ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីមួយបានបំផ្លាញមន្ទីរពេទ្យសម្ភពមួយនៅទីក្រុងម៉ារីវប៉ូល(Mariupol)កាលពីថ្ងៃពុធ ចំពេលមានការព្រមានកាន់តែខ្លាំងឡើងពីលោកខាងលិចថា ប្រតិបត្តិការយោធារបស់រុស្ស៊ីប្រហែលជាចូលដល់ដំណាក់កាលកាន់តែសាហាវនិងមិនរើសមុខ។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះបណ្តាលអោយរបួសមនុស្ស១៧នាក់រួមមានស្ត្រីមានផ្ទៃពោះផងដែរ។
ការកក្រើករញ្ជួយដីមានចម្ងាយជាងមួយគីឡូម៉ែត្រ នៅពេលមន្ទីរពេទ្យម៉ារីវប៉ូលរងការផ្ទុះជាបន្តបន្ទាប់ដែលបានបំបែកកញ្ចក់បង្អួចនិងបំផ្លាញផ្នែកខាងមុខនៃអាគារ។ប៉ូលិសនិងទាហានបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីជួយជម្លៀសជនរងគ្រោះ ដោយសែងចេញស្ត្រីមានផ្ទៃពោះម្នាក់និងស្ត្រីម្នាក់ប្រឡាក់ដោយឈាមនៅពេលព្រិលធ្លាក់តិចៗលើរថយន្តដែលឆេះនិងដើមឈើបាក់បែកដោយកម្លាំងផ្ទុះ។
ស្ត្រីម្នាក់ទៀតបានយំតិចៗក្នុងពេលបីកូន។
មន្ត្រីប៉ូលិសតំបន់ម្នាក់បាននិយាយថា«ថ្ងៃនេះ រុស្ស៊ីបានប្រព្រឹត្តបទឧក្រិដ្ឋធំមួយ។វាជាឧក្រិដ្ឋកម្មសង្គ្រាមមួយ»។
នៅហ្ស៊ីតូមៀរ(Zhytomyr)ទីក្រុងដែលមានប្រជាជនប្រមាណ២៦០.០០០នាក់ នៅខាងលិចទីក្រុងគៀវ គ្រាប់បានធ្លាក់លើមន្ទីរពេទ្យពីរ ដោយមួយជាមន្ទីរពេទ្យកុមារបណ្តាលអោយយស្លាប់និងរបួសមនុស្សមួយចំនួន។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារនៅម៉ារីវប៉ូលនាំអោយមនុស្សមួយចំនួន រួមមានកូនក្មេងជាប់នៅក្រោមគំនរបាក់បែក។លោកបានទទូសុំអោយលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីកុំអោយពួកគេ«លែងអាចប្រព្រឹត្តអំពើប្រល័យពូជសាសន៍នេះតទៅទៀត»៕
ស្ត្រីមានផ្ទៃពោះម្នាក់រងរបួសក្នុងការវាយប្រហារលើមន្ទីរពេទ្យនៅក្រុងម៉ារីវប៉ូលកាលពីថ្ងៃពុធនិងបុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅក្រៅអាគារមន្ទីរពេទ្យដែលរងការវាយប្រហារនៅក្រុងម៉ារីវប៉ូល
ស្ត្រីម្នាក់ដើរនៅក្រៅអាគារមន្ទីរពេទ្យដែលរងការវាយប្រហារនៅក្រុងម៉ារីវប៉ូល
នៅម៉ារីប៉ូល សាកសពមនុស្សស្លាប់ពីការប្រយុទ្ធគ្នាត្រូវកប់ក្នុងរណ្តៅរួម