ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រៅពីការប្រកួតបាល់ទាត់ក្របខ័ណ្ឌអឺរ៉ុប UEFA Europa League និង UEFA Conference Leagueក៏មានការប្រកួតបង្គ្រប់ជុំនៅក្របខ័ណ្ឌ EPLជាច្រើនគូផងដែរ។ ការប្រកួតលេចធ្លោជាងគេនៅក្នុង Europa League គឺជំនួបរវាង Barcelona និង Galatasaray ហើយ១គូចាប់អារម្មណ៍ជាងគេនៅ EPL គឺ Chelsea ដែលរំពឹងឈ្នះខ្ពស់នៅទឹកដី Norwich យប់នេះ។
– Barcelona vs Galatasaray (EL)
Barcelona សង្ឃឹមអាចពង្រីកទម្រង់ប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេនៅយប់ថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមតួកគី Galatasaray ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ ក្រុមចុងក្រោយនៃ UEFA Europa League នៅកីឡដ្ឋាន Camp Nou ។
ក្រុមអ្នកមានបុណ្យវិលត្រឡប់មកលេង Europa League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ ហើយពួកគេចូលលេងលើកនេះតាមស្ទីលមួយ ដែលធ្វើឱ្យគូប្រជែងខ្លាចញញើត។
កូនក្រុមរបស់លោកសាវីបានផ្តួល Napoli ២-៤ នៅក្រៅទឹកដីក្នុងការប្រកួតជើងទី២នៃការប្រកួតវគ្គ ៣២ ចុងក្រោយរបស់ពួកគេកាលពីពីរសប្តាហ៍មុននៅកីឡដ្ឋាន Stadio Diego Armando Maradona ។
ជាទូទៅពួកគេស៊ុតបាល់បញ្ចូលទីតាមអំពើចិត្ត ពោលគឺកីឡាករ Pierre-Emerick Aubameyang ដែលស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការប្រកួត ៣ លើកចុងក្រោយសម្រាប់ក្រុមនៅតំបន់ Catalan មួយនេះ។
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះបានស៊ុតបាល់បញ្ចូលទី៣គ្រាប់តែឯងក្នុងពេលយកឈ្នះ Valencia ១-៤ នៅកីឡដ្ឋាន Estadio de Mestalla។
ក្រោយទម្លាក់ក្រុមកំពូលតារាង Serie A Napoli រួចមក ពេលនេះ Barcelona នឹងក្លាយជាក្រុមរំពឹងទម្លាក់ Galatasaray ដែលកំពុងមានយុទ្ធនាការដ៏អន់បំផុតនៅក្របខ័ណ្ឌ Super Lig ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
Galatasaray មានរដូវកាលដ៏ច្របូកច្របល់ជាទូទៅ។ ថ្មីៗនេះ ពួកគេបានចែកផ្លូវជាមួយវីរបុរសក្លិបគឺកីឡាករ Fatih Terim ខណៈដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Domenec Torrent ទទួលបន្ទុកដឹកនាំ។
Galatasaray ពិតជាបានកែលម្អទម្រង់លេងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ហើយពួកគេនឹងធ្វើដំណើរទៅកីឡដ្ឋាន Camp Nou ក្រោយឈ្នះជាប់ៗគ្នាជាច្រើនលើក។
ពួកគេបានស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ក្នុងជ័យជម្នះលើ Goztepe (២-៣) និង Rizespor (៤-២) ។ ទោះជាយ៉ាងណាក៏ដោយ លោក Torrent ប្រាកដជាមានការព្រួយបារម្ភខ្លាំងនៅពេលនិយាយអំពីប្រព័ន្ធការពារទន់ជ្រាយរបស់គាត់នៅមុនពេលប៉ះជាមួយនឹងក្រុម Barcelona ដែលស៊ុតបាល់បញ្ចូលទីតាមទំនើងចិត្ត។
