ដោយៈ ឈុំ រ៉ា អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញៈឯម ម៉ើ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៣១ បាន​រៀបរាប់ថា ខ្ញុំ​មាន​បងប្អូន​ចំនួន​៧​នាក់ (​ប្រុស​៦​នាក់ និង​ស្រី​១​នាក់​) ហើយ​ខ្ញុំ​គឺជា​កូនច្បង​។ ខ្ញុំ​មាន​ម្ដាយ​ឈ្មោះ ឡុ ឈុន បាន​ស្លាប់ តាំងពី​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ ឯម​។ ម្ដាយ​ឪពុក​របស់ខ្ញុំ​គឺជា​ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​កាលពីមុន​ខេត្តកំពង់ចាម​)​។


ឈ្មោះ ឯម ម៉ើ អាយុ៩១ឆ្នាំ និងភរិយាកំពុងផ្តល់បទសម្ភាសន៍ដល់ក្រុមការងារមជ្ឈ​មណ្ឌល​ឯកសារកោះថ្ម។(ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពី​កុមារភាព ខ្ញុំ​មិនបាន​រៀនសូត្រ​ច្រើន​ទេ​។ បងប្រុស​របស់ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចូលរៀន​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បែក​ពី​ម្ដាយ​។ កាលពី​តូច ខ្ញុំ​គ្មាន​សម្លៀកបំពាក់​ទេ ខ្ញុំ​បាន​យក​សម្បកឈើ​មក​ដំ​ឲ្យ​ទក់​ដើម្បី​បាំង​ខ្លួន​។ នៅពេល​ខ្ញុំ​អាយុ​១១​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​នៅ​វត្ត​ក្រវៀន​។ ខ្ញុំ​រៀន​បាន​រយៈពេល​បួន​ឆ្នាំ ព្រះចៅអធិការ​វត្ត​ឈ្មោះ វែង បាន​ឲ្យ​ខ្ញុំ​បួស​។ ខ្ញុំ​បាន​រៀន​ធម៌​វិន័យ និង​រៀនអក្សរ​សាស្ត្រ ពី​គ្រូ អ៊ុង​, គ្រូ វែង និង គ្រូ​ជឹ​ង​។ អំឡុង​ពេលដែល​សិក្សា​នៅក្នុង​វត្ត គឺមាន​សិស្ស​ចំនួន​៤០​នាក់ នៅក្នុង​នោះ​មាន​សិស្សស្រី​ចំនួន​៥​នាក់​តែប៉ុណ្ណោះ​។ កាលពី​សង្គមចាស់ ប្រជាជន​មិនសូវ​ឲ្យ​កូនស្រី​សិក្សា​រៀនសូត្រ​ទេ ព្រោះ​ខ្លាច​កាលណា​កូនស្រី​មានចំណេះដឹង​ច្រើន គឺ​ចេះ​សរសេរ​សំបុត្រ​ស្នេហា​។ ខ្ញុំ​បួស​បាន​រយៈពេល​៨​វស្សា គឺ​បួសសាមណេរ​បាន​រយៈពេល​៥​ព្រះវស្សា និង​បួសភិក្ខុ​បាន​រយៈពេល​៣​វស្សា​។

