ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងប្រតិភូខេត្តបន្ទាយ មានជ័យ ប្រទេសកម្ពុជា និងប្រតិភូខេត្តស្រះកែវ ប្រទេសថៃ ស្តីពីគម្រោងបើកបណ្តោះអាសន្ន ការដឹកជញ្ជូនទំនិញ តាមរថយន្តធុនធ្ងន់ តាមច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន កាលពីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ ទីស្នាក់ការគយថៃ ច្រកទ្វារអន្តរ ជាតិ ខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត នោះ ភាគីទាំងពីរ នៅមិនទាន់ច្បាស់លាស់ ថានៅពេលណានៅឡើយ។
កិច្ចប្រជុំទ្វេភាគី រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ នេះដឹកនាំដោយសហប្រធាន នៃកិច្ចប្រជុំ គឺលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក រីនប៉ៈយ៉ា ពោធិ៍សាត់ ប៉ាក់រិនញ៉ា ពោធីសាធ (Parinya Phothisat) អភិបាលខេត្តស្រះកែវ ថៃ ។
មន្ត្រីសមភាគីទាំងពីរ ដែលចូលរួមមាន មេបញ្ជាការ ស្នងការនៃកងកម្លាំង អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងច្រកស្ទឹងបត់។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ដូចលើកមុនៗដែរ នៅលើកនេះ នាថ្ងៃនេះ គឺសមភាគីថៃ នៅតែជាអ្នកអញ្ជើញ និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ។ បំណងនៃកិច្ច ប្រជុំ គឺដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពចាស់ រវាងខេត្តទាំង២ , ការផ្លាស់ប្តូរព័ត៌មានគ្នា ,កិច្ចពិភាក្សាលើការស្នើបើកដំណើរការ ជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ -ណងអៀន ជាច្រកសម្រាប់ដឹកជញ្ជូន ធុនធ្ងន់ ទំនិញចេញចូល ។ ពោលគឺ ភាគីទាំងពីរ បាននឹងកំពុងដំណើរការ កសាងអគារ ការិយាល័យរដ្ឋបាលការងារ នៃខេត្ត របស់ប្រទេស ទាំងពីរ។
មកទល់ពេលនេះ អគាររដ្ឋបាលខាងកម្ពុជា សម្រេចសាងសង់ បានត្រឹមតែ ៤០% នៅឡើយ។
ឯភាគីខាងថៃ សាងសង់អគាររដ្ឋបាល សម្រេចបាន ៩០ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍន ភាព និងលទ្ធភាព ធ្វើការពិភាក្សា ដើម្បីបើកដំណើរការ ជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញ ចេញចូល។
សហប្រធាន នៃកិច្ចប្រជុំ បានបន្តថាៈ “ដូចឃើញស្រាប់ហើយ។ ជាលទ្ធផល នៃកិច្ចប្រជុំ មិនទាន់មានការសម្រេចថា បើកឲ្យដំណើរការ ថ្ងៃណា ពេលណានោះទេ? ត្រូវរង់ចាំ គោលការណ៍ រាជរដ្ឋាភិបាល នៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាល សម្រាប់មន្ត្រីជំនាញ បំពេញការងាររួចរាល់ ក្នុងកម្រិតណាមួយសិន “៕/V