ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋបាលបៃដិននិយាយថា ការបាញ់មីស៊ីលកូរ៉េខាងជើងចំនួនពីរលើកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគឺជាការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBMរយៈចម្ងាយឆ្ងាយដ៏មានអានុភាពថ្មី ហើយបានព្រមានថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយពេញលេញអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
វាជាការសាកល្បងមីស៊ីលដែលគេរាយការណ៍ថាមានទំហំធំជាងមីស៊ីល ICBMដែលកូរ៉េខាងជើងបានបាញ់កាលពីឆ្នាំ ២០១៧ ដែលគេវាយតម្លៃថាមានសមត្ថភាពបាញ់ដល់សហរដ្ឋអាម៉េរិក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា កងកម្លាំងការពារមីស៊ីលនិងឈ្លបយកការណ៍របស់អាម៉េរិកនៅប៉ាស៊ីហ្វិកត្រូវបានដាក់ក្នុងស្ថានភាព “ប្រុងជើងការជាស្រេច”ក្នុងការត្រៀមខ្លួនសម្រាប់ការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយពេញលេញ។
មន្ត្រីរូបនេះបានគូសបញ្ជាក់ពីការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកលើការបាញ់សាកល្បងថ្មីៗនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន កឺប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលបំណងនៃការបាញ់សាកល្បងទាំងនេះ ដែលមិនបង្ហាញពីរយៈចម្ងាយរបស់ ICBMទំនងដើម្បីវាយតម្លៃប្រព័ន្ធថ្មីនេះ មុនពេលធ្វើការសាកល្បងពេញលេញនាពេលអនាគត ដែលអាចក្លែងបន្លំជាការបាញ់បង្ហោះយានទៅទីអវកាស”។
កូរ៉េខាងជើងបានអះអាងថា ការបាញ់សាកល្បងនៅថ្ងៃទី ៤ ខែមីនា និងថ្ងៃទី ២៦ ខែកុម្ភៈ គឺគ្រាន់តែដើម្បីសាកល្បងកាមេរ៉ាសម្រាប់ដំឡើងនៅលើផ្កាយរណបចារកម្មនាពេលអនាគតប៉ុណ្ណោះ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនបានហាមឃាត់កូរ៉េខាងជើងពីការបាញ់មីស៊ីលICBM ហើយសហរដ្ឋអាម៉េរិកនឹងប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីនៅថ្ងៃសុក្រនេះ ដែលមានន័យថាធ្វើឱ្យប្រទេសនេះកាន់តែលំបាកក្នុងការប្រើប្រាស់បច្ចេកវិជ្ជាដែលត្រូវការសម្រាប់កម្មវិធីអាវុធរបស់ខ្លួន៕
អាម៉េរិកថាកូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលផ្លោងចម្ងាយឆ្ងាយពេញលេញក្នុងពេលឆាប់ៗ