Barcelona ធ្លាប់ជួប Galatasaray ៤ ដងកាលពីជាង១ទសវត្សរ៍មុន ដោយឈ្នះ៣ស្មើ១។ ផ្អែកលើចំណុចនេះនិងទម្រង់លេងបច្ចុប្បន្នរំពឹងថា Barcelona ឈ្នះក្នុងលទ្ធផលព្យាករណ៍ ៣-០។
– Norwich vs Chelsea (EPL)
ក្រោយចាញ់៦លើកជាប់ៗគ្នា Norwich នឹងឈានទៅរកការប្រកួតនេះដោយចាញ់គ្រប់ប្រកួតទាំងអស់របស់ពួកគេកាលពីខែមុន។ ថ្វីត្បិតតែពួកគេមិនសូវចាញ់ពិន្ទុគេប៉ុន្មាននៅបាតតារាង ក៏ប៉ុន្តែក្លិបនេះមើលទៅមានវាសនាធ្លាក់ទៅ Championship ជាថ្មីម្តងទៀតនៅរដូវកាលនេះ។
នៅក្នុងការប្រកួតថ្មីៗបំផុតរបស់ពួកគេ ក្លិបចាប់លឿងបានចាញ់ដោយពិន្ទុ ១-៣ នៅផ្ទះខ្លួនឯងទល់នឹង Brentford នៅក្នុងការប្រកួតដែលបានឃើញកីឡាករ Ivan Toney ស៊ុតបាន ៣ គ្រាប់ (Hat-trick) ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងគេសម្រាប់ Brentford ដែលស៊ុតបញ្ចូលទីបាន ៣ គ្រាប់នៅលើកំពូលក្នុងរយៈពេល ៨៥ ឆ្នាំ។
លទ្ធផលនេះបានធ្វើឱ្យចាបលឿងចាញ់រហូតដល់ទៅ៤ជាប់ៗគ្នា។ ដោយទើបតែទទួលបាន១ពិន្ទុពីការប្រកួតលីកចំនួន ៥ លើកចុងក្រោយ ឥឡូវនេះពួកគេកំពុងឈរនៅបាតតារាង EPL ដោយមាន ៥ ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ Everton ។
Chelsea បានជ្រុះពិន្ទុយ៉ាងច្រើនក្នុងខែធ្នូនិងខែមករា។ ទោះយ៉ាងណាក៏ដោយ ក្លិបលែងឱ្យភ្លាត់ស្នៀតទៀតហើយចាប់តាំងពីពេលនោះមក លើកលែងតែការចាញ់របស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ។
និយាយរួមទៅ ពួកគេបានប្រកួតតែម្តងគត់នៅ EPL ក្នុងខែកុម្ភៈ ដោយសារតែការចូលរួមរបស់ពួកគេក្នុងការប្រកួតផ្សេងៗ ហើយដោយសារពួកគេចេញខ្ទាតចេញពីការដណ្តើមពាន គេរំពឹងថាពួកគេនឹងព្យាយាមឈានទៅវគ្គជ្រៅៗនៅក្នុងការប្រកួតក្របខ័ណ្ឌផ្សេង។
បន្ទាប់ពីចាញ់នៅ Wembley និងការទទួលជ័យជម្នះដ៏ប្រផុតប្រផើយក្នុង FA Cup ទល់នឹង Luton ក្លិបតោខៀវបានត្រឡប់មករកភាពខ្លាំងរបស់ខ្លួនវិញជាមួយនឹងការបំបាក់ក្រុម Burnley ០-៤ នៅក្រៅផ្ទះ។ លទ្ធផលនេះមានន័យថា ក្លិបបានឈ្នះការប្រកួតលីក៣ លើកជាប់ៗគ្នា។
ដោយមាន ១០ ពិន្ទុពីការប្រកួតលីកចំនួន ៥ លើកចុងក្រោយ តោខៀវបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងលីក ដោយមាន ១៦ ពិន្ទុតាមពីក្រោយក្រុមមេឃខៀវ Man City។
ដោយហេតុថា Chelsea មិនដែលចាញ់ Norwich តាំងពីឆ្នាំ ១៩៩៤ គួបផ្សំនឹងទម្រង់លេងខុសគ្នាឆ្ងាយរបស់ក្រុមទាំងពីរ យើងរំពឹង Chelsea ឈ្នះយ៉ាងតិច ៥-១៕
Chelsea រំពឹងឈ្នះ Norwich យ៉ាងងាយស្រួលនៅយប់នេះ