ក្រោយមក ខ្ញុំ​បាន​សឹក​មក​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​វិញ​។ ក្រោយពី​សឹក​រួច មេឃុំ​ហៅ​ខ្ញុំ​ទៅ​ឲ្យ​ជួយ​សរសេរ​របាយការណ៍​ជំនួស​ស្មៀន ព្រោះ​ស្មៀន​មិនសូវ​ធ្វើការ ហើយ​ផឹកស្រា​។ ខ្ញុំ​បានធ្វើ​ការជំនួស​ស្មៀន​អស់​រយៈពេល​បី​ខែ ក៏​សុំ​មេឃុំ​មកលេង​ផ្ទះ ព្រោះ​អត់​មាន​អ្នក​ជួយ​ធ្វើ​ការងារ​ជំនួស​ឪពុកម្ដាយ​។ កាលពី​សង្គមចាស់ នៅក្នុង​ភូមិ​សា​ទុំ​មាន​ផ្លូវ​តែមួយ​ខ្សែ​ប៉ុណ្ណោះ​។ ដំបូង​បារាំង​បាន​ចូលមក​ដាំ​ដើម​កៅស៊ូ​នៅ​ក្រឡុង​សិទ្ធិ និង​ខ្ជាយ ដែលមាន​កម្មករ​ជា​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​។ ឪពុក​របស់ខ្ញុំ​មានចំណេះដឹង ដូច្នេះ​ខាង​រាជការ​ឲ្យ​គាត់​វាស់វែង​ដីធ្លី​សម្រាប់ធ្វើ​ផ្លូវ​។ នៅ​សង្គមចាស់​អ្នកចេះដឹង ជនជាតិ​បារាំង​ហៅ​ឈ្មោះថា ថី​។ បារាំង​បានធ្វើ​ផ្លូវ​ពី​ស្រុក​ឡុ​ក​និ​ញ​ទៅ​ព្រៃនគរ និង​ភ្ជាប់​មក​ភូមិ​សា​ទុំ ភូមិ​ប្រិ​យ៍​, អូរ​អង្កាម​, ក្រឡុង​សិទ្ធិ រហូត​ទៅដល់​មេមត់​។ កាលពីដើម​ប្រជាជន​នៅក្នុង​ភូមិ​សា​ទុំ​មិន​ហ៊ាន​ចូល​ព្រៃ​ទេ​ព្រោះ​ខ្លាច​សត្វ​ខ្លា​និង​ដំរី​។ ខ្ញុំ​បាន​ជួប​សម្ដេចព្រះ នរោត្តម សីហនុ ម្ដង ពេលដែល​ទ្រង់​ចុះ​មកដល់​ស្រុក​មេមត់​។ កាលពីដើម នៅក្នុង​ភូមិ​សា​ទុំ មានផ្ទះ​ចំនួន​១៧​ខ្នង​តែប៉ុណ្ណោះ​។ ភូមិ​សា​ទុំ​ក្លាយ​មកពី​រឿងដំណាល «​ស្រី​យំ​» ព្រោះ​មាន​ស្រី​ម្នាក់​ដើរ​មកពី​ខាង​ភូមិ​ព្រៃ ប៉ុន្តែ​ដោយសារ​ចុក​ជើង​ខ្លាំងពេក​ក៏​អង្គុយ​យំ​។

ក្រោយមក ដោយសារ​អ្នកស្រុក​និយាយ​មិន​ច្បាស់ ក៏បាន​និយាយ​តៗ​គ្នា​ថា «​សា​ទុំ​»​។ ប្រជាជន​ខ្លះ​ហៅ​ភូមិ​នេះ​ថា «​ស្ទំ​»​។ ចំណែក​ប្រជាជន​ខ្លះទៀត​ដំណាល​ថា ពី​ដើម​មាន​សត្វ​បក្សី​ជាច្រើន​ហើរ​មក​ទុំ​លើ​ដើម​ពោធិ៍ ហើយក៏​ហើរ​ត្រឡប់​ទៅវិញ ទើប​អ្នកភូមិ​នាំគ្នា​ហៅថា «​ស្រទុំ​» ជាប់​មក ។​

