​ដោយៈ បូកគោ / កំពត​: ស្ថានភាព​រីកចម្រើន មកដល់​សព្វថ្ងៃ ដោយសារ​កម្ពុជា មាន​មេដឹកនាំ​ល្អ ដែល​តែង​គិតគូរ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​សុខសន្តិភាព សម្រាប់​ប្រទេសជាតិ​ទាំងមូល​។ នេះ​ជាការ​បញ្ជាក់​របស់ អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល អប់រំ អាល់​អា​ហ្វា​ហ្វ នៅ​ស្រុក​ទឹកឈូ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ ក្នុង​ពិធី​ខាងលើ​ថាៈ បច្ចុប្បន្ន កម្ពុជា​មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​គ្រប់​សាសនា​ព្រោះតែ​ប្រទេស និង​ប្រជាពលរដ្ឋ ស្ថិតក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​តែង​គិតគូរ​ជានិច្ច នូវ​រាល់​សុខទុក្ខ ប្រជាជន​ទូទាំងប្រទេស​។ អ្វីដែល​វិសេសវិសាល សម្រាប់​កម្ពុជា​នោះ គឺ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល មិន​ប្រកាន់ពូជសាសន៍ ណាមួយ​ឡើយ​។​

​លោក​អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ បាន​បន្តថាៈ ជាក់ស្តែង នា​ថ្ងៃនេះ សមិទ្ធផល ជា​មជ្ឈមណ្ឌល​អប់រំ សម្រាប់​បងប្អូន​សាសនិក​អ៊ីស្លាម ក្នុង​ខេត្តកំពត ក៏ដូចជា ស្រុក​ទឹកឈូ បាន​លេច​រូបរាង​ឡើង ដោយសារតែ​ប្រទេសជាតិ មាន​សុខសន្តិភាព ពេញ​បរិបូណ៌​។ ក្នុងនាម​តំណាង​សម្តេច​តេ​ជោ លោក​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងនេះ ឱ្យ​ស្ថិតនៅ​គង់វង្ស​យូរអង្វែង សម្រាប់​បន្ត​បណ្តុះបណ្តាល ចំណេះដឹង​ដល់​កុមារ និង​យុវជន ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍ ប្រទេសជាតិ​៕/V​