ដោយៈ មេសា / ភ្នំពេញៈ ប្រមាណ​ជា ១១,៦ ភាគរយ នៃ ទីផ្សារ​បារី លើ​ពិភពលោក គឺជា​ពាណិជ្ជកម្ម ខុសច្បាប់ ហើយ​ភាគច្រើន កើតមាន​នៅក្នុង​ប្រទេស ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម ដែល​បារី​មានតម្លៃ​ទាប ។ ភស្តុតាង​វិទ្យាសាស្ត្រ បាន​បង្ហាញថា ទីផ្សារ​បារី ខុសច្បាប់ នៅ​ប្រទេស ដែល​ហូតពន្ធ​បារី​ទាប និង​តម្លៃ​បារី​ទាប មាន​ច្រើនជាង​ប្រទេស ដែល​ហូតពន្ធ​បារី​ខ្ពស់ និង​តម្លៃ​បារី​ខ្ពស់ជាង ។​

​ការសិក្សា​ជាច្រើន រួមទាំង​ការសិក្សា​របស់ ធនាគារពិភពលោក​ផង បាន​បង្ហាញថា មូលហេតុ បណ្ដាលឱ្យមាន​ការជួញដូ​រ ផលិតផល​ថ្នាំជក់ ខុសច្បាប់ មិន​ពាក់ព័ន្ធ ទៅនឹង​កត្តា​តម្លៃ​ទេ ប៉ុន្តែ ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ ភាពកម្សោយ នៃ​ច្បាប់​ពន្ធ និង​ការពង្រឹង​ច្បាប់ ទាក់ទង​នឹង​ពន្ធ ព្រមទាំង​ការចូលរួម របស់​ក្រុមហ៊ុន​ថ្នាំជក់ និង​បណ្តាញ​ឧក្រិដ្ឋកម្ម ផ្សេងទៀត​។ នេះ​បើ​យោង តាម​ការចេញផ្សាយ របស់​សម្ព័ន្ធ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា SEATCA ។​

SEATCA បានលើកឡើង នូវ​ករណី​ប្រទេស​មួយចំនួន ដូចជា ប្រទេស​ម៉ាឡេស៊ី និង សាំង​ហ្គា​ពួរ ជាដើម ថាៈ នៅ​ប្រទេស​ម៉ាឡេស៊ី ទោះបីជា​គ្មាន​ការដំឡើង​ពន្ធ​ថ្នាំជក់ ចាប់តាំងពី ឆ្នាំ​២០១៦ ដល់ ២០២១ ក៏ដោយ ក្រុមហ៊ុន​ថ្នាំជក់ នៅតែ​បន្ត​លើក​ពី បញ្ហា​ការកើនឡើង នៃ ការជួញដូរ​ផលិតផល​ថ្នាំជក់ ខុសច្បាប់ ដើម្បី​ជំរុញ​រាជរដ្ឋាភិបាល ឱ្យ​ដកចេញ​នូវ ផែនការ​ដំឡើង​ពន្ធ​ថ្នាំជក់ ។​

​ជារួម​មក ការជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំជក់ ទៅក្នុង​វិធានការ​ពន្ធ​ថ្នាំជក់ និង​វិធានការ ដទៃទៀត បាន​រារាំង​ដល់​ការគាំទ្រ លើ​វិស័យ​សុខភាព​សាធារណៈ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​ដោយឡែក នៅ​ប្រទេស​សាំង​ហ្គា​ពួរ រដ្ឋាភិបាល ទទួលបាន​ជោគជ័យ លើ​ការរក្សា​អាជីវកម្ម បារី​ខុសច្បាប់ ឱ្យនៅ​កម្រិត​ទាប​ខ្លាំង ទោះបីជា​បារី នៅក្នុង​ប្រទេស​នេះ មានតម្លៃ​ខ្ពស់បំផុត នៅក្នុង​តំបន់​អាស៊ាន ក៏ដោយ​។ ការដំឡើង​ពន្ធ នឹង​នាំឱ្យ​តម្រូវការ​បារី មានការ​ធ្លាក់ចុះ សូម្បីតែ​នៅពេល ដែល​ផលិតផល​បារី ខុសច្បាប់​ចរាចរណ៍ នៅលើ​ទីផ្សារ ក៏ដោយ​។ ដូច្នេះ ការ​គេចពន្ធ នឹងមិន​ធ្វើឱ្យ​បាត់បង់ ប្រសិទ្ធភាព នៃ​ការដំឡើង​ពន្ធ សម្រាប់​សុខភាព​សាធារណៈ និង ចំណូល​ពន្ធ​រដ្ឋ​នោះទេ​។​