ស្តូបគោរពវិញ្ញាណក្ខន្ធដែលសាងសង់តាំងពីសម័យសង្រ្គាមវៀតណាម ដើម្បីឧទ្ទិសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែក។(ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​កាលពី​សម័យ​បារាំង ប្រជាជន​នាំគ្នា​វេច​ខោអាវ​ត្រៀម​រួចជាស្រេច ហើយ​ពេលឮ​សំឡេង​គ្រាប់កាំភ្លើង​ម្តងៗ​ក៏​នាំគ្នា​ចូល​រត់​ពួន​នៅក្នុង​ព្រៃ​ព្រោះ​ខ្លាច​ចោរប្លន់​។ ខ្ញុំ​ដឹងថា​ចោរ​ទាំងអស់នោះ​មាន​ខ្មែរ និង​វៀតណាម​ខ្លះ​។ បារាំង​បាន​យក​ជនជាតិ​វៀតណាម​មកពី​ហាណូយ​មកចៀរ​ជ័រកៅស៊ូ ជំនួស​ឲ្យ​ជនជាតិខ្មែរ ព្រោះ​បារាំង​ប្រើ​ខ្មែរ​មិនបាន​។ នៅពេលដែល​ខ្ញុំ​ពេញកំលោះ ខ្ញុំ​សុំ​ម្តាយ​រៀបការ​ជាមួយ​នារី​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​នៅក្នុង​ភូមិ ប៉ុន្តែ​ដំបូង​ម្តាយ​របស់ខ្ញុំ​បដិសេធ​។ ខ្ញុំ​នៅតែ​ចចេស​ចង់​រៀបការ​ជាមួយ​នារី​នោះ​ដដែល​ដែល​ត្រូវជា​កូនស្រី​របស់​ប៉ូលីស​ឈ្មោះ ឡឹ​ក និង​ប្រពន្ធ​ឈ្មោះ យ៉ុង​។ ក្រោយមក ខ្ញុំ​បាន​រៀបការ​ជាមួយ​នារី​នោះបាន​កូន​ពីរ​នាក់ ហើយ​កូន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងសម័យ​ខ្មែរក្រហម​។ ប្រពន្ធដើម​របស់ខ្ញុំ មិនសូវ​រវល់​ជាមួយ​គ្រួសារ និង​ខ្វល់ខ្វាយ​ចំពោះ​កូនៗ​ទេ​។ ដោយសារតែ​យើង​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​ថា បើ​យើង​មិន​ស្រឡាញ់គ្នា​ទេ​យើង​លែង​គ្នា​។ ក្រោយពេល​ខ្ញុំ​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​រួចរាល់​ហើយ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធក្រោយ​ឈ្មោះ ឆន និង​មានកូន​ចំនួន​៧​នាក់ ។ ក្រោយមក ប្រពន្ធក្រោយ​របស់ខ្ញុំ​ពិការ​ដៃ​ម្ខាង​ដោយសារ​ពស់​ចឹក ។​
​នៅពេល​មាន​បាតុកម្ម​ទម្លាក់​សម្ដេច​សីហនុ ខ្ញុំ​ចាប់ផ្ដើម​រកស៊ី​លក់ដូរ​អង្ករ​។ ខ្ញុំ​ធាក់​កង់​ដឹក​អង្ករ​ពី​មេមត់​យកទៅលក់​ឲ្យ​កងទ័ព​វៀតណាម​។ ខ្ញុំ​ដឹក​អង្ករ​ម្ដង​បាន​២០​គីឡូក្រាម ហើយ​ក្នុង​មួយ​គីឡូក្រាម ខ្ញុំ​ចំណេញ​មួយ​រៀល​។ នៅពេល​យប់​ខ្ញុំ​មិនសូវ​បាន​ដេក​ទេ ព្រោះ​ត្រូវ​ចេញទៅ​ដឹក​អង្ករ​យកទៅលក់​ឲ្យ​កងទ័ព​វៀត​កុង​។ ខ្ញុំ​ដឹកជញ្ជូន​អង្ករ​ឲ្យ​កងទ័ព​វៀត​កុង​នៅ​ម្តុំ​ត្រពាំង​តា​ហ​ត និង​ត្រពាំង​ឈើខ្លឹម​។ កាលនោះ​មាន​អ្នក​ដឹក​អង្ករ​លក់​ច្រើន​នាក់ មកពី​ឃុំ​ជាំ​ក្រវៀន​។ ខ្ញុំ​លក់​អង្ករ​គិត​ជា​លុយ​ខ្មែរ ហើយ​មេ​ការដែល​រង់ចាំ​ទិញ​អង្ករ​ឈ្មោះ សៅ ភុ​ក​។ ដោយសារ​តែមាន​សង្គ្រាម​រវាង​អាមេរិកាំង និង​កងទ័ព​វៀត​កុង ខ្ញុំ​មិនបាន​ចាយលុយ​ទេ ហើយ​ក្របី​ញី​របស់ខ្ញុំ​មួយ​ក្បាល និង​ក្របី​ឈ្មោល​មួយ​ក្បាល​លក់បាន​ត្រឹមតែ​១០០០ រៀល​តែប៉ុណ្ណោះ​។​

​កងទ័ព​វៀត​កុង​បាន​សង់​មន្ទីរពេទ្យ​នៅក្នុង​ព្រៃ​កា​ដូន​ម៉ាច និង​ព្រៃ​តា​សឹង​។ នៅ​មន្ទីរពេទ្យ​នោះ​គឺ មាន​ផ្នែក​វះកាត់​ដែល​ប្រើ​ឧបករណ៍​ទំនើបៗ​។ កងទ័ព​វៀត​កុង​បាន​ជួល​ខ្មែរ​ឲ្យ​ជួយ​បកប្រែ ហើយ​កងទ័ព​វៀត​កុង​ខ្លះ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ុន្តែ​មិនសូវ​ច្បាស់​។ ខ្ញុំ​បាន​យក​ម្ដាយក្មេក​របស់ខ្ញុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​វៀត​កុង ក្រោយមក​ម្ដាយក្មេក​របស់ខ្ញុំ​បានជា​សះស្បើយ​ឡើងវិញ​។ ក្រោយពេល​យោធា​អាមេរិក​ស៊ើប​ដឹងថា​មាន​កងទ័ព​វៀត​កុង ទើប​មានការ​ទម្លាក់​គ្រាប់បែក​ដើម្បី​សម្លាប់​កងទ័ព​វៀត​កុង​។ គ្រាប់បែក​បេ​-៥២ ជាច្រើន​គ្រាប់​បាន​ផ្ទុះ​រង្គើរ​ដល់ផ្ទះ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​សា​ទុំ និង​ផ្ទះ​ខ្លះ​ដែល​ប្រក់​ស្លឹក​ទ្រាំង​បាន​របើក​ដំបូល​។ នៅវេលា​ម៉ោង​៥​ល្ងាច មានការ​ទម្លាក់​គ្រាប់​លើ​ទីជម្រក​កងទ័ព​វៀត​កុង បណ្តាល​ឲ្យ​កងទ័ព​វៀត​កុង និង​ប្រជាជន​មួយចំនួន​បាន​ស្លាប់ ហើយ​ប្រជាជន​នៅក្នុង​ភូមិ​សា​ទុំ​មួយចំនួនទៀត​រងរបួស​។ នៅ​អំឡុងពេល​សង្គ្រាម​រវាង​អាមេរិក និង​កងទ័ព​វៀត​កុង​បាន​ផ្ទុះឡើង ប្រជាជន​នៅក្នុង​ភូមិ​សា​ទុំ បាន​ភៀសខ្លួន​ទៅ​រស់នៅ​ភូមិ​ជាំ​ក្រវៀន និង​ភូមិ​ដូង​។ នៅពេល​ចប់​សង្គ្រាម ទើប​ប្រជាជន​នាំគ្នា​មក​រស់នៅ​ក្នុងភូមិ​វិញ​។​

