ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ភ្នំភ្លើងមេរ៉ាពី(Merapi)របស់ឥណ្ឌូនេស៊ី បានព្រួសពពកផេះនិងបញ្ចេញភក់ក្តៅកាលពីថ្ងៃព្រហស្បតិ៍ទី១០មីនាដែលបានបង្ខំអោយអ្នកស្រុកប្រមាណ២៥០នាក់ភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្ន ហើយបណ្តាលអោយភូមិនិងទីប្រជុំជនក្បែរខាងគ្របដណ្តប់ទៅដោយផេះ ទោះជាយ៉ាងណាមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសបណ្តាលមកពីការផ្ទុះនេះទេ។
ភ្នំភ្លើងនៅលើកោះជ្វានេះ បានបញ្ចេញផ្សែងក្តៅយ៉ាងតិចចំនួនប្រាំពីរដងនៅមុននិងក្រោយពាក់កណ្តាលយប់ថ្ងៃពុធ ហើយបញ្ចេញភក់ភ្នំភ្លើងហូរចុះជម្រាលភ្នំចម្ងាយ៥គីឡូម៉ែត្រយ៉ាងលឿន។ស្នូររញ្ជួយអាចអោយគេឮចម្ងាយរាប់គីឡូម៉ែត្រ។
មន្ត្រីគ្រោះមហន្តរាយម្នាក់បាននិយាយថាមនុស្ស២៥៣នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ននៅភូមិចំនួនពីរនៅក្បែរក្រុងយុកយ៉ាការតា(Yogyakarta)និងស្រុកមួយក្នុងខេត្តចាវ៉ាកណ្តាល ដោយសារហានិភ័យពីការផ្ទុះ។លោកថា ការផ្ទុះនេះបានបាចផេះគ្របលើភូមិនិងទីប្រជុំជនជាច្រើនតែមិនមានរបាយការណ៍អំពីមនុស្សស្លាប់ឬរងរបួសទេ។
អ្នកស្រុកដែលរស់នៅតាមជើងភ្នំមេរ៉ាពីត្រូវបានណែនាំអោយនៅឆ្ងាយប្រាំពីរគីឡូម៉ែត្រពីមាត់ភ្នំភ្លើងនិងត្រូវដឹងអំពីគ្រោះថ្នាក់បង្កឡើងដោយភក់ភ្នំភ្លើង។
ភ្នំមេរ៉ាពី ជាភ្នំភ្លើងសកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងជាង១២០នៅឥណ្ឌូនេស៊ី និងវាបានផ្ទុះបាញ់ភក់ភ្លើងនិងហ្គាសក្តៅជាញឹកញាប់នៅពេលថ្មីៗនេះ។
ការផ្ទុះធំលើកចុងក្រោយរបស់មេរ៉ាពីបានកើតឡើងនៅឆ្នាំ២០១០ដោយសម្លាប់មនុស្ស៣៤៧នាក់ និងនាំអោយមានការជម្លៀសអ្នកភូមិជាង២០.០០០នាក់៕
អ្នកស្រុកជិះម៉ូតូកាត់ផ្លូវមួយនៅពេលភ្នំភ្លើងមេរ៉ាពីបាញ់ផេះនិងភក់ចេញនៅយុកយ៉ាការតា កាលពីថ្ងៃ១០មីនា
ភក់ភ្នំភ្លើងហូរធ្លាក់ចុះជម្រាលភ្នំកាលពីថ្ងៃ១០មីនា