ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ គណៈកម្មការរៀបចំទីលានរបស់ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ត្រូវតែខិតខំជំរុញល្បឿន នៃការរៀបចំទីលានប្រកួត ឲ្យបាន ៩៥ ភាគរយ នាខែកញ្ញា ឆ្នាំ២០២២ នេះ ដើម្បីឆ្ពោះទៅរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ របស់ CAMSOC បានមានប្រសាសន៍ថាៈ ការរៀបចំទីលាន គឺសហព័ន្ធកីឡាជាតិ មានតួនាទីសំខាន់ណាស់ ដោយត្រូវពិនិត្យ ឲ្យបានល្អិតល្អន់ ពីទំហំបច្ចេកទេស លើប្រភេទកីឡារបស់ខ្លួន ក្រោមកិច្ចសហការជាមួយគណៈកម្មការរៀបចំទីលាន របស់ CAMSOC ។
ខែកញ្ញា ឆ្នាំ២០២២ គ្រប់ទីលានទាំងអស់ ត្រូវតែធ្វើឲ្យរួចរាល់ ៩៥ ភាគរយ ហើយនៅដើមឆ្នាំ២០២៣ គ្រប់ទីលានទាំងអស់ ត្រូវតែធ្វើឲ្យបានរួចរាល់ លុះខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២៣ គឺជាពេលវេលាតុបតែងលម្អ ដាក់សម្ភារៈបច្ចេកទេស ឧបករណ៍បំពងសម្លេងប្រព័ន្ធភ្លើងជាដើម ហើយនៅខែមេសា ត្រូវតែត្រួតពិនិត្យមើលឡើងវិញ ថាតើនៅមានការខ្វះខាតអ្វីខ្លះទៀត។រាល់ការចំណាយ មានការបន្ថយមែន តែត្រូវថែរក្សាពីប្រណីតភាព និង ភាពអស្ចារ្យ ។ ពេលវេលាសាងសង់ទីលាន មិនមែន ជាក្ដីកង្វល់នោះទេ ព្រោះទីលានប្រកួត ត្រូវបានកំណត់ ចំនួន ៩០ ភាគរយហើយ គឺនៅសល់តែ ២ ឬ ៣ សហព័ន្ធ (ប្រមាណ ១០ ភាគរយ) ដែលកំពុងតែពិនិត្យការសាងសង់ និងជួសជុលកែលម្អឡើងវិញ។ អ្វីដែលជាកង្វល់នោះ គឺគុណផលកីឡាករ កីឡាការិនី។ ប្រសិនបើ បន្ទាប់ពីការវាយតម្លៃហើយគុណភាពបច្ចេកទេស នៅក្រោម ៥០ ភាគរយនោះ គឺជាបញ្ហាដែលសាមីសហព័ន្ធ ត្រូវពិនិត្យឡើងវិញ ដើម្បីសម្រួច គោលដៅ ឲ្យទទួលបានលទ្ធផលល្អ ក្នុងឋានៈជាម្ចាស់ផ្ទះ ។
ទីលានសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ភាគច្រើន ជាទីលានបណ្ដោះអាសន្ន ដែលបន្ទាប់ពី ប្រកួតចប់ គេនឹងរុះរើវិញ ។ មានទីលាន ក្រៅសាលជាច្រើន ដែលបន្ទាប់ពីសាងសង់ នឹងត្រូវរុះរើ ក្រោយបញ្ចប់ការប្រកួត។
លោក វ៉ាត់ ចំរើន បានព្រមានថា យើងត្រូវពិនិត្យលើសមាជិកភាព របស់សហព័ន្ធកីឡាជាតិ ជាមួយសហព័ន្ធអន្តរជាតិ ។ ប្រសិនបើ សមាជិកភាពរបស់ សហព័ន្ធកីឡាជាតិណាមួយ ត្រូវបានព្យួរ ឬ លុបចោល ដោយសហព័ន្ធអន្តរជាតិនោះ មានន័យថា សហព័ន្ធនោះ មិនអាចរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានឡើយ។ ហេតុនេះ ទាំងអស់គ្នា ត្រូវពិនិត្យមើលនូវអ្វី ដែលជាលក្ខខ័ណ្ឌតម្រូវរបស់ សហព័ន្ធអន្តរជាតិ និងលក្ខខ័ណ្ឌតម្រូវរបស់ម្ចាស់ផ្ទះ។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នេះ កម្ពុជា បានកំណត់ទីលាន តាមគោលដៅចំនួន៦ គឺ រាជធានីភ្នំពេញ សៀមរាប កំពត កែប ខេត្តព្រះសីហនុ និងទីលានជិះសេះ នៅភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ៕/V