​នៅ​សម័យ​ខ្មែរក្រហម ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​សា​ទុំ​ឲ្យ​ទៅ​នៅ​ភូមិ​ខ្មួរ​។ ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ខ្ញុំ​នៅ​កង​សិប្បកម្ម ធ្វើ​នង្គ័ល និង​រនាស់​។ ចំណែក​ប្រពន្ធ​កូន​របស់ខ្ញុំ​នៅក្នុង​ភូមិ​សា​ទុំ​ដដែល​។ មិនយូរប៉ុន្មាន ខ្មែរក្រហម​បាន​ជម្លៀស​ប្រពន្ធ​របស់ខ្ញុំ​ឲ្យ​មក​រស់នៅ​ភូមិ​ខ្មួរ​ជាមួយ​ខ្ញុំ​ដែរ​។ ប្រធាន​កង​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅរក​ត្រី និង​សាច់​មក​ដាក់​នៅក្នុង​សហករណ៍ ចំណែក​ប្រពន្ធ​របស់ខ្ញុំ​ប្រធាន​កង​ចាត់តាំង​ឲ្យ​ទៅ​ស្ទូងស្រូវ និង​ធ្វើស្រែ​។ មួយឆ្នាំ​ក្រោយមក ខ្មែរក្រហម​ជម្លៀស​គ្រួសារ​ខ្ញុំ​ឲ្យ​ទៅ​នៅ​ភូមិ​តា​អឹម ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ វិញ​។ នៅ​ទៅនោះ ខ្ញុំ​ធ្វើស្រែ លើក​ប្រព័ន្ធ​ភ្លឺស្រែ និង​ជីក​ប្រឡាយ​។ តម​ក ខ្មែរក្រហម​បាន​ជម្លៀស​ខ្ញុំ​ឲ្យ​ទៅ​នៅ​សហករណ៍ ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​។ ប្រធាន​សហករណ៍​បាន​ចោទប្រកាន់​ខ្ញុំ​ថា លួច​ក្របី ហើយ​យក​កាំភ្លើង​មក​ភ្ជង់​ក្បាល​ខ្ញុំ​។ ប្រធាន​សហករណ៍​យក​ខ្ញុំ​ទៅ​ឃុំ​រយៈពេល​មួយ​យប់​។ ខ្ញុំ​បាន​និយាយថា ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ ប្រសិនបើ​មិត្ត​សម្លាប់​ខ្ញុំ​ក៏​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ដែរ​។ ព្រឹក​ឡើង​ប្រធាន​សហ​រណ៍​ដោះលែង​ឲ្យ​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ហើយ​បន្ទាប់មក​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​បររទេះ​ដឹក​សំណាប​។ ចំណែក​កូន​របស់ខ្ញុំ​ប្រធាន​កង​ប្រើ​ឲ្យ​រើស​អាចម៍គោ​ដើម្បី​ធ្វើ​ជី​។ ចំពោះ​ម្ហូបអាហារ​គឺមាន​តែ​បបរ ប៉ុណ្ណោះ ហើយ​ខ្ញុំ​ហូប​មិនដែល​ឆ្អែត​ទេ​។ ថ្ងៃមួយ ខ្ញុំ​បាន​បររទេះ​ទៅ​ដឹក​សំណាប​ឲ្យ​អ្នក​ស្ទូង​។ ខ្ញុំ​គិតក្នុងចិត្ត​ថា​ប្រសិនបើ​ខ្ញុំ​មិន​លួច​ច្បាស់​ជា​ដាច់ពោះ​ស្លាប់​មិន​ខាន ដូច្នេះ​ខ្ញុំ​បាន​យក​ផ្លែ​សន្ទូច​លាក់ទុក​នៅក្នុង​ហោប៉ៅ​ខោ​។

