ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅថ្ងៃទី១០ ខែមីនានេះថា បន្ទាប់ពីអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ គឺមានសកម្មជន និងសមាជិក សមាជិកា នៅតាមបណ្តារាជធានី ខេត្ត មួយចំនួន បានមកចូលរួមគណបក្សខ្មែររួបរួមជាតិ ជាបន្តបន្ទាប់។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ពិតជាមានសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួនដែលអញ្ជើញមកតាមថ្នាក់ដឹកនាំជាន់ខ្ពស់របស់គាត់ដែលបានមកពីតាមបណ្តាលខេត្តមួយចំនួន ពីព្រោះថ្នាក់ដឹកនាំសុទ្ធតែធ្លាប់បានទទួលខុសត្រូវខេត្ត ដូចជាលោកញ៉េប ប៊ុនជិន ទទួលខុសត្រូវខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ គាត់មានកូនចៅច្រើន។ លោកសាយ ហាក់ ទទួលខេត្តព្រៃវែង ស្វាយរៀង លោកផាន់ សិទ្ធី នៅរាជធានីភ្នំពេញ … ហើយមានមកជាបន្តបន្ទាប់បានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ”។

លោកបានបញ្ជាក់ទៀតថា ក្រៅពីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ក៏មានថ្នាក់ដឹកនាំ និងសមាជិកមកពីគណបក្សនយោបាយផ្សេងៗមួយចំនួនទៀត ក៏បានអញ្ជើញមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិផងដែរ។

រូថត៖ពិធីទទួលសមាជិកមកពីគណបក្សហ៊្វុនស៊ិនប៉ិចនាពេលកន្លងមកនេះ

សូមជម្រាបថា អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនសប៊ិនប៉ិច ដែលក្នុងនោះមានដូចជា អតីតអនុប្រធាន អគ្គលេខាធិការ អ្នកនាំពាក្យ និងសមាជិកគណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ិនប៉ិច បានសំរេចចិត្តចូលមករួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០២២។

លោកញ៉េប ប៊ុនជិន អតីត អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ខែ មីនាថា សមាសភាពនៃអតីតគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ដែលចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ រួមមានៈ លោកសាយហាក់ លោកផាន់ សិទ្ធី លោកញឹម សាវី លោកចាប ញ៉ាលីវុធ លោកវ៉ាន់ សុផាន់ណា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

រូបថតៈសន្និសីទកាសែត៖ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ

លោកញ៉េប ប៊ុនជិន បានបញ្ជាក់ថា គណបក្សខ្មែររួមរួមជាតិ មានគោលការរក្សារបបរាជានិយម ហើយអតីតសមាជិកគាំទ្រសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណ៤០ម៉ឺននាក់នៅមូលដ្ឋានរាជធានី- ខេត្ត មានគោលបំណងច្បាស់លាស់ចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។
លោកបន្តថា ដោយសារភាពចាស់ទុំនយោបាយរបស់លោកញឹក ប៊ុនឆៃ មានគោលការណ៏គាំទ្ររបបរាជានិយម ក្រោមការដឹកនាំរបស់លោកញឹក ប៊ុនឆៃ និងធ្វើឲ្យគណបក្សខ្មែររួបរួមជាតិ មានសម្លេងក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការត្រៀមចូលរួមតាមបែបប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបានបញ្ជាក់ទៀតថា ការសំរេចចិត្តជាក្រុមមកចូលរួមជាមួយក្នុងគណបក្សខ្មែររួបរួមជាតិ ពីព្រោះគណបក្សនេះ មិនមែនជាគណបក្សប្រឆាំងនោះទេ គឺជាគណបក្សរាជានិយម ដូចគណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ។
លោកបានលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច បានចុះខ្សោយយ៉ាងខ្លាំងបន្ទាប់ពីសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ចូលទីវង្គត គឺមានតែការបែកបាក់ គ្មានការបង្រួបង្រួមគ្នាមិនបាន។ អ្នកថ្មីមិនត្រូវការមនុស្សចាស់ទុំដែលជាអ្នករាជានិយម៕srn