ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការបញ្ចេញ “ព័ត៌មានក្លែងក្លាយ”បន្ទាប់ពីអះអាងថាស្ត្រីមានផ្ទៃពោះម្នាក់ដែលនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យក្រុងម៉ារីវប៉ូល គឺជាអ្នកសរសេរប្លុកកែសម្ផស្ស ខណៈវិមានក្រឹមឡាំងព្យាយាមបដិសេធយ៉ាងខ្លាំងចំពោះការវាយប្រហារម្តាយនិងកូនៗរបស់ពួកគេ។
រដ្ឋមន្ត្រីវប្បធម៌អង់គ្លេសលោកស្រី ណាឌីន ដូរី (Nadine Dorries) បានថ្កោលទោសការបង្ហោះព័ត៌មានក្លែងក្លាយលើ Twitter របស់ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ដែលបានកំណត់អត្តសញ្ញាណអ្នកជំងឺហូរឈាមដាបដែលឃើញជម្លៀសចេញពីមន្ទីរពេទ្យសម្ភពក្រុងម៉ារីវប៉ូលកាលពីល្ងាចថ្ងៃពុធថាជានាង “ម៉ារីយ៉ានណា” (Marianna) ជាអ្នកសរសេរប្លុកសម្រស់មកពីទីក្រុងនេះ។
Tweet ដែលត្រូវបានលុបចេញដោយសារវាបានរំលោភលើ “គោលការណ៍ណែនាំសហគមន៍” របស់ Twitter បានអះអាងថា អ្នកសរសេរប្លុកនេះ “បានដើរតួ” ជាជនរងគ្រោះពីរនាក់ក្នុងរូបថតដែលខ្លួននិយាយថាត្រូវបានថតដោយ “អ្នកឃោសនាការ” ដែលតាមពិតជាអ្នកថតរូបគួរឱ្យគោរពរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
រឿងនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវ បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរពេទ្យគឺជា “គោលដៅស្របច្បាប់”ពីព្រោះមិនមានអ្នកជំងឺនៅក្នុងនោះទេនៅពេលមានការវាយប្រហារ ហើយវាត្រូវបានគ្រប់គ្រងដោយ “ពួកជ្រុលនិយម” មកពីកងពលតូចអាហ្សូវ (Azov) ដែលកំពុងការពារទីក្រុង។
រូបភាពនិងវីដេអូពីកន្លែងកើតហេតុបានបង្ហាញយ៉ាងច្បាស់ថា ស្ត្រីមានផ្ទៃពោះរងរបួសជាច្រើននាក់ត្រូវបានយកចេញពីមន្ទីរពេទ្យ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ៊ុយក្រែនបាននិយាយថា មនុស្សបីនាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ ខណៈដែលមនុស្ស ១៧ នាក់ផ្សេងទៀតរួមទាំងបុគ្គលិកមន្ទីរពេទ្យបានរងរបួស។
នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោកឡាវរ៉ូវបានអះអាងថា រុស្ស៊ី “មិនដែលវាយប្រហារអ៊ុយក្រែនទេ” ហើយបានពន្លះការរិះគន់ជាអន្តរជាតិជុំវិញការវាយប្រហារមន្ទីរពេទ្យថា “គួរឱ្យអាណិត”។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានពណ៌នាការទម្លាក់គ្រាប់បែកថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានហៅវាថា “ថោកទាប” ។
លោកឡាវរ៉ូវបាននិយាយពន្លះបែបនេះចំពេលមានព័ត៌មានមិនពិតមួយចំនួនពីវិមានក្រឹមឡាំងក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះក្នុងគោលបំណងបង្ហាញហេតុផលត្រឹមត្រូវនៃការសម្រេចចិត្តរបស់លោកពូទីនក្នុងការលុកលុយអ៊ុយក្រែន ខណៈកំពុងព្យាយាមកាត់បន្ថយឬសម្រាលតួនាទីរបស់រុស្ស៊ីជាអ្នកបង្កជម្លោះ៕
ស្ត្រីមានផ្ទៃពោះរងរបួសរូបនេះត្រូវរុស្ស៊ីចោទថាជាអ្នកផាត់មុខឈ្មោះ ម៉ារីយ៉ានណា