ដោយៈប.ខុន/ភ្នំពេញៈសម្ពាធទាបដ៏មានឥទ្ធិពលមួយដែលកំពុងរំកឹលចូលមកក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីដើរកាត់លើផ្នែកខាងក្រោមរបស់ប្រទេសហ្វីលីពីនវានឹងថយឥទ្ធិពលទៅវិញនៅពេលដើរមកដល់លើដីគោកភាគខាងត្បូងក្រុងហូជីមិញនៅអំឡុងថ្ងៃទី១៣ខែមីនា ចាប់ផ្តើមធ្វើឱ្យមានភ្លៀងធ្លាក់លើផ្នែកខ្លះក្នុងប្រទេសកម្ពុជាហើយនៅថ្ងៃទី១៤និង១៥ខែមីនាមានភ្លៀងធ្លាក់រាយប៉ាយច្រើនជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ខ្លាំង។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២២ថាសម្ពាធទាបដ៏មាន ឥទ្ធិពលមួយដែលកំពុងតែរំកឹលចូលមកក្នុងសមុទ្រចិនខាងត្បូងបន្ទាប់ពីដើរកាត់លើភាគខាងត្បូងរបស់ប្រទេសហ្វីលីពីនវានឹងថយឥទ្ធិពលទៅវិញ នៅពេលដើរមកដល់ដីគោកភាគខាងត្បូងក្រុងហូជីមិញនៅអំឡុងថ្ងៃទី១៣ខែមីនាហើយចាប់ផ្តើមធ្វើឱ្យមានភ្លៀងធ្លាក់លើផ្នែកខ្លះក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយនៅថ្ងៃទី១៣ខែមីនានិងមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅថ្ងៃទី១៤និង១៥ខែមីនាជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានច្រើននៅតំបន់ទំនាបកណ្តាលនិងតំបន់ខ្ពង់រា បជាពិសេសទំនាបកណ្តាលភាគពាយព្យ។នៅក្រោយថ្ងៃទី១៥ខែមីនាភ្លៀងក៏នៅតែបន្តមានធ្លាក់រាយប៉ាយ ដោយសារឥទ្ធិពលសម្ពាធទាបរុញមកពីភាគអគ្នេយ៍មួយហើយមួយទៀតជាបន្តបន្ទាប់ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយខុសប្រក្រតីនៅក្នុងរដូវប្រាំង។
លោកចាន់ យុត្ថា បានក្រើនរំលឹកថានៅពេលមេឃរកលធ្លាក់ភ្លៀងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់(thunderstorm )អាចនឹងកើតមានឡើងច្រើនព្រោះ នៅមុនពេលមេឃរកលធ្លាក់ភ្លៀងបរិយាកាសមានសភាពក្តៅហប់ហើយបាតុភូតនេះនឹងថយឥទ្ធិពលបន្តិចទៅវិញនៅពេលមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យសីតុណ្ហភាពថយចុះបន្តិចមក វិញ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃ៨ខែមីនាឆ្នាំ២០២២បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី៩ដល់ថ្ងៃទ១៥ខែមីនាថាព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៩និងទី១០ខែមីនាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនក្នុងកម្រិតខ្សោយ នៅអំឡុងពីថ្ងៃទី១១ទៅ១៥ ខែមីនានឹងទទួលឥទ្ធិពលពីសម្ពាធទាបដែលកើតមានឡើងលើប្រទេសថៃនិងប្រទេសកម្ពុជា បង្កឱ្យមានភ្លៀងកើនឡើងលាយឡំផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣៣ទៅ៣៦.៥អង្សាសេ ។ នៅចន្លោះពីថ្ងៃទី៩ដល់១២ខែមីនាអាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ។ពីថ្ងៃទី១៣ដល់ថ្ងៃ១៥ខែមីនា បរិមា ណ ភ្លៀងអាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំនិងជាមួយខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៦អង្សាសេ។ នៅថ្ងៃទី១៤និង១៥ខែមីនា អាចមានភ្លៀងលាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ។ពីថ្ងៃទី១៣ដល់១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់៕