ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក យូន ស៊ុកយ៉ូល (Yoon Suk-yeol) ដែលជាអ្នកអភិរក្សនិយមរបស់គណបក្សប្រឆាំងបានឈ្នះការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១០មីនា ដោយរុញឱ្យអ្នកនយោបាយថ្មីថ្មោងឡើងមកដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី។
បន្ទាប់ពីយុទ្ធនាការបោះឆ្នោតដ៏ជូរចត់និងដ៏លំបាក លោកយូន អតីតរដ្ឋអាជ្ញាកំពូលត្រូវបានប្រកាសជាអ្នកឈ្នះ ខណៈគូប្រជែង លោក លី ជែម្យុង (Lee Jae-myung)មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បានទទួលស្គាល់បរាជ័យ។
លោកយូនបានប្រាប់អ្នកគាំទ្រដែលកំពុងស្រែកឈ្មោះរបស់គាត់នៅរដ្ឋសភារបស់ប្រទេសនេះថា “នេះជាជ័យជម្នះរបស់ប្រជាជនកូរ៉េខាងត្បូងដ៏អស្ចារ្យ”។
គម្លាតជ័យជម្នះរបស់គាត់គឺស្តួចស្តើងទេ។ លោកយូនមានសំឡេងគាំទ្រ ៤៨,៥៦ ភាគរយទល់នឹង ៤៧,៨៣ ភាគរយរបស់លោកលី នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង។
ទោះបីជាយុទ្ធនាការបោះឆ្នោតបានគ្របដណ្តប់ដោយរឿងអាក្រក់ៗរវាងលោកយូននិងលោកលីក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកទៅបោះឆ្នោតមានរហូតដល់ទៅ ៧៧,១ ភាគរយរួមទាំងការចេញទៅបោះឆ្នោតមុនកាលកំណត់ដ៏ច្រើនមិនធ្លាប់មានពីមុនមក ដោយឥឡូវពួកគេមានការចាប់អារម្មណ៍កាន់តែខ្លាំងហើយគោលនយោបាយមានភាពលេចធ្លោនៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៥២ លាននាក់។
គណបក្សទាំងពីរមានមនោគមវិជ្ជាផ្ទុយស្រឡះដាច់ពីគ្នា ហើយជ័យជម្នះរបស់លោកយូនទំនងមើលទៅនឹងឈានទៅរករបបអភិរក្សខាងសារពើពន្ធកាន់តែខ្លាំងបំផុតបន្ទាប់ពីស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីសេរីនិយម លោកមូន ជែអ៊ីនរយៈពេល៥ឆ្នាំ។
វាក៏ជាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់គណបក្សអំណាចប្រជាជនផងដែរ ដែលជាគណបក្សប្រឆាំងដែលមានភាពច្របូកច្របល់កាលពីឆ្នាំ ២០១៧ បន្ទាប់ពីប្រធានាធិបតីរបស់ពួកគេគឺលោកស្រី ផាក គុនហេ (Park Geun-hye) ត្រូវបានចោទប្រកាន់។
ក្រុមអ្នកវិភាគបាននិយាយថា វាអាចចាប់ផ្តើមឡើងវិញនូវ “វដ្តនៃការសងសឹក” នៅក្នុងនយោបាយគូបដិបក្ខដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងទីដែលប្រធានាធិបតីជាប់ឆ្នោតបម្រើការតែមួយអាណត្តិរយៈពេល៥ឆ្នាំ ហើយអតីតមេដឹកនាំដែលនៅរស់ទាំងអស់ត្រូវជាប់គុកពីបទពុករលួយបន្ទាប់ពីចេញពីតំណែង។
នៅលើផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត លោកយូនបានគំរាមស៊ើបអង្កេតប្រធានាធិបតីមូន ជែអ៊ីន ដែលត្រៀមចាកចេញពីតំណែង ដោយលើកឡើងពី “ភាពមិនប្រក្រតី” ដែលមិនបានបញ្ជាក់។
ប៉ុន្តែនៅក្នុងសុន្ទរកថាជ័យជម្នះរបស់គាត់ គាត់បានបញ្ចេញសំឡេងផ្សះផ្សាជាងមុន ដោយប្រាប់ប្រទេសបន្ទាប់ពីការប្រណាំងប្រជែងដ៏បែកបាក់គ្នាថា “ការប្រកួតបានចប់ហើយ ហើយអ្នកទាំងអស់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាដើម្បីក្លាយជាធ្លុងតែមួយ”៕
លោក យូន ស៊ុគយ៉ូល ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង
លោក លី ជែម្យុង មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បានទទួលស្គាល់បរាជ័យ