ដោយៈមុនីរ័ត្ន/ភ្នំពេញៈ Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ាន និងបានសម្តែងក្តី​សង្ឈឹមថា លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។

ការអបអរសាទរនេះបានបង្ហាញនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និង សហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងជំនួបនេះឧបនាយករដ្ឋមន្រ្តី បានសម្តែងការ ស្វាគមន៍ចំពោះលោក Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា និងបាន សម្តែងនូវជំនឿជាក់ថា ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ច សហការពេញ​លេញ របស់ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដល់លោកក្នុងកា រ បំពេញ បេសកកម្ម ឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាឱ្យ ទំនាក់ទំនងទ្វេភាគីនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ ចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបាន គ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនហើយលោកក៏បានលើកឡើងអំពីលទ្ធផលជោគជ័យត្រចះត្រចង់នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ដែលប្រជាជនប្រមាណ ៩២ភាគរយនៃប្រជាជនសរុប បានចាក់វ៉ាក់សាំងរួច ហើយដែល អនុញ្ញាតឱ្យកម្ពុជាអាចបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសឡើងវិញ ជាបណ្តើរៗ។

លោកឧបនាយករដ្ឋមន្រ្តីនិងលោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ដោយពេញចិត្តចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងបានឯកភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការត្រៀមទទួលស្វាគមន៍គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានដែលជាឱកាសដ៏សំខាន់សម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាននាពេលអនាគត ហើយបានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតអំពីលទ្ធភាពនៃការផ្លាស់ប្តូរការសម្របសម្រួលរវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញរបស់រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ក្នុងអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (Organisation of Islamic Cooperation-OIC)។

លោក ឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ ៕សរន