ដោយៈ ជា សីហៈ/ភ្នំពេញៈ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក បាប្លូ កាង ( Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក រដ្ឋមន្ដ្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្ម អាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា និងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។
បន្ថែមពីនេះ លោក រដ្ឋមន្ដ្រី ក៏បានបានជម្រាបផងដែរអំពី វឌ្ឍនភាពនៃដំណើរការ ស្នើសុំចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត (Timor-Leste)។
ជាការឆ្លើយតប លោក ឯកអគ្គរាជទូត បានបង្ហាញការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលអាទិភាព សេដ្ឋកិច្ច្កម្ពុជាបានស្នើឡើង ដែលបានឆ្លុះបញ្ចាំង អំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេស ឯកឧត្តម បានចាត់ទុកការ បញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ជាកិច្ចការ អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោក ឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អូស្ត្រាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅសម្រេចបាននូវសមិទ្ធផលអាទិភាព កម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយ បរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះ លោក ឯកអគ្គរាជទូត បានជម្រាបជូនអំពីវឌ្ឍនភាពដ៏ល្អ ប្រសើរក្នុងកិច្ចសហប្រតិបត្តិលើវិស័យការប្រកួតប្រជែង និងកិច្ចការពារអ្នក ប្រើប្រាស់ ដែលក្នុងនោះ អូស្ត្រាលី នឹងបន្តគាំទ្រដល់កិច្ចការកសាងសមត្ថភាព និងបច្ចេកទេសដល់មន្ត្រីក្រសួងពាណិជ្ជកម្ម លើកិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ព្រោះវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់ដល់ការធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានកតស់ម្គាល់លើការរីកចម្រើននៃពាណិជ្ជកម្ម ទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញ លើគ្រប់ វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕/PC