ដោយៈដេប៉ូ/ភ្នំពេញៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដោយបង្ហាញ​ពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានធ្វើការបាតុកម្មតវ៉ាអស់ជាច្រើនថ្ងៃកន្លងមក។

សេចក្តីជូនដំណឹងនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២នេះក្រសួងការងារបានបញ្ជាក់ថា វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ កន្លងមក គឺផ្តើមចេញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសកម្មភាពអាជីវកម្មមួយ ចំនួនក្នុងវិស័យទេសចរណ៍ សេវាកម្សាន្ត កាស៊ីណូ និងបដិសណ្ឋារកិច្ចនៅទូទាំងពិភពលោក ក៏ដូច​ជា​នៅប្រទេសកម្ពុជា ត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ឬត្រូវរៀបចំដំណើរការឡើងវិញ ដោយត្រូវកាត់បន្ថយបុគ្គលិក និងអនុវត្តវិធានការ សុខាភិបាល។

ប្រភពដដែលបន្តថា បន្ទាប់ពីការធ្វើបាតុកម្មតវ៉ា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបានចំនួន ៧លើក ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ស្ដីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឱ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោជិតចំនួន ៣៧៣នាក់ ឱ្យចូលធ្វើការវិញជាដាច់ខាតដដែល ទើបពិភាក្សា លើចំណុចទាមទារដទៃផ្សេងទៀត។

តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលគិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។

ក្រសួងបានបន្តថា ដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់ និងក្នុងគោលបំណង​ឈានទៅ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់បងប្អូនបាតុករដែលជាអតីត បុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូម បញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូនបាតុក ក៏ដូចជាគិតគូរផដល់សិទ្ធិស្របច្បាប់ របស់វិនិយោគិនផងដែរ៕សរន