លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានទទួលជួបប្រជុំពិភាក្សាតាម ប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn)អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ ។ ជំនួបនេះបានកើតឡើងរយៈពេលមួយម៉ោងកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នៅសាលប្រជុំគ.ជ.ប។
យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប. បានបញ្ជាក់ថា បន្ទាប់ពីបានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. រួចមក លោក វិទិត មុនតាប៊ន បានស្នើសុំការបកស្រាយពីភាគី គ.ជ.ប.ទៅលើបញ្ហាចំនួនប្រាំចំណុចក្នុងនោះ៖
១- គោលការណ៍តម្លាភាព ដែលធានាឱ្យការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ២-ការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកក្នុងដំណើរការរៀបចំការបោះឆ្នោត ៣- ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិក្នុងដំណើរ ការរៀបចំការបោះឆ្នោត ៤- ការទទួល និងដោះស្រាយបណ្ដឹងដោយតម្លាភាពនិងទី៥- ការបង្កើតការិយាល័យ បោះឆ្នោតនៅក្រៅប្រទេស ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះបានបោះឆ្នោត។