ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ មនុស្ស​ចំនួន​បួន​នាក់ បាន​រងរបួស​ធ្ងន់ នៅ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​កុងតឺន័រ និង​រថយន្ត​ដឹក​ឡាំង​ក្រដាស ក្នុងទិសដៅ ផ្ទុយគ្នា ហើយ​ក្រោយពី​បង្ក​គ្រោះថ្នាក់​នោះ រថយន្ត​ដឹក​ឡាំង​ក្រដាស បាន​ខ្ទាត​ប៉ើង​ថយក្រោយ ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ​អ្នកដំណើរ ដែល​កំពុងធ្វើដំណើរ ពី​ខាងក្រោយ​តែម្តង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៣ រសៀល ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២២ លើផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​ថ្នល់កែង ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បានបង្កឡើងដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកឡាំង ក្រដាស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F8609 ធ្វើដំណើរក្នុងទិសដៅ ពីទិសខាងកើត ទៅខាងលិច បើកបរ ដោយឈ្មោះ ទុន នីម៉ៃ ភេទប្រុស អាយុ ៣៨ ឆ្នាំ ។ លុះមកដល់ ចំណុចកើតហេតុ ខាងលើ រថយន្តនេះ បានវ៉ារថយន្ត ដឹកកុងតឺន័រ នៅពីមុខ ហើយក៍ជ្រុល ទៅបុក ជាមួយរថយន្ត កុងតឺន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E2655  ក្នុងទិសដៅផ្ទុយ គ្នា។ បន្ទាប់មក រថយន្តបង្ក ពាក់ផ្លាកលេខ ភ្នំពេញ 3F8609 បានខ្ទាតទៅខាងក្រោយវិញ សង្កត់លើ ម៉ូតូពីរ គ្រឿងទៀត បណ្ដាលឲ្យ អ្នកបើកម៉ូតូ បានរងរបួសធ្ងន់។

​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ថាៈ ក្នុងហេតុការណ៍នេះ បណ្ដាលអោយ​មនុស្ស រងរបួស​ធ្ងន់​ ចំនួន បួន​នាក់ ប្រុស (​អ្នកបើកបរ​រថយន្ត ពីរ​នាក់ និង​អ្នកបើកបរ​ម៉ូតូ ពីរ​នាក់​) ហើយ​បច្ចុប្បន្ន ពួកគេ បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។មូលហេតុ គឺ​បណ្ដាលមកពី​រថយន្ត ហ៊ីយ៉ាន់ដាយ ដឹកឡាំងក្រដាស វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​៕/V