ដោយៈ រិទ្ធិសែន/ពោធិ៍សាត់: ជនសង្ស័យប្រាំបីនាក់ និងឧបករណ៍នេសាទខុសច្បាប់ត្រូវបានកម្លាំងចម្រុះស្រុកក្រគ និងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បង្ក្រាបបានពេលកំពុងធ្វើសកម្មភាព រួចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃនេះហើយ ។ កិច្ចប្រតិបត្តិការនេះត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី៩ មីនា ២០២២ ដោយកម្លាំងចម្រុះដឹកនាំដោយអភិបាលរងស្រុកក្រគ លោក ខាត់ ពុយ នៅចំណុចបឹងទន្លេសាប ក្នុងទឹកដីស្រុកក្រគ។
នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោក ភុំ វិមល បានអោយដឹងនៅព្រឹកថ្ងៃទី១០ មីនា នេះថា កម្លាំងចម្រុះរបស់ខេត្តបានសហការគ្នាចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ មីនា ដោយនៅថ្ងៃដំបូងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញទូកមួយគ្រឿង និងអួនមួយវង់ដែលក្រុមជនល្មើសយកមកលាក់ទុកនៅក្នុងព្រៃរនាម ហើយបានបន្តស្រាវជ្រាវនៅក្នុងភូមិ និងនៅក្នុងបឹងទន្លេសាប បានឃើញពួកគេកំពង់លួចធ្វើសកម្មភាពជាក់ស្តែង ហើយបានបំបែកកម្លាំងដេញតាមពីត្រើយម្ខាង និងឃាត់ខ្លួនបានមនុស្ស៨នាក់ ព្រមទាំងវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃនេះ៕