ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលស្គាល់​ផ្លូវការ​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​បង្កើត​សមាគម​ត្រចៀក​កាំ​ខ្មែរ​កាលពីដើម​ខែមីនា​នេះតំណាង​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំបានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​ជំរុញ​ការនាំចេញ​ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត ជាពិសេស​ទៅ​ប្រទេស​ចិន​។​

​លោក ស៊ុយ កុក​ធាន តំណាង​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំកាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​បាន​មានប្រសាសន៍ថា ការបង្កើតសមាគមត្រចៀកកាំនេះឡើងដោយសារមូលហេតុចម្បងៗមួយចំនួនដូចជា៖ទី១.​គឺយើងត្រូវការជួយជ្រោមជ្រែង ​កសិក​រ​ដែល​ចិញ្ចឹម​ត្រចៀកកាំ​នៅ​ខ្មែរ​យើង​ឲ្យ​បាន​ទូលំទូលាយ យើង​ឃើញថា​យើង​ទើប​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទេ អញ្ចឹង​បញ្ហា​បច្ចេកទេស​នៅមានកម្រិត ដូច្នេះ​គោលបំណង​របស់ គឺ​លើកស្ទួយ និង​ជួយ​ជំរុញ​ផ្នែក​បច្ចេកទេស​ឲ្យ​បាន​ខ្ពស់ មានន័យថា​យើង​ចិញ្ចឹម​ឲ្យ​បាន​ជោគជ័យ .ទី​២.​យើង​ស្វែងរក​ទីផ្សារ​សម្រាប់​ប្រជាកសិករ បើកាលណា​យើង​ផលិត​បាន​ហើយ អត់​ទីផ្សារ​នោះ​ក៏​មិនល្អ​ដែរ។អ៊ីចឹង​សមាគម​យើង​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វែងរក​ដៃគូ​ខាងក្រៅ​ឲ្យ​ចូលមក​វិនិយោគ ក្នុងការ​កែច្នៃ ក្នុងការ​នាំចេញ​សម្បុក​ត្រចៀកកាំ​ខ្មែរលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ចាប់តាំងពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​សំបុក​ត្រចៀកកាំ ក៏​ជា​ទំនិញ​អទិភាព​មួយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានស្នើ​សុំ​ដាក់​នៅក្នុង​កិច្ចព្រមព្រៀង​នេះដែរ​។​

លោក​សង្ឃឹម​ទៀតថា សមាគម​នឹង​អាច​ធ្វើការ​ទូលំទូលាយ​បាន​ច្រើនជាង ថែមទាំង​ផ្តល់​ជំនឿ​ដល់​ប្រជាកសិករ មានន័យថា ការបង្កើត​សមាគម​មិនមែន​បម្រើ​ផលប្រយោជន៍​ឲ្យ​បុគ្គល​ណាមួយ​នោះទេ គឺ​យើង​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​បច្ចេកទេស​ទូទៅ​ក្នុងការ​ថែទាំ​ឲ្យ​បាន​លទ្ធផល​ល្អ ហើយ​ធ្វើយ៉ាងណា​យើង​ផលិត​សម្បុកឲ្យ​ក្លាយជា​សំបុក​ស្តង់ដារ ព្រោះ​ការសិក្សា​ថ្មីៗ​នេះ នៅ​អាស៊ី​ប៉ាស៊ីហ្វិក គឺ​គេ​រកឃើញថា​សំបុក​ត្រចៀកកាំ​នៅ​ស្រុក​ខ្មែរ​យើង​គឺ​មានគុណ​ភាពល្អ​ជាងគេ ក៏​ព្រោះតែ​កម្ពុជា​មិនមាន​ការបំពុល​បរិស្ថាន ឬ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​ដូច​បណ្តា​ប្រទេស​ដទៃ​ទេ​។ យើង​នឹង​ជំរុញ​ឲ្យ​បាន​កាន់តែ​ខ្ពស់​ឡើង​ថែមទៀត ព្រោះ​ការយល់ដឹង​របស់​ប្រជាកសិករ​យើង​នៅមានកម្រិត​។ លោក​បន្ថែមថា តាម​ការស្រាវជ្រាវ​កន្ល​ង​មក ក្នុង​មួយ​ឆ្នាំៗ ប្រទេស​ចិន​មាន​តម្រូវការ​ផលិតផល​ស​ម្បុ​ក​ត្រចៀកកាំ​រាប់ពាន់​តោន ខណៈ​ការផ្គត់ផ្គង់​នៅ​ខ្វះ​ជាងមួយ​ពាន់​តោន​ជា​រៀងរាល់ឆ្នាំ​។

ដោយឡែក ទាក់ទង​នឹង​តម្លៃ​វិញ បច្ចុប្បន្ន​សំបុក​ត្រចៀកកាំ​នៅ​កម្ពុជា មិនទាន់​សម្អាត គិត​ជា​មធ្យម​មានតម្លៃ​ចន្លោះ​ពី ៦៥០​ទៅ​៧០០​ដុល្លារ ក្នុង ១​គីឡូក្រាម និង​សម្អាត​ហើយ​មានតម្លៃ​ចន្លោះ​ពី ១ ៦០០​ទៅ​ជាង ២ ០០០​ដុល្លារ ខណៈដែល​នៅ​ប្រទេស​ម៉ាឡេស៊ី ផលិតផល​សម្បុកត្រចៀកកាំ​មិនទាន់​សម្អាត មានតម្លៃ​ចន្លោះ​ពី ៨០០​ទៅ​១ ០០០ ដុល្លារ​៕​សរន