​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ម្ចាស់​ក្លិប​ឆែ​ល​ស៊ី​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វិច​(Roman Abramovich)​ត្រូវ​អាជ្ញាធរ​អង់គ្លេស​ដាក់ទណ្ឌកម្ម​ដោយសារតែ​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន នៅពេល​រដ្ឋាភិបាល​អង់គ្លេស​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​ដោយសារ​ការ​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​។​

​ត្រូវបាន​ពណ៌នា​ថា​ជា​មហាសេដ្ឋី​អភិជន​គាំទ្រ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​មួយរូប លោក​អា​ប្រា​ម៉ូ​វិច ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​និង​ហាម​ការធ្វើដំណើរ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​ទើប​កែប្រែ​ថ្មី​ដែល​ត្រូវបាន​​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មីនា បន្ទាប់​ពី​ពួក​រដ្ឋមន្ត្រី​អង់គ្លេស​ស្ថិតក្រោម​សម្ពាធ​អោយធ្វើ​ដូច្នេះ​។​

​ឯកសារ​រដ្ឋាភិបាល​និយាយថា លោក​អា​ប្រា​ម៉ូ​វិច មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រាប់​ទសវត្សរ៍​ជាមួយ​លោក​ពូ​ទីន ជា​អ្វី​ដែល​កន្លងមក​ម្ចាស់​ក្លិប​ឆែ​ល​ស៊ី​រូបនេះ​បាន​បដិសេធ​នៅ​ពេល​កន្លងមក​។​វា​និយាយថា​«​ទំនាក់ទំនង​រួម​មាន​ការទទួល​បាន​ផលប្រយោជន៍​ហិរញ្ញវត្ថុ ឬ​ផលប្រយោជន៍​សម្ភារ​ដទៃ​ទៀត​ពី​ពូ​ទីន និង​រដ្ឋាភិបាល​រុស្ស៊ី​»​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោកស្រី លីហ្ស៍ ត្រាស់​(Liz Truss)​បាន​និយាយថា​រដ្ឋាភិបាល​ផ្តោត​លើ​ពួក​មហាសេដ្ឋី​អភិជន​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​លើ​របប​ពូ​ទីន និង​ខ្ទប់​ដង្ហើម​មូលនិធិ​ទៅ​កាន់​​ម៉ាស៊ីន​សង្គ្រាម​ព្រៃផ្សៃ​របស់គាត់​»​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ពួក​សេដ្ឋី​អភិជន​មាន​ឥទ្ធិពល​របស់​រុស្ស៊ី រួមមាន​លោក​រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វិច​

​យន្តហោះ​ឯកជន​និង​នាវា​កម្សាន្ត​តំលៃ​១២,៣៦​ពាន់​លាន​ដុល្លារ ដែល​ជា​របស់ ឬ​ជួល​ដោយ​លោក​អា​ប្រា​ម៉ូ​វិច​ក៏​អាច​នឹង​ត្រូវ​រឹបអូស​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​និយាយថា «​នឹង​មិន​មាន​ឋានសួគ៌​សុវត្ថិភាព​សំរាប់​អ្នក​ដែល​គាំទ្រ​ការវាយប្រហារ​របស់​ពូ​ទីន​លើ​អ៊ុយ​ក្រែនទេ​។​យើង​នឹង​បន្ត​ប្រមាញ់​​ដោយ​គ្មាន​មេត្តា​ពួក​សម្លាប់​ជន​ស៊ីវិល បំផ្លាញ​មន្ទីរពេទ្យ​និង​កាន់កាប់​ប្រទេស​អធិបតេយ្យភាព​ដោយ​ខុសច្បាប់​»​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់ថា ក្លិប​ឆែ​ល​ស៊ី​អាច​នៅ​បន្ត​ប្រកួត​ទៀត​បាន​ក្រោយពី​ខ្លួន​ដាក់ទណ្ឌកម្ម​លើ​ម្ចាស់​របស់​វា​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វិច តែ​ហាម​ការលក់​ក្លិប​ក្នុង​English Premier League​នេះ​ទៅអោយ​អ្នកដទៃ​។​

​សូមបញ្ជាក់​ថា ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន លោក​អា​ប្រា​ម៉ូ​វិច​បាន​ប្រញាប់ប្រញាល់​ប្រកាស​លក់​ក្លិប​នេះ តែ​ការ​បង្កក​ទ្រព្យ​របស់​លោក​នៅ​អង់គ្លេស​និង​ទណ្ឌកម្ម​លើ​រូបលោក​បាន​រារាំង​ដំណើរការ​​លក់ដូរ​នេះ​។​

​កាលពី​សប្តាហ៍​មុន លោក​អា​ប្រា​ម៉ូ​វិច ដែល​ជា​ម្ចាស់​ក្លិប​ឆែ​ល​ស៊ី​តាំងពី​ឆ្នាំ​២០០៣ បាន​និយាយថា​លោក​នឹង​លក់​ក្លិប​បាល់ទាត់​នេះ​ហើយ​ផ្តល់​ប្រាក់​មួយ​ចំនួន​ពី​ការលក់​នេះ​ទៅ​អង្គការ​មនុស្សធម៌​ដើម្បី​​ជួយ​ជនរងគ្រោះ​ពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន​

​អូ​ឡេក ដេរី​ប៉ា​ស្កា​(Oleg Deripaska)​ឧស្សាហករ​ដែល​មានទ្រព្យ​ជាង​២​ពាន់​លាន​ផោន ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​នយោបាយ​អង់គ្លេស​ក៏​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​ជាមួយ​បុរស​ដៃស្តាំ​របស់​​ពូ​ទីន គឺ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​Rosneft​លោក​អ៊ី​ហ្គ័​រ សេ​ជីន​(Igor Sechin)​ផងដែរ​៕

អូ​ឡេក ដេរី​ប៉ា​ស្កា(ស្តាំ) ក៏រងទណ្ឌកម្មដោយសារជិតស្និទ្ធជាមួយពូទីន