នៅពេល​ខ្ញុំ​ទៅដល់​បឹង ខ្ញុំ​យក​ផ្លែ​សន្ទូច​ចេញពី​ហោប៉ៅ​ដើម្បី​ស្ទួ​ច​ត្រី​។ ក្រុម​ដឹក​សំណាប​របស់ខ្ញុំ​មាន​គ្នា​បួន​នាក់ ដូច្នេះ​ខ្ញុំ​និយាយប្រាប់​អ្នក​នៅក្នុង​ក្រុម​ថា​ប្រសិនបើ​យើង​ចង់​ហូប​ឆ្អែត​យើង​កុំ​រាយការណ៍​ឲ្យ​អ្នកផ្សេង​ដឹង​។ នៅថ្ងៃនោះ​យើង​ស្ទួ​ច​បាន​ត្រី និង​បាន​ហូប​ឆ្អែត​។ ខ្ញុំ​បាន​លួច​ខ្ចប់​ត្រី​យកទៅ​ឲ្យ​ប្រពន្ធ​និង​កូន​របស់ខ្ញុំ​នៅផ្ទះ​ថែមទៀត​។ នៅ​ទីនោះ ឪពុកក្មេក​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​អត់​អាហារ​។ ក្រោយមកទៀត ខ្មែរក្រហម​ឲ្យ​ខ្ញុំ​ធ្វើ​ជាជាង​ឈូសឈើ និង​សសរផ្ទះ​។ មេកង​បានកំណត់​ឲ្យ​ខ្ញុំ​ឈូស​សសរផ្ទះ​ឲ្យ​បាន​២​ទៅ​៣​ដើម​ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​ខ្ញុំ​ឈូស​មិន​ហើយ អង្គការ​នឹង​យក​ខ្ញុំ​ទៅ​រៀនសូត្រ​។ ខ្ញុំ​រស់នៅក្នុង​សហករណ៍​ក្នុងស្រុក​ឆ្លូង​រយៈពេល​មួយឆ្នាំ ទើប​ខ្មែរក្រហម​ជ្រើសរើស​ខ្ញុំ​ឲ្យ​ទៅ​នៅ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ឈ្នួល ខេត្តក្រចេះ​វិញ​។ នៅថ្ងៃនោះ ខ្មែរក្រហម​បាន​ជជែក​គ្នា​ថា​នឹង​បើករថយន្ត​ទៅ​ក្រុង​ក្រចេះ​ទាំងយប់​។ ក្រោយពេល​ខ្ញុំ​ស្តាប់​ឮដំណឹង​នេះ ខ្ញុំ​ជាមួយ​កូនៗ​និង​ប្រពន្ធ​ខ្ញុំ​លួច​ឡើង​ជិះ​រថយន្ត​ខ្មែរក្រហម​នោះ​។ ព្រឹក​ឡើង​ខ្ញុំ​និង​គ្រួ​សារបាន​ចុះ​ពីលើ​ឡាន ឃើញ​ដូច្នេះ​អ្នកបើករថយន្ត​បាន​សួរថា​ខ្ញុំ​តើ​លោកពូ​ឡើង​ជិះ​លើ​ឡាន​តាំងពី​ពេលណា​។ ខ្ញុំ​បាន​ប្រាប់​តាម​ត្រង់​ថា​លួច​ឡើង​តាំងពី​យប់មិញ​ម្ល៉េះ បន្ទាប់មក​ខ្មែរក្រហម​បាន​សួរ​ខ្ញុំ​ថា​តើ​លោកពូ​ចង់ទៅ​ណា​? ខ្ញុំ​បាន​ឆ្លើយថា​ខ្ញុំ​មិនដឹង​ទៅណា​ទេ​។ ខ្មែរក្រហម​បាន​នាំ​ខ្ញុំ​ទៅរក​កន្លែង​សម្រាក និង​ឲ្យ​អង្ករ​មក​ខ្ញុំ​ដើម្បី​ដាំបាយហូប​។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​និង​គ្រួ​សារបាន​ដើរ​រហូត​ទៅដល់​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ​។ នៅ​ទីនោះ​ខ្ញុំ​ឃើញ​យោធា និង​ត្រីងៀត​ជាច្រើន​។ ដោយសារតែ​ខ្ញុំ​ឃ្លាន​ខ្លាំងពេក