ដោយៈ សុផល/ភ្នំពេញ: កម្លាំងជំនាញបោសសំអាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកនៃអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ បានបញ្ចប់កិច្ចប្រតិបតិ្តការដោះ បន្សាបគ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង ២៣០គីឡូក្រាម ទម្លាក់ពីយន្តហោះ ស្ថិតនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៨ខែមិនា កម្លាំងជំនាញបោសសំអាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ បានចាប់ផ្តើមបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងលាក់ខ្លួនក្នុងជម្រៅទឹកជិត ៥ម៉ែត្រ ។
គ្រាប់បែកនេះ ត្រូវបានប្រទះឃើញដោយអ្នកនេសាទត្រីតាមដងស្ទឹងសែន ដែលអ្នកជំនាញ សន្និដ្ឋានថា អាចជាគ្រាប់បែកនៃត្រកូល MK ទម្លាក់ពីយន្តហោះ។
ដើម្បីធានាសុវត្ថិភាពក្នុងការបោសសំអាតក្រុមអ្នកជំនាញស៊ីម៉ាក់បានប្រើឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីស្កែនពិនិត្យមើលក្រោមបាតទឹកឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមកិច្ចប្រតិបតិ្តការ៕