​ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដណ្តើមបាន​មេដាយ​ពីលើ​ឆាក​អន្តរជាតិ​សរុប​ចំនួន​៣៧០​គ្រឿង​ក្នុងនោះ​មេដាយមាស ១០៨​គ្រឿង ប្រាក់​១៣១​គ្រឿង និង​សំរឹទ្ធ​១៣១​គ្រឿង​។​​នេះ​ជា​សមិទ្ធផល​មិនអាច​កាត់ថ្លៃ​បាន​ហើយ​បើ​ប្រៀបធៀប​ទៅនឹង​សហព័ន្ធ​កីឡា​ជាតិ​ដទៃៗ​ទៀត គឺ​វិស័យ​កីឡា​ប៉េតង់​កំពុង​ឈានមុខ​គេ​ក្នុង​ការដណ្តើម​មេដាយ​ច្រើនជាងគេ​យកមក​ជូន​ជាតិ​។​បើ​និយាយ​ពី​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​គឺ​ប្រភេទ​កីឡា​ប៉េតង់​ធ្លាប់​ដណ្តើមបាន​មេដាយមាស ១១​គ្រឿង​។​

​ប្រភេទ​កីឡា​មិនមែន​អូឡាំពិក​មួយ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់ និង ក្នុង​ទ្វីប​រអែង​ប៉ុណ្ណោះ​ទេ​តែ​ប្រភេទ​កីឡា​
​មួយ​នេះ​បាន​រាតត្បាត​ពិភពលោក​តែម្ដង​។ ប្រទេស​បារាំង​ដែលជា​ស្ថាបនិក​នៃ​ប្រភេទ​កីឡា​នេះ​ក៏​ធ្លាប់​ចាញ់​កម្ពុជា​ហើយ​ថែមទាំង​បានចាត់ទុក​
​កម្ពុជា​គឺជា​យក្សា​នៃ​ប្រភេទ​កីឡា​ប៊ូល និង ប៉េតង់​ក្នុង​ពិភពលោក ។​

​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​លើកឡើងថា សមិទ្ធផល​មេដាយ​ដែល​សហព័ន្ធ​ដណ្តើមបាន​ពី​ឆាក​អន្តរជាតិ​ក្រោម​ការដឹកនាំ​របស់​អតីត​ថ្នាក់ដឹកនាំ​ជាច្រើនរូប​បាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​ដ៏​មាន​សារៈសំខាន់​មិនអាច​កាត់ថ្លៃ​បាន ដើម្បី​បន្ត​ពូជ​ទៅ​ថ្ងៃ​អនាគត ជាពិសេស​គឺ​គោលដៅ​ស៊ី​ហ្គេម​ពីរលើក​ចំពោះមុខ គឺ​ស៊ី​ហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ការធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ប្រមុខ​កីឡា​ប៊ូល​និង​ប៉េតង់​រួប​នេះ​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​យើង​នឹង​បន្ត​ប្រជែង​បាន​មេដាយ​ជា​បន្តបន្ទាប់​ទៀត​ជាពិសេស​គឺ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​តែម្តង​។ ស្ថិតិ​នៃ​មេដាយ​របស់​កម្ពុជា​មិន​នៅ​ទ្រឹង​តែត្រឹម​នេះ​ទេ​
​តែ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ពិសេស​ស៊ី​ហ្គេម​នៅ​វៀតណាម​នា​ឆ្នាំនេះ និង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​​ចក្ខុវិស័យ​ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​សហព័ន្ធ​នឹង​រៀបចំ​ធ្វើ​តារាង​ប៊ូល​ឲ្យ​បាន​៤ ក្នុង​ខេត្ត​នីមួយៗ ហើយ​ប្រមាណ​១០០​តារាង សម្រាប់​២៥​រាជធានី​-​ខេត្ត ជា​បន្តបន្ទាប់ សហព័ន្ធ​ស្នើ​ឲ្យ​ក្លិប​-​សមាគម​ប៊ូល និង​ប៉េតង់​នានា សុំ​មក​សហព័ន្ធ ដើម្បី​សហព័ន្ធ​ពិនិត្យ និង​សម្រេច​តាម​ការស្នើសុំ​។​ការរៀបចំ​សាងសង់​តារាង​ប៊ូល​នេះ​នឹង​រៀបចំ​នូវ​ការកំណត់​ស្តង់ដារ​រួមមួយ​ដូច​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​សាងសង់​ទី​លាន​បាល់ទាត់​នៅ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ការអភិវឌ្ឍ​ដូចគ្នា​។ គម្រោង​តារាង​ប៊ូល​នេះ អាច​នឹងធ្វើ​រួចរាល់ ក្នុង​រយៈពេល​១​ឆ្នាំ ដោយ​មិនទាន់​បំពាក់​ដំបូល​នោះទេ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​អាច​នឹង​សាងសង់​ដំបូល​១ ឬ​២ ក្នុងចំណោម​តារាង​ចំនួន​៤​។​

​ជាមួយគ្នានេះ​សហព័ន្ធ​បើកឱកាស​ឲ្យ​បណ្តា​ក្លិប​សមាគម​តាម​រាជធានី​ខេត្ត​ចូលរួម​ប្រកួតប្រជែង​ឲ្យ​បាន​ច្រើន​ជាពិសេស​គឺ​សហព័ន្ធ​ជំរុញ​ទឹកចិត្ត​ដល់​យុវជន យុវនារី តាម​ប្រភេទ​អាយុ ឲ្យ​ចូលរួម​ប្រកួត​ដែរ ដើម្បី​អភិវឌ្ឍ​កម្រិត​យុវជន​ឲ្យ​បានល្អ​ប្រសើរ ដូច​ក្រុម​ឈុត​ធំ​ទៀតផង​៕​