ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍កាលពីថ្ងៃពុធទី៩មីនាថា យន្តហោះឯកជនមួយគ្រឿងដែលដឹកអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ខំចិត្តចុះចតបន្ទាន់ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនកាលពីចុងសប្តាហ៍។
សារព័ត៌មាន Politico ដែលស្រង់សម្តីមនុស្ស២នាក់ដែលដឹងរឿងនេះ បាននិយាយថា លោកត្រាំកំពុងហោះហើរពីទីក្រុងញូវអ័រលីន (New Orleans) ទៅកាន់ទីក្រុងផាមប៊ីច (Palm Beach) ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីថ្លែងសុន្ទរកថាទៅកាន់ម្ចាស់ជំនួយរបស់គណបក្សសាធារណរដ្ឋ។
Politico បាននិយាយថា យន្តហោះបាននៅលើមេឃរយៈពេល ២០ ទៅ ៣០ នាទី នៅពេលដែលម៉ាស៊ីនមួយបានខូច ហើយអ្នកបើកបរបានសម្រេចចិត្តត្រឡប់ទៅទីក្រុងញូវអ័រលីនវិញ។
កាសែត Washington Post បាននិយាយថា យន្តហោះ Dassault Falcon 900 បានហោះពីលើឈូងសមុទ្រម៉ិកស៊ិក នៅពេលដែលអ្នកបើកយន្តហោះបានសម្រេចចិត្តត្រឡប់ថយក្រោយវិញ។លោកត្រាំ ទីប្រឹក្សា បុគ្គលិកគាំទ្រ និងភ្នាក់ងារចារកម្ម បានជិះលើយន្តហោះនៅពេលនោះ។
Washington Post បាននិយាយថា យន្តហោះនោះជារបស់ម្ចាស់ជំនួយម្នាក់ ដែលបានឱ្យលោកត្រាំខ្ចីជិះសម្រាប់ព្រឹត្តិការណ៍នេះ។
កាសែតបាននិយាយថាម្ចាស់ជំនួយផ្សេងទៀតបានផ្តល់យន្តហោះជំនួសមួយទៀត ដែលបានដឹកលោកត្រាំទៅផ្ទះរបស់គាត់នៅ Mar-a-Largo ដោយគ្មានឧបទ្ទវហេតុទេ៕
អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