ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង ចំនួន ៣១០ កន្លែង និង អគារ​ខ្ពស់ៗ ចំនួន ១.៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ ហើយ​ក្នុង​ឆ្នាំ ២០២១ កន្លងទៅ យើង​ទទួលបាន​ត​ម្រោ​ង​សាងសង់​ថ្មីៗ ពី​វិស័យ​ឯកជន ចំនួន ១.០៥០ គម្រោង លើ​ផ្ទៃក្រឡា សំណង់ សរុប​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទុនវិនិយោគ​ប៉ាន់ស្មាន ជាង ២,២៦ ពាន់​លាន ដុល្លា​អាមេរិក បន្ថែមទៀត ធ្វើឱ្យ​រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពស្រស់ បំព្រង មិន​ចាញ់​បណ្តា​ទីក្រុង នៃ​ប្រទេស​ក្បែរ​ខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ នេះ នៅក្នុង​ពិធី​បើក​ការ​ដា្ឋ​ន​សាងសង់ និង​បើក​លក់ ជា​ផ្លូវការ លំនៅឋាន​-​ដីឡូត៍ របស់​គម្រោង តា​មោក​ស៊ី​ធី​លែ​ន​” ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្តោយ មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ គម្រោង តា​មោក ស៊ី​ធី​លែ​ន លើ​ការបណ្តាក់ទុន វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ នាពេលនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង ឱ្យឃើញ នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត នៃ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុងការ​ខិតខំ​ទាក់ទាញ​ការវិនិយោគ ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​គឺ ការខិតខំ​បង្កើន​ជំនឿ​ជឿជាក់ ជូន​ដល់​ពាណិជ្ជករ វិនិយោគិន និង​ធុរជន ដើម្បី​បណ្តាក់ទុន ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា សំដៅ​រួមចំណែក ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​រីកចម្រើន បន្ថែមទៀត​។​

​លោក​បាន​បន្តថាៈ ទោះបី​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ កន្លងទៅ វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក ការគំរាមកំហែង ដល់​សេដ្ឋកិច្ច​សកល ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ជីវភាព​រស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាងណាក្តី ប៉ុន្ដែ​ក្រោម​ការដឹកនាំ ប្រកបដោយ​ភាពឈ្លាសវៃ ប៉ិនប្រសប់ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
​បានដាក់​ចេញ​នូវ ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់ ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់​លើ​បញ្ហា​ទាំងនេះ និង​បាន​ដាក់ចេញ​នូវ វិធានការ​គាំពារ សំដៅ​កាត់បន្ថយ ផលប៉ះពាល់ វិស័យសេដ្ឋកិច្ច -​សង្គមកិច្ច រក្សា លំនឹង​ផលិតកម្ម​-​អាជីវកម្ម និង​បង្កើន​ភាព​ធន់​ដល់​វិស័យ​ឯកជន ហើយ​រាជរដ្ឋាភិបាល តែងតែ​ចាត់ទុកថា វិស័យ​ឯកជន គឺ ជា​កម្លាំងចលករ​នៃ​ការអភិវឌ្ឍ និង​ជា​ក្បាលម៉ាស៊ីន ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​តាមរយៈ​ការសម្រេចបាន នូវ​អត្រា​ការចាក់​វាក់​សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​កម្ពុជា​យើង បាន​ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ក្នុង​តំបន់ និង​លើ​ពិភពលោក ដែល​សម្រេច បាន ការចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន ក្នុង​កម្រិត​ខ្ពស់​ជាងគេ និង​កំពុង​បង្កើត បាន ភាព​សុំា សហគមន៍​ពិតប្រាកដ សម្រាប់​ជា​មូលដ្ឋានគ្រឹះ មិនអាច​ខ្វះ​បាន ដើម្បី​ការពារ អាយុជីវិត​ប្រជាជន ខឿន​សុខុមាលភាព​សាធារណៈ និង​ការបើក​ដំណើរការ សកម្មភាព សេដ្ឋកិច្ច​-​សង្គម​ពេញ លេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

