​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​លប​បាញ់កាំភ្លើង​ស៊ី​ប​គួរឱ្យខ្លាច​បំផុត​មួយរូប​លើ​ពិភពលោក​គ្រោង​នឹង​ចូលរួម​ក្នុង​ការប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​បន្ទាប់​ពី​ឆ្លើយតបការ​អំពាវនាវ​របស់​ប្រធានា​​ធិបតី​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ឱ្យ​អ្នកស្ម័គ្រចិត្ត​បរទេស​ជួយ​កម្ចាត់​ពួក​ឈ្លានពាន​រុស្ស៊ី​។​

​អ្នក​បាញ់កាំភ្លើង​ស៊ី​ប ដែល​ស្គាល់​តែត្រឹម​ឈ្មោះ​ហៅ​ក្រៅ​ថា “​វ៉ា​លី​” (Wali)​គឺ​មកពី​កងវរសេនាធំ​លេខ​២២​របស់​កាណាដា ហើយ​មាន​បទពិសោធន៍​ប្រយុទ្ធ​ពីមុន​នៅ​សមរភូមិ​កាន់​ដា​ហា (Kandahar) ក្នុងអំឡុង​សង្គ្រាម​អា​ហ្វ​ហ្គានី​ស្ថាន​រវាង​ឆ្នាំ ២០០៩ និង ២០១១​។​

​បុរស​អាយុ ៤០ ឆ្នាំ​រូប​នេះ​ក្រោយមក​បាន​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​កងកម្លាំង​រដ្ឋ​អ៊ីស្លាម​។​

​នៅ​ខែ​មិថុនា ឆ្នាំ ២០១៧ សម​មិត្ត​ម្នាក់​ក្នុងចំណោម​សម​មិត្ត​របស់គាត់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាញ់សម្លាប់​ភេរ​វករ​រដ្ឋ​អ៊ីស្លាម​ពី​ចម្ងាយ​មិន​គួរឱ្យ​ជឿ​រហូតដល់ ៣.៤៥០ ម៉ែត្រ​។​

​តាម​សេចក្តីរាយការណ៍​យ៉ាង​ទូលំទូលាយ សមាជិក​នៃ​កងវរសេនាធំ​លេខ​២២​របស់​កាណាដា​បាន​ប្រើ​កាំភ្លើង McMillan Tac-50 ដើម្បី​បាញ់​សម្លាប់​ភេរ​វករ​រដ្ឋ​អ៊ីស្លាម​ក្នុង​ឆ្នាំ ២០១៧ ពី​ចម្ងាយ ៣.៤៥០ ម៉ែត្រ ដែល​ជា​ចម្ងាយ “​កំណត់ត្រា​ពិភពលោក​” សម្រាប់​ការបាញ់សម្លាប់​ពី​ចម្ងាយ​ឆ្ងាយ​បំផុត​មិន​ធ្លាប់​មាន​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី បាន​ចេញ​សេចក្តី​អង្វរក និង​អំពាវនាវ​ឱ្យ​សមាជិក​នៃ​សហគមន៍​កងកម្លាំងប្រដាប់អាវុធ​អន្តរជាតិ​ហោះ​ទៅកាន់​អឺរ៉ុប​ខាងកើត និង​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​។​

​លោក​វ៉ា​លី ដែល​បាន​ចាកចោល​ប្រពន្ធ​និង​កូនប្រុស​អាយុ​មួយ​ឆ្នាំ​របស់​គាត់ ត្រូវ​បាន​ទាក់ទង​ដោយ​មិត្ត​ម្នាក់​ដែល​បាន​ជួយ​រៀបចំ “​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​” ទៅ​កាន់​តំបន់​ដុន​បា​ស (Donbas) ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុ​យក្រែន​។​

​លោក​បាន​ពណ៌នា​ពី​ពេល​ដែល​លោក​បាន​ឮ​ការឆ្លើយតប​នឹង​ការអំពាវនាវ​ឱ្យ​ចូលរួម​ជាមួយ​កងកម្លាំង​ស្ម័គ្រចិត្ត​អ៊ុយ​ក្រែនថា​ដូចជា “​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​ឮ​សំឡេង​រោទិ៍​”៕

​លោក​វ៉ា​លី​បាន​ទៅដល់​អ៊ុ​យក្រែន និង​ត្រៀម​ប្រើ​សមត្ថភាព​បាញ់កាំភ្លើង​ស៊ី​ប​ពី​ចម្ងាយ​របស់​គាត់​ដើម្បី​បាញ់​ទាហាន​រុស្ស៊ី