយអាម៉េរិកពន្យល់បកស្រាយចំពោះសហគមន៍អន្តរជាតិអំពីបំណងនៃការបង្កើតមន្ទីរពិសោធន៍ជីវសាស្ត្រជាច្រើនកន្លែងនៅអ៊ុយក្រែន តែអាម៉េរិកថាជាការប្រឌិតនិងជារឿងគួរអស់សំណើច