ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ Chelsea កំពុងស្ថិតក្នុងភាពចលាចល បន្ទាប់ពីម្ចាស់ក្លិបលោក រ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich)ត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេសជុំវិញទំនាក់ទំនងរបស់គាត់ជាមួយលោកវ្ល៉ាឌីមៀរ ពូទីន ដែលធ្វើឱ្យអនាគតរបស់ក្លិបស្ថិតក្នុងមន្ទិល។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ទី១០មីនាមានន័យថាមហាសេដ្ឋីដែលមានដើមកំណើតនៅរុស្ស៊ីរូបនេះមិនអាចជំរុញការលក់ក្លិបបានទេ។
ទោះយ៉ាងណា Chelsea អាចស្នើសុំការកាន់កាប់ពិសេស ដែលនឹងត្រូវបានពិចារណាប្រសិនបើរដ្ឋាភិបាលមើលឃើញការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិផ្តល់ជាប្រយោជន៍ដល់ក្លិបក្នុងករណីវាមិនផ្តល់ផលប្រយោជន៍ដល់លោកអាប្រាម៉ូវិច។
ក្នុងសេណារីយ៉ូនោះ វាទំនងជារដ្ឋាភិបាលនឹងគ្រប់គ្រងការលក់ ហើយប្រាក់ចំណូលនឹងត្រូវបង្កក ឬ ចូលទៅក្នុងមូលនិធិសប្បុរសធម៌ ដែលអាចផ្តល់ទៅជនរងគ្រោះដោយសារសង្គ្រាមនៅអ៊ុយក្រែន។
នោះធ្វើឱ្យលោកអាប្រាម៉ូវិចមានជម្រើសពីរប៉ុណ្ណោះ គឺ យល់ព្រមតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលនិងបាត់បង់ក្លិបដោយគ្មានបានមួយសេន ឬ មិនអ៊ីចឹងទុកឱ្យ Chelsea ដួលរលំសន្សឹមៗ។
វាទំនងជាមហាសេដ្ឋីរុស្ស៊ីនឹងសម្រេចចិត្តលក់ដើម្បីការពារអនាគតរបស់ក្លិប បើទោះបីជានោះមានន័យថាគាត់មិនបានទទួលប្រាក់សូម្បីមួយកាក់មួយសេនសម្រាប់ទ្រព្យសកម្ម ដែលគាត់ចង់លក់ក្នុងតម្លៃ ៣ ពាន់លានផោនកាលពីសប្តាហ៍មុនក៏ដោយ។
ភាគីមួយចំនួននៅតែចង់ទិញក្លិបតោខៀវ រួមទាំងមហាសេដ្ឋីអចលនទ្រព្យអង់គ្លេសលោក នីក ខេនឌី (Nick Candy)ដែលការប៉ុនប៉ងរបស់គាត់ដើម្បីទិញ Chelseaត្រូវបានបង្ហាញដោយវេបសាយ Sportsmail នៅដើមសប្តាហ៍នេះ។
Chelsea បានធ្វើការពិភាក្សាកាលពីយប់ថ្ងៃព្រហស្បតិ៍ជាមួយរដ្ឋាភិបាលចំពេលមានការព្រួយបារម្ភថាពួកគេនឹងមិនអាចបញ្ចប់យុទ្ធនាការប្រកួតរដូវកាលនេះបាន។
ក្រុមមន្ត្រីរបស់ក្រុមតោខៀវបានស្នើឱ្យមានការកែប្រែចំពោះអាជ្ញាប័ណ្ណដែលបានចេញ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការបន្ត។
ក្រោមការរឹតបន្តឹងយ៉ាងទូលំទូលាយ Chelsea ត្រូវបានហាមមិនឱ្យលក់សំបុត្រប្រកួត បង្ខំឱ្យបិទហាងរបស់ក្លិប និងរារាំងមិនឱ្យទទួលការកក់សណ្ឋាគារ Stamford Bridge ។
ពួកគេត្រូវបានប្រាប់ថា ពួកគេមិនអាចទិញឬលក់កីឡាករឬផ្តល់កិច្ចសន្យាថ្មីបានទៀតទេ ហើយត្រូវបានដាក់កំហិតលើការចំណាយអតិបរមា ២០.០០០ ផោនសម្រាប់ការធ្វើដំណើរទៅប្រកួតក្រៅដី។
ពួកគេត្រូវបានជូនដំណឹងថាពួកគេអាចចំណាយក្នុងខ្ទង់ “សមរម្យ” សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងទឹកដី “មិនឱ្យលើសពី ៥០០.០០០ ផោនក្នុងមួយការប្រកួតក្នុងមួយក្រុម”។
Chelsea នឹងនៅតែអាចទទួលបានលុយពីការផ្សាយតាមកញ្ចក់ទូរទស្សន៍និងលុយរង្វាន់ ប៉ុន្តែលុយទាំងនោះនឹងត្រូវបង្កក។ បុគ្គលិកនិងកីឡាករនឹងបន្តទទួលបានប្រាក់បៀវត្សរ៍ដដែល។
ក្រុមហ៊ុន Nike អាចនឹងផ្តាច់ការឧបត្ថម្ភតម្លៃ ៩០០ លានផោន ក្រោយក្រុមហ៊ុន Three UK បានព្យួរកិច្ចព្រមព្រៀងតម្លៃ ៤០ លានផោនក្នុងមួយឆ្នាំជាមួយតោខៀវ Chelsea៕
Chelsea កំពុងជ្រួលច្របល់ ក្រោយអង់គ្លេសដាក់ទណ្ឌកម្មលើលោកអាប្រាម៉ូវិច