ទើប​ខ្ញុំ​ដាច់ចិត្ត​សុំ​ត្រីងៀត​ពី​យោធា​យកមក​ហូប​។ នៅ​ខណៈនោះ​ប្រធាន​សហករណ៍​ថ្ម​គ្រែ​បាន​សួរ​ខ្ញុំ​ថា លោកពូ​មកពីណា​? ខ្ញុំ​ឆ្លើយថា ខ្ញុំ​មិនដឹង​មកពីណា​ទេ​ព្រោះ​ជិះឡាន​ពេលយប់​។ ខ្ញុំ​និយាយ​ទៅកាន់​ប្រធាន​សហករណ៍​ថា បើ​មិត្ត​ចង់​សម្លាប់​ខ្ញុំ​ក៏​សម្លាប់​ចុះ​។

ប៉ុន្តែ​ប្រធាន​សហករណ៍​មិនបាន​ធ្វើបាប​ខ្ញុំ​ទេ ហើយ​បាន​ចាត់តាំង​ខ្ញុំ​ទៅធ្វើ​សម្បុកមាន់​។ ដោយសារតែ​ឃ្លាន​ខ្លាំងពេក ខ្ញុំ​បាន​លួច​ពងមាន់​នៅក្នុង សម្បុក​មួយគ្រា​ប់​។ ពេលនោះ​ខ្ញុំ​ចេះ​ជាងឈើ ដូច្នេះ​ប្រធាន​សហករណ៍​ឲ្យ​ខ្ញុំ​ធ្វើ​ជាង​សង់ផ្ទះ​។ ថ្ងៃមួយ​មាន​អ្នក​ឃ្វាលគោ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា នៅផ្ទះ​ដែល​ខ្ញុំ​រស់នៅ​មាន​មនុស្ស​ស្លាប់​ទាំង​គ្រួសារ ឪពុក ម្ដាយ និង​កូន គឺ ស្លាប់​ដោយសារ​លេបថ្នាំ​ព្រោះតែ​ស្ដាយ​ទ្រព្យសម្បត្តិ​។ អ្នក​ឃ្វាលគោ​បាន​សួរ​ខ្ញុំ​ថា​ខ្លាច​ខ្មោច​ដែរឬទេ​? ខ្ញុំ​ឆ្លើយថា​ស្លាប់​ហើយ​គ្មានអ្វី​ត្រូវ​ខ្លា​ចឡើយ​។ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ខ្មែរក្រហម​ជម្លៀស​ខ្ញុំ​តាម​កាណូត​ទៅ​ស្រុក​ស្ទឹងត្រង់ បន្ទាប់មក​ជិះឡាន​បន្តទៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ដោយ​គ្មាន​បាយ​ហូប​ឡើយ​គឺ​យើង​ហូបបាយ​លាយ​ចេក​។ ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​រែក​ទឹក ជីកដី ធ្វើ​ជី ដើម្បី​ស្រោច​ស្ពៃ ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​អត់បាយ​យូរថ្ងៃ​ទើប​ខ្ញុំ​គ្មាន​កម្លាំង​រែក​ទឹក​។ ខ្ញុំ​រស់នៅ​ទីនោះ​បាន​កន្លះ​ខែ កងទ័ព​វៀតណាម​ចូលមក​ដល់ ហើយ​យើង​ក៏​ធ្វើដំណើរ​ដោយ​ថ្មើរជើង​មក​ស្រុកកំណើត​វិញ​។ ពេល​ខ្ញុំ​មក​ក្រុង​សួង ខ្ញុំ​ដើរ​រើស​កួរស្រូវ រួច​បន្តដំណើរ​មករ​ស់​នៅក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រហូតមកដល់​សព្វថ្ងៃ​៕សរន

សាលាឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។(ឡុង ដានី/មជ្ឈមណ្ឌលឯកសារកម្ពុជា)