ដោយៈប.ខុន/ភ្នំពេញៈក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា)គ្រុប ឯ.ក Prince Real Estate Cambodia Group Co LTD បានឧបត្ថម្ភថវិកាចំនួន ៥៨.៦៥៥ដុល្លាអាមេរិក ដើម្បីចូលរួមការងារមនុស្សនិងការងារអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ។
នៅក្នុងឱកាស ដែលលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកស្ទីវីន វ៉េង (Steven Wang) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក (Prince Real Estate Cambodia Group Co LTD) ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកស្ទីវវីន វ៉េង (Steven Wang) បានជម្រាបជូនលោកអភិបាលខេត្តថា ក្នុងនាមអ្នកវិនិយោគ គឺក្រុមហ៊ុនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍ ព្រមទាំងបានស្នើសុំដល់លោកអភិបាលឱ្យជួយគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក នៅលើទឹកដីនៃខេត្តព្រះសីហនុ ជាពិសេសលើវិស័យអចលនទ្រព្យ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ដែលតែងតែចូលរួមការងារមនុស្សធម៌ ជាមួយរដ្ឋបាលខេត្ត ជាពិសេសក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគលើគម្រោងជាច្រើននៅខេត្តព្រះសីហនុ និងសូមជូនពរឱ្យក្រុមហ៊ុនបន្តការអភិវឌ្ឍឱ្យទទួលបានជោគជ័យបន្តទៀត។
ថវិកាបានមកពីការឧបត្តម្ភរបស់ក្រុមហ៊ុនខាងលើត្រូវបានរដ្ឋបាលខេត្តដាក់ចូលទៅក្នុងគម្រោងអ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើលើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) ចាប់ពីចំណុចខាងមុខព្រះរាជដំណាក់ ដល់មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