ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ វីរុសអូមីក្រុងបំប្លែងខ្លួន ដែលគេហៅថា«អូមីក្រុងបំបាំងកាយ»កំពុងលេចឡើងនៅទីក្រុងហូជីមិញភាគខាងត្បូង នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានសុខាភិបាលក្រុង។
ប្រធាននាយកដ្ឋានសុខាភិបាលក្រុងលោក តាង ជី ធឿង(Tang Chi Thuong)បាននិយាយថាក្នុងចំណោមសំណាកកូរ៉ូណា៦៧ មាន២៤ស្ថិតក្នុងក្រុមBA.1 និង៤៣ករណីទៀតនៅក្នុងក្រុមBA.2ដែលគេដឹងថាជា«អូមីក្រុងបំបាំងកាយ»។នេះមានន័យថា ទីក្រុងភាគខាងត្បូងនេះកំពុងស្ថិតក្រោមការវាយប្រហារពីវីរុសចម្លងលឿនBA.2នេះ។
វីរុសអូមីក្រុងBA.2នេះចម្លងលឿនជាងអូមីក្រុងដើមនិងកំពុងចម្លងច្រើននៅទីក្រុងហូជីមិញ។វាត្រូវបានគេដាក់ឈ្មោះថាអូមីក្រុងបំបាំងកាយដោយសារនៅពេលគេរកឃើញនរណាម្នាក់វិជ្ជមានកូវីដ១៩តាមរយៈការពិនិត្យម៉ាស៊ីនធំPCR គេមិនអាចដឹងថាជាប្រភេទអូមីក្រុងភ្លាមទេដោយសារខ្វះហ្សែនមួយ។
យោងតាមអង្គការសុខភាពពិភពលោក លោកធឿងបាននិយាយថា វ៉ាក់សាំងកូវីដ១៩មានបច្ចុប្បន្ននៅតែអាចការពារអ្នកចាក់ទល់នឹងវីរុសអូមីក្រុងBA.2តែមិនគ្រប់គ្រាន់ដើម្បីកាពារមិនអោយឆ្លងបានទេ ដូច្នេះត្រូវបន្តចាក់វ៉ាក់សាំង។
ការសិក្សាលើសកលលោកបង្ហាញថា អូមីក្រុងបំប្លែងខ្លួនBA.2មិនបង្ករោគសញ្ញាធ្ងន់ជាងអូមីក្រុងBA.1ទេ តែឆ្លងខ្លាំងជាង។
តែរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃ១ដល់៧មីនា ទីក្រុងភាគខាងត្បូងនេះបានរកឃើញអ្នកឆ្លងថ្មីប្រមាណ៣៧.៥០០នាក់នៅតាមសាលារៀន ដោយកើនមួយជាពីរធៀបនឹងចំនួនឆ្លងកាលពីមួយសប្តាហ៍មុន។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធវៀតណាមជួបការឆ្លងកូវីដ១៩ខ្ពស់បំផុតមិនដែលមានគឺ២៦៥.១៤៣នាក់នៅ៦៣ខេត្តក្រុងនិង២១៨.៤៤៤នាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍ទី១០មីនា។
អ្នកជំងឺកូវីដ១៩ចំនួន៧១នាក់ទៀតក៏បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំអោយប្រទេសនេះមានអ្នកស្លាប់ដោយកូវីដ១៩ឡើងដល់៤១.១៥៧នាក់ ក្នុងចំណោមអ្នកកើតកូវីដសរុប ជាង៥,២៥លាននាក់ចាប់តាំងពីដើមឆ្នាំ២០២០មក៕
វៀតណាមនៅសល់អ្នកជំងឺកូវីដធ្ងន់ធ្ងរជាង៤.០០០នាក់