ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក វ្ល៉ាឌីមៀរ ពូទីន បានបណ្តេញក្រុមឧត្តមសេនីយ៍កំពូលរបស់គាត់ ហើយខឹងសម្បាយ៉ាងខ្លាំងចំពោះទីភ្នាក់ងារចារកម្ម FSBបន្ទាប់ពីបរាជ័យក្នុងការស៊ើបការណ៍សម្ងាត់និងយុទ្ធសាស្ត្រមិនល្អ ដែលបណ្តាលអោយកងទ័ពរបស់គាត់រងបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃបើកឆាកដំបូងនៃសង្គ្រាមនៅអ៊ុយក្រែន។
លោក អូឡេកស៊ី ដានីឡូវ (Oleksiy Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អ៊ុយក្រែនបាននិយាយថា “មេបញ្ជាការរុស្ស៊ីប្រហែលប្រាំបីនាក់”ត្រូវបានបណ្តេញចេញចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ខណៈដែលទីក្រុងមូស្គូកំពុងព្យាយាមផ្លាស់ប្តូរយុទ្ធសាស្ត្របន្ទាប់ពីការប៉ុនប៉ងវាយលុក “ដ៏ភ្ញាក់ផ្អើលនិងរន្ធត់” បានបរាជ័យ។
លោកពូទីនក៏ត្រូវគេនិយាយដែរថាមានការខឹងសម្បានឹងពួកមេបញ្ជាការនៃសេវាសន្តិសុខ FSB ដែលលោកធ្លាប់ដឹកនាំ សម្រាប់ការផ្តល់ឱ្យគាត់នូវព័ត៌មានចារកម្ម ដែលបង្ហាញថា អ៊ុយក្រែនទន់ខ្សោយ ពោរពេញដោយពួកពុករលួយបែបណាស៊ីនិយម ហើយនឹងចុះចាញ់យ៉ាងងាយ ប្រសិនបើរងការវាយប្រហារ។
លោក ហ្វីលីព អ៊ីនក្រាម (Philip Ingram)ជាអ្នកជំនាញសន្តិសុខនិងជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់អង់គ្លេសជាន់ខ្ពស់ បានប្រាប់កាសែត The Times ថា លោកពូទីនច្បាស់ជាខឹងខ្លាំងណាស់ ហើយកំពុងបន្ទោសភ្នាក់ងារចារកម្មរបស់គាត់។
លោកបាននិយាយថា “គាត់បានស្តីបន្ទោសពួកគេចំពោះការផ្តល់ដំបូន្មានដល់គាត់ ដែលនាំឱ្យមានការសម្រេចចិត្តមិនល្អនៅអ៊ុយក្រែន”។
ការសម្រេចចិត្តមិនល្អនេះបាននាំឱ្យរុស្ស៊ីទទួលរងនូវការស្លាប់និងរបួសច្រើនជាងការរំពឹងទុកនៅក្នុងការវាយប្រហាររបស់ខ្លួន ដែលឥឡូវនេះបានបន្តអស់រយៈពេលពីរសប្តាហ៍។
វាហាក់បីដូចជាទីក្រុងមូស្គូបានប្រមើលមើលឃើញការតស៊ូតិចតួចនៅពេលដែលខ្លួនបានបញ្ជូនកងកម្លាំងកម្រិតស្រាលដែលគាំទ្រដោយការវាយប្រហារតាមអាកាសដើម្បីដណ្តើមយកគោលដៅសំខាន់ៗក្នុងអំឡុងថ្ងៃបើកឆាក ប៉ុន្តែត្រូវបានវាយបកវិញយ៉ាងចាស់ដៃពីសំណាក់អ៊ុយក្រែន។
ចំនួនស្លាប់ដែលអាចទុកចិត្តបានគឺពិបាករកបានណាស់ ប៉ុន្តែអ៊ុយក្រែនជឿថារុស្ស៊ីបានបាត់បង់ទាហានរហូតដល់ ១២.០០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍។ ចារកម្មអឺរ៉ុបដាក់ចំនួនស្លាប់ទាបជាងនេះ គឺ ចន្លោះពី ៦.០០០ ទៅ ៩.០០០ នាក់ ហើយសហរដ្ឋអាម៉េរិកដាក់ចំនួនស្លាប់ទាបជាងនេះទៅទៀតគឺត្រឹម ៣.០០០ នាក់៕
លោកពូទីនបណ្តេញមេបញ្ជាការប្រហែលប្រាំបីនាក់ ដោយសារវាយមិនឈ្នះអ៊ុយក្រែន