​ចំពោះ​នៅ​ប្រទេស​កម្ពុជា ដែលជា​រដ្ឋ​ភាគី​មួយ ពោលគឺ មានកា​ព្វ​កិច្ច​អនុវត្ត​ពន្ធ លើ​បារី​ដែរនោះ SEATCA បានលើកឡើង​ថាៈ ការដំឡើង​ពន្ធ​ថ្នាំជក់ ធ្វើឱ្យ​តម្លៃ​ថ្នាំជក់ កើនឡើង និង​កាត់ បន្ថយ​លទ្ធភាព​ទិញ​បាន ហើយ​វា​ជា​វិធីសាស្ត្រ មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​កាត់បន្ថយ ការប្រើប្រាស់​ថ្នាំជក់ និង​ជួយ សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ។ ប្រសិនបើ​កម្ពុជា ដំឡើង​ពន្ធ ថ្នាំជក់ នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២ លាន​នាក់ ឈប់​ជក់បារី និង​ប្រជាពលរដ្ឋ ប្រមាណ ១៥.០០០ នាក់ រួច​ផុតពី​សេចក្ដីស្លាប់ ដោយសារ​ការជក់បារី ក្នុង​មួយឆ្នាំៗ ។​

​ក្រៅពី​ធ្វើឱ្យ​ជីវិត​ប្រជាពលរដ្ឋ ស្លាប់​រាប់ម៉ឺន​នាក់ ជា​រៀងរាល់ឆ្នាំ ថ្នាំជក់ ក៏បាន​ធ្វើឱ្យ​កម្ពុជា ខាតបង់​សេដ្ឋកិច្ច គិត​ជា​ថវិកា ប្រមាណ ២,៧ ទ្រី​លាន​រៀល ស្មើនឹង ៦៦៣ លាន​ដុល្លារ សហរដ្ឋ​អាម៉េរិក ដែល​ស្មើនឹង ៣ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។​

​អត្រាពន្ធ​ថ្នាំជក់ នៅ​កម្ពុជា បច្ចុប្បន្ន គឺ​ត្រឹមតែ ២៥ ភាគរយ ទៅ ៣០ ភាគរយ នៃ​តម្លៃ​បារី លក់រាយ​ប៉ុណ្ណោះ ដែលជា​មធ្យម​បារី មួយកញ្ចប់ មានតម្លៃ​តិចជាង ១ ដុល្លារ​សហរដ្ឋ​អាម៉េរិក ធ្វើឱ្យ​លទ្ធភាព​ទិញ បាន​កាន់តែ​ខ្ពស់​។​

SEACAT បាន​បន្ថែមថាៈ នៅ​អំឡុងពេល ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ត្រូវការ​ថវិកា​បន្ថែម ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ។ ការដំឡើង​ពន្ធ ទៅលើ​ផលិតផល ដែលមាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព ដូចជា ផលិតផល​ថ្នាំជក់ ជា​រឿង​ដែល​ល្អ​បំផុត ក្នុង​ពេលនេះ ព្រោះ​វា​នឹង​ធ្វើឱ្យ​កម្ពុជា ទទួលបាន​អត្ថប្រយោជន៍ យ៉ាង​ក្រាស់ក្រែល ពោលគឺ មិន​ត្រឹមតែ​ទទួលបាន ចំណូល​ពន្ធ​រដ្ឋ បន្ថែម​ប៉ុណ្ណោះ​ទេ ថែមទាំង​កាត់បន្ថយ​ការចំណាយ លើ​សុខភាព និង​ធ្វើឱ្យ​អ្នក​ឈប់​ជក់បារី មាន​សុខភាព និង​ផលិតភាព​ការងារ ល្អប្រសើរ​ជាង​មុន ៕/V

​ចំណងជើង​រូបៈ ស្ថាប័ន​ជំនាញ​នានា​អះអាងថា ដំឡើង​ពន្ធ​ថ្នាំជក់ គឺជា​មធ្យោបាយ​ឈ្នះ ឈ្នះ ( ពន្ធ ១, ពន្ធ ២, ពន្ធ ៣)
​រូបៈ CMH​