ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា អាស៊ាននិងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមីនា ឆ្នាំ​២០២២ នេះ នឹងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលសហរដ្ឋអាម៉េរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនាខាងមុខនេះ បន្ទាប់ពីបានលើកពេល​ជាងមួយខែ។ ប៉ុន្តែមេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាពនឹងពេលវេលាដែលប្រកាសដោយសហរដ្ឋ​អាមេរិកនៅឡើយទេ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា(រូបថតឯកសារ)

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមីនានេះថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី​គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាម៉េរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

អ្នកនាំពា្យក្រសួងការបរទេសបានបញ្ជាក់ទៀតថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ៕ សរន