ដោយៈ គង់ហេង/ កំពង់ចាមៈ ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ធ្វើដំណើរលើ ផ្លូវកៅស៊ូ លេខ ២៧០ តាមបណ្តោយមាត់ទន្លេមេគង្គ នឹងទៅដល់វត្តកងត្រង់ណឹង ឋិតក្នុងឃុំ កងតាណឹង ស្រុកកងមាស ដែលជាវត្តចំណាស់មួយ បានកកើតតាំង ពីសម័យលង្វែក។
នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងមតិស្វាគមន៍ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ក្នុងពេលថ្មីៗ កន្លងទៅនេះ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថាៈ ប្រវត្តិកងត្រង់ណឹង ជាវត្តមួយ បានកកើតតាំងពីសម័យលង្វែក គឺនៅតំបន់នេះ (វត្តកងត្រង់ណឹង) មានមនុស្សមករស់នៅ ដំបូងច្រើន តែជាអ្នកភៀសខ្លួន មកពីតំបន់ផ្សេងៗ ដោយភ័យខ្លាចចម្បាំងរាំងជល់ ហើយបានកសាងវត្ត នៅចម្ងាយ ១.០០០ ម៉ែត្រ ពីវត្តកងត្រង់ណឹង សព្វថ្ងៃនេះ ដែលបច្ចុប្បន្ន អ្នកស្រុកនិយមហៅវត្តចាស់។
លោកបានបន្ថែមថាៈ ក្រោយមក ដោយមានការធ្វើទុក្ខបុកម្នេញ ពីកងសត្រូវ ដែលចូលលុក លុយប្រទេសកាលនោះ អ្នកស្រុក បានរើភូមិ មកតាំងទីលំនៅ តាមដីដុះមាត់ទន្លេ ដែលជា កន្លែង រស់នៅសព្វ។ នៅដើមសតវត្សរ៍ទី១៩ ពេលអ្នកស្រុក និងព្រះសង្ឃ មកតាំងនៅកន្លែង វត្តកងត្រង់ណឹង បច្ចុប្បន្ននេះ ហើយក៏គង់ និងរស់នៅ រហូតដល់ឆ្នាំ១៩៧៥។ ដោយព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានកសាងព្រះវិហារចំនួន ពីរ នៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ហើយក៏ត្រូវបានរុះរើសង់ថ្មី នៅដើមសតវត្សរ៍ទី២០ ដឹកនាំដោយ ចៅអធិការវត្តកងត្រង់ណឹង ព្រះនាម ព្រហ្ម អ៊ូ ព្រមទាំងមានកសាងសាលាពុទ្ធិក សាលាបឋមសិក្សា ជាច្រើនទៀត។
លោកបានបន្តថាៈ ប៉ុន្តែនៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩ សមិទ្ធផល ក្នុងវត្តនេះទាំងអស់ ត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់។ ដូច្នេះនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានចាប់ផ្តើមកាសាង វត្តកងត្រង់ណឹង ឡើងវិញ។
ភិក្ខុ ចយ ម៉េងហ៊ាន់ ជាចៅអធិការវត្តកងត្រង់ណឹង បានមានដីកា នៅថ្ងៃទី ១០ មីនា ម្សិលមិញថាៈ ការដែលយើងអាចបញ្ជាក់ ជាវត្តកងត្រង់ណឹង ឬវត្តចាស់ បានកសាង តាំងពីសម័យលង្វែក មានភស្តុតាង ចំនួន ពីរ គឺមានបន្សល់ទុក ប្រភេទថ្មបាយក្រៀមច្រើនដុំ ហើយលោកប្រមូលរើសបាន ចំនួន បី ដុំ យកមករក្សាទុក នៅវត្តកងត្រង់ណឹង បច្ចុប្បន្ន ដែលគង់ នៅសព្វថ្ងៃ។
លោកចៅអធិការ ដែលមានព្រះជន្ម ៣៣ ឆ្នាំ និងបានបួសរៀន នៅវត្តកងត្រង់ណឹង រយៈពេល ១៨ វស្សា បានដីកាបន្តថាៈ ភស្តុតាងមួយទៀត ជាទីតាំងនៃវត្តចាស់ ឋិតនៅឃ្លាតពីវត្តកង ត្រង់ណឹង បច្ចុប្បន្ន ប្រមាណមួយគីឡូម៉ែត្រ ប៉ុន្តែត្រូវបានបោះបង់ចោល យូរឆ្នាំហើយ ទើបនៅក្នុងកំឡុងឆ្នាំ ២០១៤-២០១៥ ត្រូវបានចៅអធិការវត្ត មុនលោក ពេជ្រ សុភាព ចាប់ផ្តើមកសាងជាមេន, សាលាឆាន់ និងជាចេតិយរួមមួយ នៅទីនោះ៕/V