ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្ស នយោបាយមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពីសំណាក់បុគ្គលមួយចំនួន គឺគណបក្សនយោបាយមានសិទ្ធិប្តឹងទៅនិងមន្ត្រីបោះឆ្នោតដើម្បីឲ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។


ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប.(រូបថតឯកសារ)

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប.បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែមីនានេះថាជាការពិត នៅក្នុងដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់គឺតែងជួប ប្រទេសនៅបញ្ហាមួយចំនួនពាក់ព័ន្ធទៅនិងការលំបាកគណបក្សមួយចំនួនក្នុងការរៀបចំឯកសារ។ជាពិសេសគឺឯកសារដែលមានការបញ្ជាក់ពីអាជ្ញាធរឃុំសង្កាត់។ប៉ុន្តែយ៉ាងណាក៏ដោយចំណុចនេះគឺគណបក្សនយោបាយដែលជួបផ្ទាល់មានសិទ្ធិប្តឹងទៅនិងមន្ត្រីបោះឆ្នោតដើម្បីឲ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា “យន្តការ នៃការប្តឹងនេះ ប្រសិនបើប្តឹងមន្ត្រីបោះឆ្នោតគឺត្រូវប្តឹងនៅថ្នាក់លើមួយ ថ្នាក់ ហើយគណបក្សនយោបាយអាចប្តឹងទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ហើយបណ្តឹងនេះ អាចបញ្ចប់នៅគ.ជ.ប.ដែលជាសមត្ថកិច្ចដោះស្រាយបណ្តឹងងក្រោយបិទផ្លូវតវ៉ា។ប៉ុន្តែក្នុងករណីប្តឹងចំពោះបុគ្គលមិនមែនជាមន្ត្រីបោះឆ្នោតគណបក្សដែលជួបប្រឈមបញ្ហាលំបាកដោយសារបុគ្គលនោះមានសិទ្ធិប្តឹងចំពោះការរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយពិសេសផ្អែកទៅលើជំពូក ១៤ នៃច្បាប់នេះត្រូវដាក់ពាក្យ បណ្តឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ នេះគឺជាការប្តឹងចំពោះបទរារាំងមិនឲ្យឈរឈ្មោះជាបេក្ខជន ឬក៏បំភិតបំភ័យ ឫក៏គំរាមកំហែងបេក្ខជន”។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថាគ្រប់ដំណាក់ការនៃការរៀបចំការបោះឆ្នោតមានទាំងការចុះបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផល នៃការបោះឆ្នោត សុទ្ធតែមានបែបបទនីតិវិធីនៃការដាក់បណ្តឹងតាមដំណាក់កាលនិមួយៗ ហើយការដែលគ្រាន់តែលើកឡើងរបស់គណបក្សនយោបាយមួយចំនួនថា មានការគំរាមកំហែង គឺមិនទាន់គ្រប់គ្រាន់ទេ។ គ.ជ.ប មិនអាចចំណាត់ការទេ ប៉ុន្តែនៅក្នុងករណីមានបណ្តឹងពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសនេះគឺគណបក្សនយោបាយ ត្រូវប្តឹងទៅតាមវិធានការដូចបានបញ្ជាក់ជូនខាងលើនេះ។

សូមជម្រាបថា ការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គឺមានគណបក្សនយោបាយចំនួន១៧បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន៕ (ប្រភព AMS)