ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ថាៈ ក្រុម​អ្នកនយោបាយ អគតិ​មួយចំនួន ដែល​តែងតែ​ធ្វើ​សកម្មភាព​ញុះញង់ បំផុសបំផុល និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ មិនឱ្យ​ចាក់​វ៉ាក់សាំង ត្រូវបាន​កាច់​បំបាក់ យ៉ាង​អាម៉ាស់​បំផុត ដោយសារ​ប្រជាពលរដ្ឋ មានការ​ចេះដឹង និង​ពិចារណា ហេតុផល​ត្រឹមត្រូវ ព្រមទាំង​មាន​ជំនឿ​ទុកចិត្ត យ៉ាង​មុតមាំ លើ​ភាពជា​អ្នកដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​អប់រំ​អាល់​អា​ហ្វា​ហ្វ របស់ សមាគម​ប្រភព​ល្អ​កម្ពុជា ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ បញ្ជាក់ថាៈ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស ព្រមទាំង​ក្រុមការងារ យុវជន​គ្រប់​យន្តការ បាន​យក​អស់កម្លាំង​កាយ​ចិត្ត ពេលវេលា និង​ការបម្រើ​ប្រជាពលរដ្ឋ ជាប់​ជាប្រចាំ និង​ក្នុង​គ្រប់​កាលៈទេសៈ​លំបាក មាន​អាសន្ន ដែល​ខុសពី​ក្រុម​អ្នកនយោបាយ អគតិ​មួយចំនួន ដែល​ប្រើប្រាស់​ពេលវេលា ធ្វើ​តែ​សកម្មភាព​ញុះញង់ និង​បំភិតបំភ័យ​ប្រជា ពលរដ្ឋ ដូចជា​ករណី​បំផុសបំផុល មិនឱ្យ​ចាក់​វ៉ាក់សាំង​ជាដើម​។

​មេបញ្ជាការ​កងទ័ពជើងគោក បាន​សង្កត់ធ្ងន់ថាៈ “​ទីបំផុត អំពើ​ដ៏​គួរឱ្យ​ខ្មាស់អៀន និង​អមនុស្សធម៌ ទាំងអស់នេះ ត្រូវបាន​កាច់​បំបាក់ យ៉ាង​អាម៉ាស់​បំផុត ដោយសារ​ប្រជាពលរដ្ឋ លោក​មានការ​ចេះដឹង និង​ពិចារណា ហេតុផល​ត្រឹមត្រូវ ព្រមទាំង​មាន​ជំនឿ​ទុកចិត្ត យ៉ាង​មុតមាំ លើ​ភាពជា​អ្នកដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដូច្នេះ​ប្រជាពលរដ្ឋ​យើង ជិត ១៥ លាន​នាក់​ហើយ បាន​ចូលរួម​ចាក់​វ៉ាក់សាំង គ្រប់ៗ​គ្នា នៅ​ទូទាំងប្រទេស ដើម្បី​ថែរក្សា​ការពារ អាយុជីវិត​របស់ខ្លួន ក្រុមគ្រួសារ និង​សហគមន៍ ឱ្យ​រួច​ឆ្លង​ផុតពី​វិនាសកម្ម នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្លាប់​រង្គាល​ប្រជាជន នៅ​ទូទាំង​ពិភពលោក ជាង ៦ លាន​នាក់​រួចមកហើយ​”​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អបអរសាទរ​ចំពោះ ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៃ​មជ្ឈមណ្ឌល​អប់រំ​អាល់​អា​ហ្វា​ហ្វ ដែលជា​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ កម្រិត​មធ្យមសិក្សា សម្រាប់ សិស្ស​ប្រុស​របស់ សមាគម​ប្រភព​ល្អ​កម្ពុជា ដោយមាន​ការសាងសង់​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាច្រើន បម្រើឱ្យ​ការបំពេញ​ការងារ របស់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​ការរស់នៅ​រៀនសូត្រ របស់​ក្មួយៗ​សិស្សានុសិស្ស ជាអាទិ៍ អគារសិក្សា​, ទីចាត់ការ​, អន្តេវាសិកដ្ឋាន​, អគារ​ស្នាក់នៅ​គ្រូបង្រៀន​, សាល​សហ​សិក្សា​, អាហា​រដ្ឋា​ន​, រួមទាំង​របង​, សួនច្បារ និង​ផ្លូវ​បេតុង​។ សកម្មភាព​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា និង​សមិទ្ធផល​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក ជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស នៅតាម​សហគមន៍​ឥស្លាម​កម្ពុជា ដោយ​ក្មួយៗ​សិស្សានុសិស្ស អាច​ទទួលបាន​ការចិញ្ចឹម​ទំនុកបម្រុង និង​រស់នៅ​រៀនសូត្រ នៅក្នុង​សាលា​ផ្ទាល់ ហើយ​ក្មួយៗ ដែលជា​កូនចៅ​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍ ក៏​អាច​ចូលរៀន នៅក្នុង​សាលា ជាមួយនឹង​កម្មវិធីសិក្សា របស់​ក្រសួង​អប់រំ និង​កម្មវិធី​ប្រពៃណី​ឥស្លាម​សាសនា​។ ទាំងអស់នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្មួយៗ ក្លាយជា​ធនធានមនុស្ស ប្រកបដោយ​ចំណេះដឹង ជំនាញ សីលធម៌ និង​គុណធម៌ ស័ក្តិ​សមជា​យុវជន​គំរូ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​៕/V​