ដោយៈសុផានីតា/កោះកុងៈ ការគ្រប់គ្រងសំណល់សំរាមរឹងរាវនៅលើកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ នឹងលែងជួបបញ្ហាចោទទៀតហើយ ខណៈក្រសួងបរិស្ថានផ្តល់ជាយានជំនិះដឹកជញ្ចូន និងឡដុតដោយអាជ្ញាធរស្រុកកំពុងតម្លើងលើទីលានចោលសំរាម ហើយថែមទាំងរៀបចំឱ្យមានអ្នកវិនិយោគប្រមូលដឹកជញ្ចូនយកទៅទីលានសំរាមទៀតផង។ នេះបើតាមលោកចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ ឱ្យដឹងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
លោក ចេង មុនីរិទ្ធ ជឿជាក់ថា មូលដ្ឋានលើកោះស្តេច នឹងជំនួសមកនូវសោភណ្ឌភាពបិរស្ថានល្អស្អាតដ៏ទាក់ទាញមួយខាងផ្នែកវិស័យទេសចរណ៍ សុខុមរមនា ព្រមទាំងមានសុខភាពមាំមួនឈ្នះនឹងជំងឺផ្សេងៗដែលកកើតចេញពីវិបត្តិសំរាម។ អាជ្ញាធរស្រុកក៏ថ្លែងអំណរអរគុណដល់ក្រសួងបរិស្ថាន ដែលយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលផ្តល់ជាឡដុតសំរាម និងមធ្យោបាយដឹកជញ្ជូនមកដល់មូលដ្ឋានឃុំកោះស្តេច។
លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលមានឡដុតសំរាមហើយ លោកនឹងប្រជុំជាមួយដៃគូក្រុមហ៊ុនវិនិយោគកំណត់ថ្លៃសេវាប្រមូលសំរាមតាមខ្នងពលរដ្ឋ ដោយឱ្យពួកគាត់ចូលរួមបង់វិភាគទានថ្លៃដឹកជញ្ចូនសំរាមទៅចោលទីលានសំរាមមានផ្ទៃដីប្រមាណ២ពាន់ម៉ែត្រការ៉េ ពីព្រោះការធ្វើបែបនេះ ដើម្បីរក្សានិរន្តរភាពគ្រប់គ្រងសំរាមនៅលើកោះស្តេចប្រកបដោយប្រសិទ្ធភាពទៅថ្ងៃអនាគត៕