ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ទី១០មីនា អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីសបានទទួលយកការអំពាវនាវឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិលើប្រទេសរុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលើកឡើងពី “ភាពឃោរឃៅ” នៃការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភពផងដែរ។
ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក អង់ដ្រេ ឌូចា (Andrzej Duda) ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាសូវី ទីដែលលោកស្រីកំពុងបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះសម្ពន្ធមិត្តភាគខាងកើតរបស់ណាតូ លោកស្រីហារីសបានសម្តែងការខឹងសម្បាចំពោះការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យសម្ភពកាលពីថ្ងៃពុធនិងឈុតឆាកនៃស្ត្រីមានផ្ទៃពោះហូរឈាមត្រូវបានជម្លៀសក៏ដូចជាការវាយប្រហារផ្សេងៗទៀតលើជនស៊ីវិល។ លោកស្រីមិនបានចោទប្រកាន់រុស្ស៊ីដោយផ្ទាល់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។
លោកស្រីហារីនិយាយថា “ពិតជាគួរតែមានការស៊ើបអង្កេត ហើយយើងទាំងអស់គ្នាគួរតែតាមដានមើល”ដោយកត់សម្គាល់ថាអង្គការសហប្រជាជាតិបានចាប់ផ្តើមដំណើរការពិនិត្យការចោទប្រកាន់នេះរួចហើយ។ លោកស្រីបន្តថា “ខ្ញុំគ្មានសំណួរទេដែលថាក្រសែភ្នែករបស់ពិភពលោកកំពុងមើលលើសង្គ្រាមនេះ និងអ្វីដែលរុស្ស៊ីបានធ្វើទាក់ទងនឹងការឈ្លានពាននិងអំពើឃោរឃៅទាំងនេះ”។
ដំណើរទស្សនកិច្ចរបស់លោកស្រីហារីសទៅកាន់ប្រទេសប៉ូឡូញបានកើតឡើងចំពេលមានការខ្វែងគំនិតគ្នារវាងទីក្រុងវ៉ាសូវីនិងទីក្រុងវ៉ាស៊ីនតោនជុំវិញសំណើរបស់ប៉ូឡូញដើម្បីបញ្ជូនយន្តហោះចម្បាំងដែលផលិតដោយសូវៀតរបស់ខ្លួនទៅកាន់មូលដ្ឋានទ័ពអាម៉េរិកនិងអង្គការណាតូក្នុងប្រទេសអាល្លឺម៉ង់ ដូច្នេះពួកគេអាចបញ្ជូនវាទៅអ៊ុយក្រែនបាន។ជំនួសមកវិញ ប៉ូឡូញនឹងទទួលយកយន្តហោះ F-16របស់អាម៉េរិក។
ប៉ូឡូញបានលើកសំណើនេះជាសាធារណៈដោយមិនមានការពិគ្រោះជាមួយសហរដ្ឋអាម៉េរិកជាមុន។ ខណៈដែលលោកស្រីហារីសបានទៅដល់ទីក្រុងវ៉ាសូវីកាលពីល្ងាចថ្ងៃពុធ មន្ទីរបញ្ចកោណបានច្រានចោលទាំងស្រុងនូវគំនិតនេះ ដោយនិយាយថា វានឹងប្រថុយកើតហានិភ័យសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែធំឡើង។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទាំងលោកស្រីហារីសនិងលោកឌូដាបានស្វែងរកការលុបបំបាត់ការខ្វែងគំនិតគ្នាលើបញ្ហាយន្តហោះចម្បាំង៕
លោកស្រីហារីសបានទៅដល់ទីក្រុងវ៉ាសូវីកាលពីល្ងាចថ្ងៃពុធ