ដោយៈ មុនីរ័ត្ន​ / ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថាៈ សាមគ្គីភាពរឹងមាំ នៃសង្គមកម្ពុជា ដែលមានប្រជាជន ចំរុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏ សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំ របស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ។

ការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអប់រំ អាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ចំពោះការបើកឱ្យដំណើរការ ជាផ្លូវការនៃ មជ្ឈមណ្ឌលអប់រំ អាល់អាហ្វាហ្វ ដែលជាគ្រឹះស្ថានអប់រំ ចំណេះទូទៅ កម្រិត មធ្យមសិក្សា សម្រាប់សិស្សប្រុសរបស់ សមាគមប្រភពល្អកម្ពុជា ដោយមានការសាងសង់ សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន បម្រើឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ មជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការរស់នៅរៀនសូត្ររបស់ក្មួយៗ សិស្សានុសិស្ស ជាអាទិ៍ អគារសិក្សា, ទីចាត់ការ, អន្តេវាសិកដ្ឋាន, អគារស្នាក់នៅគ្រូបង្រៀន, សាលសហ សិក្សា, អាហារដ្ឋាន, រួមទាំងរបង, សួនច្បារ និងផ្លូវបេតុង។

សកម្មភាពរបស់ សមាគមប្រភពល្អកម្ពុជា និងសមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែក ជួយដល់ការអភិវឌ្ឍធនធាន មនុស្ស នៅតាមសហគមន៍ឥស្លាមកម្ពុជា ដោយក្មួយៗសិស្សានុ សិស្ស អាចទទួលបានការចិញ្ចឹមទំនុកបម្រុង និងរស់នៅ រៀនសូត្រ នៅក្នុងសាលាផ្ទាល់ ហើយក្មួយៗ ដែលជាកូនចៅប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ក៏អាចចូលរៀន នៅក្នុង សាលា ជាមួយនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីប្រពៃណីឥស្លាមសាសនា។ ទាំងអស់នេះ គឺដើម្បីធ្វើយ៉ាងណា ឱ្យក្មួយៗ ក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងគុណធម៌ ស័ក្តិសម ជាយុវជនគំរូ និងជាពល​រដ្ឋល្អ សម្រាប់ប្រទេសជាតិ៕/V