ដោយៈ សុផល/ភ្នំពេញៈ ដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគរបស់កម្ពុជា ទន្ទឹមនឹងការជួយទ្រទ្រង់ឲ្យធុរកិច្ចនានាងើបឡើងវិញពីផលប៉ះពាល់នៃកូវវីដ-១៩ និងបន្តការបង្កើតការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)និងមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម(NCAC)កំពុងជំរុញសន្ធានកម្ម(Mediation)ដើម្បីដោះស្រាយ វិវាទអាជីវកម្មនិងកសាងទំនុកចិត្តរបស់អ្នកវិនិយោគលើវិវាទពាណិជ្ជកម្ម។
ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៃជំងឺរាតត្បាតសកល ដូចជាទីផ្សារផ្សេងទៀតដែរ អាជីវកម្មកម្ពុជា ជួបការលំបាក ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការរក្សាប្រតិបត្តិការ។ ស្ថិតក្នុងបរិការណ៍នេះ អត្ថិភាពនៃការដោះស្រាយវិវាទតាមបែបផ្សេងទៀត ដែលអាចបត់បែនបាន ក្រៅប្រព័ន្ធតុលាការ ដូចជា សន្ធានកម្មពាណិជ្ជកម្ម ជាដើម នឹងជួយជំរុញសហគ្រិនភាព រំដោះមូលនិធិក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងវិវាទ និងបង្កើត បរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិននានា។
ថ្មីៗនេះ សន្ធានការីពាណិជ្ជកម្មថ្មីចំនួន ១៦ រូប ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិផ្នែកសន្ធានកម្មនិងដោះស្រាយវិវាទពាណិជ្ជកម្មក្រៅតុលាការ – មជ្ឈមណ្ឌលដោះស្រាយវិវាទ ប្រកបដោយ ប្រសិទ្ធភាព (CEDR) បន្ទាប់ពីកម្មវិធីបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់សេវាសន្ធានកម្មចំពោះ អាជីវកម្មដែលមានវិវាទ។ តតិយជនអព្យាក្រឹត និងឯករាជ្យ ដែលជាសន្ធានការី ប្រើបច្ចេកទេសជាច្រើនក្នុងការដឹកនាំដំណើរការ ពិភាក្សា ទីបំផុតជួយភាគីអាជីវកម្មឱ្យឈានដល់ដំណោះស្រាយដែលមានការព្រមព្រៀងគ្នា ធ្វើឲ្យពួកគេកាត់បន្ថយនីតិវិធីតុលាការដ៏វែង និងត្រូវចំណាយច្រើន។
លោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ទោះបីជាសន្ធានកម្មគឺជាប្រពៃណី ដែលមានជាយូរយារណាស់មកហើយនៅក្នុងសង្គមកម្ពុជាក្តី សន្ធានកម្មពាណិជ្ជកម្មដែលមានលក្ខណ:ជារចនាសម្ព័ន្ធ គឺជាទស្សនាទានមួយថ្មី សម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា។ ខ្ញុំជឿថា យន្តការដោះស្រាយវិវាទតាមបែបផ្សេងដែលត្រូវបានពង្រឹង រួមជាមួយសន្ធានការី ដែលមានសមត្ថភាព នឹងលើកទឹកចិត្តឱ្យអាជីវកម្មកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាទទួលយកសន្ធានកម្មពាណិជ្ជកម្មដែលជាមធ្យោបាយមួយដើម្បីជួយដោះស្រាយវិវាទរបស់ពួកគេឱ្យបានឆាប់រហ័ស ចំណាយតិចតែមានប្រសិទ្ធភាព និងមានសក្តិសិទ្ធភាព។
លោកបានបន្ថែមថា«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលIFCចាប់ដៃជាមួយNCACក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតជាស្ថាប័នផ្តល់សេវាសន្ធានកម្មពាណិជ្ជកម្មនៅកម្ពុជា។ការសម្រេចបាននូវការទទួលស្គាល់ជាអន្តរជាតិចំពោះសិក្ខាកាមទាំង១៦នាក់នេះគឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់“។សន្ធានការីទាំងនេះបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល សន្ធានការីពាណិជ្ជកម្មដំបូងគេ នៅក្នុងប្រទេស កម្ពុជាបណ្តុះបណ្តាលដោយ CEDR ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ កាលពីចុងឆ្នាំមុន ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ IFC និង NCAC ដើម្បីពង្រឹងក្របខ័ណ្ឌអសាធនភាពរបស់កម្ពុជា និងជំរុញយន្តការសន្ធានកម្មពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ។ ក្នុងអំឡុងវគ្គសិក្សាដែលមានរយ:ពេលប្រាំមួយថ្ងៃ អ្នកចូលរួមមកពីវិស័យផ្សេងៗគ្នា ដូចជា ផ្នែកច្បាប់ មជ្ឈត្តកម្ម ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង គណនេយ្យ និងវិស័យផ្សេងៗទៀត – ត្រូវបានបណ្តុះបណ្តាលជំនាញជាក់លាក់ និងឧត្តម្មានុវត្តអន្តរជាតិ សម្រាប់ដំណើរការសន្ធានកម្ម។
លោក អាសាដ យ៉ាគុប (Asad Yaqub) តំណាង IFC ប្រចាំកម្ពុជា បានថ្លែងថា៖កំណត់ត្រាពីសភាពាណិជ្ជកម្មអន្តរជាតិ (ICC) បង្ហាញថា ដំណើរការសន្ធានកម្មជាមធ្យមមានរយៈពេលបួន ខែគិតចាប់ពីថ្ងៃដែលដាក់សំណើសុំធ្វើសន្ធានកម្ម រហូតដល់ចុងបញ្ចប់នៃនីតិវិធី។ យ៉ាង ណា ក៏ ដោយ ការ ជួប ប្រជុំជាក់ ស្តែង ជា មួយ នឹងសន្ធានការី មាន រយៈ ពេល តែ មួយ ទៅ ពីរ ថ្ងៃ ប៉ុណ្ណោះ។
លោកបានបន្តថា នៅIFCបទពិសោធន៍របស់យើងបង្ហាញថាក្នុងអំឡុងពេលមានវិបត្តិយន្តការសន្ធានកម្មពាណិជ្ជកម្មដ៏រឹងមាំមានសារៈសំខាន់ណាស់ក្នុងការជំរុញការដោះស្រាយវិវាទពាណិជ្ជកម្ម ឬវិវាទដែលជាប់ពាក់ព័ន្ធនឹងបំណុលកាន់តែលឿនជាងមុន។ ខណ:ពេលដែលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញពីជំងឺរាតត្បាត និងបន្តរីកចម្រើន ជម្រើស ដោះស្រាយវិវាទក្រៅតុលាការប្រកបដោយប្រសិទ្ធភាព នឹងផ្តល់ឱ្យវិស័យឯកជន នូវទំនុកចិត្តបន្ថែមទៀត ក្នុងការ ចូលរួមក្នុងប្រតិបត្តិការធុរកិច្ចនានា ដែលលើកទឹកចិត្តការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស៕