ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អធិការនគរបាល​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​បាន​ត្រូវ​ថ្នាក់លើ​ផ្តល់​ការជឿទុកចិត្ត តែង​តែង​អោយ​ឡើង​ទៅជា​ស្នងការរង​ខេត្តកំពត រីឯ​អធិការរង​ក្រុង​ប៉ោយប៉ែ​តម្នាក់​ត្រូវបាន​តែងតាំងឡើង​ជំនួស ។​

​ពិធី​នោះ​ធ្វើឡើង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ចូលរួម​ដោយ​ស្នងការរង អភិបាលរង​ស្រុក ។​

​លោក​វរសេនីយ៍ឯក សេស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ស្វា​គម​ន័ រាយការណ៍​សង្ខេប​ពី​លទ្ធផល​ការងារ​និង​សមិទ្ធផល​នានា​ដែល​អធិការដ្ឋាន​សម្រេច​បាន ។​

​លោក​វរសេនីយ៍ឯក យី ប៊ុន​រឿង នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​បាន​អាន​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​រប​ស់​ក្រសួងមហាផ្ទៃ គឺ​លោក​វរសេនីយ៍ឯក សេស វិបុល ពី​អធិការនគរបាល​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ទៅជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។​
​ចំណែក​លោក​វរសេនីយ៍ទោ​អ៊ឹម សុភារ​: ពី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ទៅជា​អធិការ​នៃ​អធិការដ្ឋាន​ស្រុក​អូរជ្រៅ ។​

​លោក​វរសេនីយ៍ទោ​អ៊ឹម សុភារ​: បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​បំពេញភារកិច្ច​អោយបាន​ល្អ ឆ្លើយតប​នឹង​នឹង​ជឿទុកចិត្ត​ផ្តល់​តំណែង​អោយ​លោក​នេះ ។​

​លោក នង ធឿន អភិបាលរង​ស្រុក​អូរជ្រៅ​បានកត់សម្គាល់​ពី​តួនាទី ភារកិច្ច​និង​ស្នាដៃ​មិនអាច​ខ្វះ​បាន​របស់​សមត្ថកិច្ច​នគ​របាល​លើ​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​និង​មូលដ្ឋាន​តាមរយ​:​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​និង​ការងារ​អន្តរាគមន៍ ការងារ​មនុស្ស​ធ​ម៏ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​អបអរសាទរ​និង​លើកទឹកចិត្ត​អោយ​ធនធាន​មន្ត្រីនគរបាល​ដែល​ល្អ​ទាំង​២​រូប អោយទទួល​ជោគជ័យ​លើ​តួនាទី​ភារកិច្ច​ថ្មី ហើយ​បន្ត​បង្កើតបាន​នូវ​ទំនុកចិត្ត ភាពជឿជាក់​និង​កក់ក្តៅ​ថែមទៀត​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ពលរដ្ឋ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទៅ​សិទ្ធិ ឡោះ បាន​បន្តថា តាមពិត​អធិការដ្ឋាន​និង​រូបលោក​ជា​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត មិន​ចង់អោយ​លោក​វរសេនីយ៍​សេស វិបុល ដែលជា​ធនធាន​នគរ​បាល​និង​មានគុណ​សម្បត្តិ​ផ្ទាល់ខ្លួន​ល្អ​មួយរូប​ចាកចេញ​ទេ ប៉ុន្តែ​ដោយ​ធុ​រ​:​ផ្ទាល់ខ្លួន​នៃ​គ្រួសារ​លោក ហើយ​លោ​កទ​ទួ​ច​ស្នើសុំ​ផ្លាស់ប្តូរ​ទៅ​នៅ​ខេត្តកំពត ទើប​លោក​ឆ្លើយតប​បំណង​គាត់​។​
​ទោះជា​យ៉ាងណា អធិការដ្ឋាន​នេះ ក៏​ទទួលបាន​លោក​វរសេនីយ៍​អ៊ឹម សុភារ​: ដែល​ក៏​ជា​ធនធាន​នគរបាល​ជំនាញ​និង​មាន​ស្នាដៃ​ល្អ​ផងដែរ សម្រាប់​មក​ជំនួស ។​

​លោក​បាន​ណែនាំ​ការងារ​ទូទៅ ការងារ​ជំនាញ​និង​ការងារ​មហាជន ការអន្តរាគមន៍​ដល់​លោក​អធិការ​ថ្មី ក៏ដូចជា​នាយ នាយរង​និង​មន្ត្រីនគរបាល​យកទៅអនុវត្ត​បន្ត​អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​បន្ថែមទៀត ៕​