ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១០មីនាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានត្រួតពិនិត្យមជ្ឈមណ្ឌលអវកាសក្នុងទីក្រុងព្យុងយ៉ាង និងបានសរសើរអ្នកវិទ្យាសាស្ត្រដែលទើបតែបានសាកល្បង “ផ្កាយរណបឈ្លបយកការណ៍” ដែលអ្នកវិភាគព្រមានថាអាចជាការបាញ់បង្ហោះមីស៊ីលផ្លោងលាក់កំបាំង។
លោក គីម ជុងអ៊ុន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានអះអាងថា “ការសាកល្បងដ៏សំខាន់មួយទៀត” ឆ្ពោះទៅរកការអភិវឌ្ឍផ្កាយរណបឈ្លបយកការណ៍ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន។
ប្រទេសជិតខាងកូរ៉េខាងត្បូងបានពណ៌នាថាវាជាការបាញ់មីស៊ីលផ្លោងមួយផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកគីម “បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការពិតដែលថា ពួកគេបានបញ្ជាក់ពីវិធីសាស្ត្រថតរូបភាពក្នុងលំហអាកាស ចរិតលក្ខណៈប្រតិបត្តិការនៃឧបករណ៍ថតរូបដែលមានរូបភាពច្បាស់ខ្ពស់ និងភាពជឿជាក់នៃប្រព័ន្ធបញ្ជូនរូបភាពតាមរយៈការសាកល្បងសំខាន់ៗនាពេលថ្មីៗនេះ”។
KCNA បានបន្តថា “លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះជោគជ័យដែល NADA (រដ្ឋបាលអភិវឌ្ឍន៍លំហជាតិ) បានធ្វើនាពេលថ្មីៗនេះ”។
យោងតាម KCNA បានឱ្យដឹងថា ការអភិវឌ្ឍ “ផ្កាយរណបឈ្លបយកការណ៍” គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសម្រាប់ឃ្លាំមើល”កងទ័ពឈ្លានពាន…និងកងកម្លាំងនាវារបស់ពួកគេនៅក្នុងនិងជុំវិញឧបទ្វីបកូរ៉េ”។
កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែការបាញ់បង្ហោះផ្កាយរណបដោយសន្តិវិធីមិនស្ថិតក្រោមការរឹតបន្តឹងកម្រិតដូចគ្នានោះទេ ទោះបីជាពួកវាប្រើប្រាស់បច្ចេកវិជ្ជាដូចគ្នាភាគច្រើនក៏ដោយ។
ការអភិវឌ្ឍផ្កាយរណបឈ្លបយកការណ៍យោធារួមជាមួយនឹងអាវុធហាមឃាត់ជាច្រើន រួមទាំងមីស៊ីលលឿនជាងសំឡេង ដែលត្រូវបានសាកល្បងកាលពីខែមករាគឺជាគម្រោងផ្លូវការមួយក្នុងចំណោមគម្រោងការពារដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាង ដូចដែលបានគូសបញ្ជាក់ដោយលោកគីមកាលពីឆ្នាំមុន។
ទីក្រុងព្យុងយ៉ាងបានបង្កើនការជំរុញរបស់លោកគីមដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈដែលខ្លួនព្រងើយកន្តើយចំពោះការផ្តល់ជូនកិច្ចពិភាក្សារបស់សហរដ្ឋអាម៉េរិក និងគំរាមបោះបង់ចោលការផ្អាកដែលកំណត់ដោយខ្លួនឯងលើការធ្វើតេស្តិ៍មីស៊ីលរយៈចម្ងាយឆ្ងាយនិងអាវុធនុយក្លេអ៊ែរ៕