​អភិបាល​រាជធានី បាន​បន្តទៀតថាៈ ទន្ទឹមគ្នា​នឹង​វឌ្ឍនភាព ក៏ដូចជា​និន្នាការ ជា​វិជ្ជមាន​ទាំងនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ប៉ាន់ស្មាន ថា​នឹង​បន្ត​ងើប​ឡើងវិញ នា​បណ្ដា​ឆ្នាំ​ខាងមុខ យ៉ាង​ឆាប់រហ័ស ស្របតាម​ការកើនឡើង នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត របស់​វិនិយោគ​គិ​ន ទាំង​ក្នុងស្រុក និង​បរទេស ដែលជា​សក្តានុពល​ដ៏​ធំ សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជកម្ម សណ្ឋាគារ សំណង់​បុរី ដី​ឡូ​តិ៍ អគារ​ស្នាក់នៅ រួម​នឹង​ខុន​ដូ ទំនើបៗ​។​

​លោក​បាន​បន្តទៀតថាៈ គម្រោង​លំនៅឋាន​-​ដី​ឡូ​តិ៍ តា​មោក ស៊ី​ធី​លែ​ន នឹង​រួមចំណែក ធ្វើឱ្យ​ភាគ​ខាងលិច ឆៀង​ខាងជើង រាជធានី​ភ្នំពេញ​កាន់​តែមាន​សក្តានុពល ប្រកួតប្រជែង ក្នុង​វិស័យ​អចលនទ្រព្យ លើកកម្ពស់​សោភ័ណភាព រាជធានី​ភ្នំពេញ និង​ចូលរួម​បំពេញ តម្រូវការ​ទីផ្សារ លំនៅឋាន ជូន​បងប្អូន​ប្រជាពលរដ្ឋ កាន់​តែមាន​ជម្រើស​សម្បូរបែប ស្របពេល ដែល​ត​ម្រោ​ង​អភិវឌ្ឍន៍ ទាំង​ផ្នែក​រដ្ឋ និង​ទាំង​ផ្នែក​ឯកជន​ជាច្រើន កំពុង​តម្រង់​ឆ្ពោះ​មករក តំបន់​នេះ​។​

​លោក​បាន​បន្ថែមថាៈ គម្រោង​លំនៅឋាន​-​ដី​ឡូ​តិ៍ តា​មោក ស៊ី​ធី​លែ​ន ដែល​បាន​បើក​ដំណើរការ នាពេលនេះ គឺជា​មនុញ្ញផល នៃ​សន្តិភាព​” តាមរយៈ​ការដាក់ចេញ​នូវ នយោបាយ​ឈ្នះ​-​ឈ្នះ​” របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវ​រូប​រួមគ្នា ដើម្បី​ការពារ សន្តិភាព ព្រោះថា “​សន្តិភាព​” មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​ដរាបណា យើង​មាន សន្តិភាព នោះ​ទើប​ជាតិ​មាតុភូមិ​យើង មានការ​អភិវឌ្ឍ​រីកចម្រើន ទៅមុខ​បន្ថែមទៀត​។​

​លោក​អភិបាល​រាជធានី ក៏បាន​អំពាវនាវ​អោយ​បុគ្គលិក កម្មករ​-​និយោជិត ក្រុម​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល និង​ត្រូវ ប្រកាន់ខ្ជាប់​ជានិច្ច នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ព្រមទាំង​ត្រូវ​រួសរាន់ អញ្ជើញ​ទៅ​ចាក់ វាំ​ក់​សាំង ឬ នាំយក​បុត្រ​ធីតា ទៅ​ទទួល​វាំ​កំ​សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ អោយបាន​គ្រប់គ្នា ព្រោះថា​ការ ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺជា​យុទ្ធសាស្ត្រ គន្លឹះ​ដ៏​សំខាន់ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ អូ​មី​ក្រុង និង​ប្រភេទ​ផ្សេងៗ​ទៀត យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោកស្រី​ឧកញ៉ា អ៊ា​ន អេ​ឡែ​ន នាយិកា​គម្រោង​តា​មោក​ស៊ី​ធឺ​លែ​ន បានបញ្ជាក់​ថាៈ លំនៅឋាន​-​ដីឡូត៍ របស់​គម្រោង តា​មោក ស៊ី​ធី​លែ​ន មាន​ផ្ទៃដី​ចំនួន ៤៤ ហិកតា ជាប់​ផ្លូវ ៦០ ម៉ែត្រ និង​មហាវិថី​ឈ្នះ​ឈ្នះ មាន​ចំងាយ​ពី​ស្ពាន​ព្រែក​ព្នៅ ៤ គីឡូម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៕/V​